ភ្នំពេញ ៖ នៅ​ទីបំផុត​! ក្រោយ​បញ្ចប់​ការ​ស្រាវជ្រាវ​រួច​មក នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩​នេះ មន្ត្រី​សមត្ថកិច្ច​ផ្នែក​អនុវត្ត​ច្បាប់ បាន​​ឃាត់ខ្លួន​មនុស្ស​យ៉ាង​ណាស់​៨​នាក់ ​នៅ​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​ករណី​បង្ខាំង​អ្នកជំងឺ ដើម្បី​ជម្រិត​យក​ប្រាក់​ថ្លៃ​សេវា​ខ្ពស់កប់ពពក ។

ការ​ឃាត់​​ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៨​នាក់ រួម​មាន​លោកស្រី​វេជ្ជបណ្ឌិត សៀង សុគន្ធ ដែល​ជា​ប្រធាន​មន្ទីរពេទ្យ វ៉ិ​ច​តូ​រៀ និង​មនុស្ស​៧​នាក់​ទៀត ជា​គ្រូពេទ្យ និង​បុគ្គលិក​នៅ​មន្ទីរពេទ្យ​នោះ​ បន្ទាប់​ពី​លោក​សាស្ដ្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ចេញ​លិខិត​ប្រកាស​បិទ​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ ជា​ផ្លូវការ​រួច​មក នៅ​ថ្ងៃ​ទី​១៤ មក​រា ២០១៩ នេះ ។

ប្រភព​បាន​បង្ហើប​ថា យ៉ាងណា អាជ្ញាធរ​ខណ្ឌទួលគោក មន្ត្រី​ក្រសួង​សុខា​ភិបាល​ កងកម្លាំង​ចម្រុះ​ដឹកនាំ និង​សម្របសម្រួល​ដោយ​លោក វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុង​តែ​មាន​វត្ត​មាននៅ​ទីតាំង​មន្ទីរពេទ្យ វ៉ិ​ច​តូ​រៀ ដើម្បី​ចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ពាក់ព័ន្ធ​ករណី​បង្ខាំង​អ្នកជំងឺ​ទារប្រាក់​២,០០០​ដុល្លារ ដែល​ជា​តម្លៃ​សេវា វះកាត់​ដុំ​គីស ក្នុង​ស្បូ​តរបស់​ស្ត្រី​អ្នកជំងឺ​ម្នាក់ ។

បើតាម​លិខិតលោករដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះ​ថ្ងៃ​ទី​១៤ មករា ២០១៩ បាន​សម្រេច​បិទទ្វារ​ មន្ទីរពេទ្យ​ វ៉ិ​ច​តូ​រៀ ដែល​មាន​លោកស្រី​វេជ្ជបណ្ឌិត សៀង សុគន្ធ ជា​អ្នក​ទទួលខុសត្រូវ ព្រោះតែ​មន្ទីរពេទ្យ​នេះ​ មិន​គោរព​តាម​លិខិត​បទដ្ឋាន​របស់​ក្រសួងសុខាភិបាល ។

សូម​ជម្រាប​ជូន​ថា ដំបូង​ឡើយ ប្រធាន​គ្រប់គ្រង​មន្ទីរពេទ្យ​មួយ​នេះ គឺ​លោកស្រី សៀង សុគន្ធ មិន​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​នោះ​ទេ ដោយ​ទុក​ឲ្យ​ស្ត្រី​ជា​បុគ្គលិក​ទទួលភ្ញៀវ​២​នាក់ ជា​អ្នក​ជួប​ក្រុម​មន្ត្រី ដោយ​លោកស្រី សៀង និយាយ​ត្រឹម​ថា ពួក​គេ​អត់​ដឹង​រឿង​អ្វី​ទាំងអស់ ។ អស់​រយៈពេល​ជិត​៥​ម៉ោង ដែល​លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌទួលគោក និង​មន្ត្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល ចុះ​មក​ស្រាវជ្រាវ នៅ​មន្ទីរពេទ្យ វ៉ិ​ច​តូ​រៀ តាម​ការ​បញ្ជា​របស់​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ម៉​ម ប៊ុ​ន​ហេង ។

សូម​បញ្ជាក់​ថា មន្ទីរពេទ្យ វ៉ិ​ច​តូ​រៀ មាន​ទីតាំង​នៅផ្ទះ​លេខ​៦១​អា ផ្លូវ​៥៩២ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវ​គ្រួសារ​អ្នកជំងឺ​ធ្វើ​សន្និសីទ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៩​ម្សិលមិញ បន្ទាប់​ពី​គណៈ​គ្រប់គ្រង​មន្ទីរពេទ្យ​នេះ បង្ខាំង​អ្នកជំងឺ ទារប្រាក់​សេវា ២០០០​ដុល្លារ ដែល​គ្រួសារ​អ្នកជំងឺ​យល់​ថា ជា​តម្លៃ​ដែល​មិន​អាច​ទទួលយក​បាន ​។

អត្ថបទពាក់ព័ន្ធ ៖ សម្រេច​បិទ​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ អ្នកគ្រប់គ្រង​ឆ្លើយ​ថា​អត់​ដឹង​! ក្រុម​គ្រូពេទ្យ​គេចខ្លួន​អស់ និង លោក​រដ្ឋមន្ដ្រី ម៉​ម ប៊ុ​ន​ហេង បញ្ជា​ឲ្យ​ក្រុមការងារ​ចុះ​ទៅ​មន្ទីរពេទ្យ វ៉ិ​ច​តូ​រៀ ព្រឹក​នេះ