ភ្នំពេញ៖ មន្រ្តីប៉ូលិសម្នាក់ជាអធិការរងខណ្ឌឬស្សីកែវ ទទួលផ្នែកសេនាធិការ ត្រូវបានមន្រ្តីប៉ូលិសម្នាក់ទៀតជានាយផ្នែកចរាចរណ៍ក្នុងអធិការដ្ឋាននគបាលខណ្ឌឬស្សីកែវ ជាមួយគ្នា ចោទប្រកាន់ថា បានផ្ញើសារគំរាមសម្លាប់គាត់ គ្រាន់តែរឿងបន្តិចបន្តួចសោះ។
លោកអធិការរងដែលរងការចោទប្រកាន់ថាបានគំរាមបាញ់សម្លាប់លោកនាយផ្នែកនោះ ឈ្មោះ ចាន់ ពៅ ជាអធិការរងខណ្ឌឬស្សីកែវ ទទួលផ្នែកសេនាធិការ ។ ចំណែកជនរងគ្រោះ ឈ្មោះលី រ៉ូហ្សាត ជានាយផ្នែកចរាចរណ៍ខណ្ឌឬស្សីកែវ។


ប្រភពព័ត៌មានពីអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា មុនពេលកើតហេតុនៅយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងអធិការដ្ធានខណ្ឌឬស្សីកែវ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង នៅតាមបណ្ដោយផ្លូវជាតិលេខ៥ នៅមុខវិទ្យាល័យឬស្សីកែវ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ឬស្សី ដោយមានលោកស្នងការរង និងលោកអធិការរងម្នាក់ ទទួលផ្នែកចរាចរណ៍ ជាអ្នកដឹកនាំ។ បន្ទាប់ពីធ្វើសកម្មភាពត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង បានប្រហែលជាកន្លះម៉ោង កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ បានពិនិត្យឃើញអ្នកមានជាតិស្រវឹងលើកកម្រិត ចំនួន៣នាក់ដែលជាអ្នកបើកម៉ូតូ តែក្នុងនោះមានម្នាក់មិនបានសហការផ្លុំឧបករណ៍វាស់កម្រឹតជាតិអាកុល កម្លាំងសមត្ថកិច្ចក៏បានបញ្ជូនទៅស្នងការដ្ឋាន ដើម្បីចាត់ការតាមផ្លូវច្បាប់ ។


បន្ទាប់ពីបញ្ជូនអ្នកដែលមានជាតិស្រវឹងលើសទៅស្នងការដ្ឋានបានមួយសន្ទុះ ស្រាប់តែលោកចាន់ ពៅ អធិការរង បានទូរស័ព្ទមកលោកនាយផ្នែក លី រ៉ូហ្សាត ដោយបញ្ជាឲ្យដោះលែងមនុស្សម្នាក់ទៀត ដែលមានជាតិស្រវឹងលើសដែរ ក៏ប៉ុន្ដែលោកនាយផ្នែកបានប្រាប់ទៅវិញថា គាត់គ្មានសិទ្ធិដោះលែងទេ ព្រោះគាត់គ្រាន់តែជានាយផ្នែក ហើយបានឲ្យលោកអធិការរង ចាន់ ពៅ ទូរស័ព្ទទៅលោកអធិការងទទួលផ្នែកចរាចរណ៍ ដែលកំពុងដឹកនាំកម្លាំងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹងនោះ ពេលនោះលោកអធិការរង ចាន់ ពៅ បានបិតទូរស័ព្ទទាំងខឹងយ៉ាងខ្លាំង។ លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញបុរសម្នាក់ដែលមិនបានសហការផ្លុំឧបករណ៍វាស់កម្រឹតជាតិអាកុល ត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននោះ ត្រឡប់មកវិញ។


បន្ទាប់មកទៀត លោកអធិការរងចាន់ ពៅ បានផ្ញើសារសម្លេងគម្រាមសម្លាប់លោកនាយផ្នែក លី រ៉ូហ្សាត ជាច្រើនដង ធ្វើឲ្យលោកនាយផ្នែក មានការភិតភ័យយ៉ាងខ្លាំង ព្រោះអីធ្លាប់ដឹងហើយថា កន្លងមកអធិការរងរូបនេះធ្លាប់បាញ់គំរាមន្ត្រីប៉ូលិស ជាញឹកញាប់រួចមកហើយ គ្មាននណាហ៊ានធ្វើអ្វីលោកអធិការរងរូបនេះឡើយ ហើយសូម្បីតែមន្ត្រីប៉ូលិសជាកូនលោកឧត្តមសេនីយ៍ម្នាក់ដែរនោះផ្កាយ ក៏លោកអធិការរូបនេះហ៊ានបាញ់គម្រាមដែរ។
ករណីនេះ លោកលី រ៉ូហ្សាត នាយផ្នែកចរាចរណ៍ខណ្ឌឬស្សីកែវ ដែលជាជនរងគ្រោះ សំណូមពរឲ្យថ្នាក់ដឹកនាំ ពិសេសសម្ដេចក្រឡាហោម ស ខេង ជួយរកយុទ្ធត្តិធម៌ដល់រូបគាត់ផង ព្រោះអធិការរងរូបនេះបានគម្រាមសម្លាប់រូបគាត់ ឲ្យស្លាប់ចោលប្រពន្ធចោលកូន ។
ទាក់ទងករណីនេះដែរ kbnមិនអាចសុំការបំភ្លឺពីលោកចាន់ ពៅ អធិការរងឬស្សីកែវ ថាជាការពិតឬយ៉ាងណា បាននៅឡើយទេ ៕