ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែកញ្ញា នេះ​លោក ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ហៅ​លោក ចាន់ ពៅ ជា​អធិការរង ខណ្ឌឫស្សីកែវ ទទួល​ផ្នែក​សេនាធិការ មក​សាកសួរ ករណី​គំរាម​សម្លាប់​នាយ​ផ្នែក​ចរាចរណ៍​ម្នាក់ នៅ​ខណ្ឌឫស្សីកែវ ។

លោក ចាន់ ពៅ អធិការរង​ខណ្ឌឫស្សីកែវ អាច​ត្រូវ​រង​នូវ​ពិន័យ​ខាង​កងកម្លាំង និង​អាច​ប្រឈម​ការ​ផ្អាក​ការងារ​ផង​ដែរ បើសិន​រក​ឃើញ​កំហុស ។

សូម​ជម្រាប​ថា ករណី​គំរាម​សម្លាប់​ខាងលើ លោក ចាន់ ពៅ បាន​ផ្ញើ​សារ​ជា​សំឡេង គំរាម​សម្លាប់​ឈ្មោះ លី រ៉ូ​ហ្សា​ត នាយ​ផ្នែក​ចរាចរណ៍ ខណ្ឌឫស្សីកែវ ដោយសារ​តែ​រឿង​មិន​ព្រម​ដោះ​លែង​បក្ខពួក​របស់​ខ្លួន​ដែល​ស្រវឹង ហើយ​ត្រូវ​ចាប់​វាស់​ជាតិ​អាល់កុល កាលពី​យប់​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩ កម្លាំង​អធិការដ្ឋាន​នគរបាល ខណ្ឌឫស្សីកែវ បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​ស្រវឹង នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ មុខ​វិទ្យាល័យ​ឫស្សី​កែវ ស្ថិត​ក្នុងភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។

ឧត្តមសេនីយ៍ឯក ស ថេ​ត បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​ពិនិត្យ​មើល​ហើយ ខ្ញុំ​កំពុង​តែ​ហៅ​មក ដើម្បី​ដាក់​ពិន័យ ខាង​កងកម្លាំង ហើយ​បើ​រក​ឃើញ​ថា ពិតជា​មានការ​គំរាម​មែន យើង​ពិនិត្យ​មើល​តាម​នឹង​ទៅ អាច​ផ្អាក​ការងារ មួយ​រយៈ​សិន ហើយ​កំពុង​តែ​ហៅ​មក​ធ្វើការ​» ។

សូម​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​២ កញ្ញា កម្លាំង​អធិការដ្ឋាន​នគរបាល ខណ្ឌឫស្សីកែវ បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​ស្រវឹង នៅ​ចំណុច​ដូច​ខាងលើ បន្ទាប់​ពី​អនុវត្ដន៍ បាន​ប្រហែលជា​កន្លះ​ម៉ោង កម្លាំង​សមត្ថកិច្ច ខណ្ឌឫស្សីកែវ បាន​ពិនិត្យ​ឃើញ អ្នកមាន​ជាតិ​ស្រវឹង លើស​កម្រិត ចំនួន​៣​នាក់ ដែល​ជា​អ្នក​បើក​ម៉ូតូ ក្នុង​នោះ​មាន​ម្នាក់ មិន​បាន​សហការ​ផ្លុំ​ទេ បន្ទាប់​មក កម្លាំង​សមត្ថកិច្ច ក៏​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ស្រាប់តែ​លោក ចាន់ ពៅ អធិការរង រូប​នោះ បាន​ទូរស័ព្ទ​មក​លោកនាយ​ផ្នែក​ចរាចរណ៍ ដោយ​បញ្ជា​អោយ​ដោះ​លែង​មនុស្ស​ម្នាក់ ដែល​មាន​ជាតិ​ស្រវឹង លើស​កម្រិត ក៏​ប៉ុន្ដែ​លោកនាយ​ផ្នែក​បាន​ប្រាប់​ទៅ​វិញ​ថា គាត់​គ្មាន​សិទ្ធិ​ដោះ​លែង​ទេ គាត់​គ្រាន់តែ​ជា​នាយ​ផ្នែក ហើយ​ក៏​អោយ​លោក​អធិការរង រូប​នោះ ទូរស័ព្ទ ទៅ​លោក​អធិការ​ង ទទួល​ផ្នែក​ចរាចរណ៍ ដែល​កំពុង​ដឹកនាំ​ទៅ ។

មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ដែល​លើស​ជាតិ​ស្រវឹង​ម្នាក់​នោះ ត្រូវ​បាន​ដោះ​លែង ។ មិនយូរ​ប៉ុន្មាន​លោក​អធិការរង​រូប​នោះ បាន​ផ្ញើ​សារ​សំឡេង​គំរាម​សម្លាប់​ជា​ច្រើន មក​កាន់​លោកនាយ​ផ្នែក ធ្វើ​អោយ​លោកនាយ​ផ្នែក​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង ។

មហាជន​កំពុង​រង់ចាំ​មើល ចំណាត់ការ​របស់​លោក ស ថេ​ត លើ​លោក ចាន់ ពៅ អធិការរង​ខណ្ឌឫស្សីកែវ ទៅ​ជា​យ៉ាងណា​វិញ ខណៈ​លោកនាយ​ផ្នែក ដែល​ជា​ជន​រង​គ្រោះ​សំណូមពរ​អោយ​ថ្នាក់ដឹកនាំ ជួយ​រក​យុត្តិធម៌ អោយ​រូប​គាត់​ផង ព្រោះ​អធិការរង​ទំនើង​រូប​នេះ គំរាម​សម្លាប់​រូប​គាត់ អោយ​ស្លាប់​ចោល​ប្រពន្ធ​និង​កូន ៕

ភ្ញាក់ផ្អើល! លោកចាន់ ពៅ អធិការរងទទួលផ្នែកសេនាធិការ ខណ្ឌឬស្សីកែវ រងការចោទប្រកាន់ថាបានគំរាមសម្លាប់លោកនាយផ្នែកចរាចរណ៍ ព្រោះតែមិនព្រមដោះលែងអ្នកបើកបរម៉ូតូម្នាក់មានជាតិអាកុល