ភ្នំពេញ ៖ នេះ​ជា​ករណី​មួយ​ដែល​ស្ទើរតែ​មិន​ដែល​កើត​មាន ដោយសារ​កម្លាំង​តម្រួត​បទបញ្ជា បាន​ចាប់​ឃាត់ខ្លួន​មន្ត្រី​នគរបាល​ពាក់​ផ្កាយ​មួយម្នាក់ និង​មន្ត្រី​នគរបាល​ប្រមាណ​៥​នាក់​ទៀត​ក្នុង​ឯកសណ្ឋាន នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៩​នេះ ស្ថិត​នៅ​ផ្លូវ​១០១៩ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​ស​ខ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ព័ត៌មាន បានឱ្យ​ដឹង​ថា នៅ​ប្រហែល​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១០ មក​រា ២០១៩ មន្ត្រី​នគរបាល​ដែល​នៅ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ​ក្រសួងមហាផ្ទៃ ចុះ​ត្រួតពិនិត្យ​ឃ្លាំង​មួយ​កន្លែង​នៅ​តាម​ផ្លូវ​ភ្នំពេញ​ហាណូយ ដែល​មានការ​សង្ស័យ​ថា ដឹក​បារី​ក្លែងក្លាយ ខណៈ​ពេល​ដែល​កម្លាំង​នគរបាល​នៅ​ឈរ​ត្រៀបត្រា​នៅ​ពីមុខ​ទីតាំង ឃ្លាំង​នោះ ក៏​មាន​កម្លាំង​តម្រួត​បទបញ្ជា​សហការ​ជាមួយ​នគ​បាល​ខណ្ឌ​សែន​សុខ ធ្វើការ​ឃាត់ខ្លួន​ឡើង​រថយន្ត​នាំ​យក​ទៅ​សាកសួរ ប៉ុន្តែ​ក្រោយមក ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​ឡើង​វិញ ។

ប្រភព​ដដែល​បញ្ជាក់​ថា មន្ត្រី​នគរបាល​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ មាន​ឧត្តមសេនីយ៍ត្រី ផូ សុផល រួម​ទាំង​មន្ត្រី​នគរបាល​ចំនួន​៥​នាក់​ទៀត ដែល​សរុប​ទាំងអស់​៦​នាក់ ។

ជុំវិញ​ករណី​ឃាត់ខ្លួន​មន្ត្រី​នគរបាល​ខាងលើ​នេះ បើ​តាម​លោក​ឧត្តមសេនីយ៍ទោ ទូច យុ​ទ្ធា អនុប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​ភ្នាក់ងារ​អ្នក​សារព័ត៌មាន​តាម​រយៈ​ទូរស័ព្ទ អោយ​ដឹង​ថា ករណី​នេះ​ជា​ការ​យល់​ច្រឡំ​គ្នា​ទេ ដោយនៅ​មុន​ពេល​កើតហេតុ កម្លាំង​របស់​លោក​ទទួល​បាន​ព័ត៌មាន​ថា មាន​រថយន្ត​ដឹក​បារី​ក្លែងក្លាយ​១​គ្រឿង ចូល​ក្នុង​ឃ្លាំង​ខាងលើ ហើយ​សមត្ថកិច្ច​ក៏​មានការ​ស្ទាក់​ត្រួតពិនិត្យ ស្រាប់តែ​ខាង​ម្ចាស់​បារី​នោះ មិន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច គឺ​មិន​ឱ្យ​មានការ​ត្រួតពិនិត្យ​ទេ ហើយ​ថែម​ទាំង​រាយការណ៍​ទៅ​ខាងលើ ទើប​មន្ត្រី​នគរបាល​ទាំង​៦​នាក់ ដែល​មាន​ទាំង​លោក​ផ្កាយ​១​នោះ​ចុះ​ទៅ​ដោយ​មិន​បាន​សហការ​ជាមួយ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ស្រាប់តែ​មាន​កម្លាំង​តម្រួត​បទបញ្ជា សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ចុះ​ឃាត់ខ្លួន​កូនចៅ​គាត់​តែ​ម្តង ។

ទោះជា​យ៉ាងណា នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាល​ថ្លែងប្រាប់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយ​ថា ការ​ឃាត់ខ្លួន​ពួក​គេ​(​ប៉ូលិស​ផ្នែក​ខាង​ប្រឆាំង​ទំនិញ​ក្លែងក្លាយ​) ដោយសារ​មុន​ដំបូង ពេល​ដែល​ពួក​គេ​ចុះ​ទៅ​នោះ មិន​បាន​សហការ​ជាមួយ​ខាង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​ឲ្យ​ខាង​តម្រួត​បទបញ្ជា ចុះ​ទៅ​ឃាត់ខ្លួន​តែ​ម្តង ប៉ុន្តែ​ក្រោយ​ការ​សួរនាំ ក៏​បាន​ឲ្យ​ត្រឡប់​ទៅ​វិញ​ភ្លាម​ៗ​ផង​ដែរ មិន​មានរឿង​អ្វី​នោះ​ឡើយ ។

មន្ត្រី​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា ពិតជា​មានការ​ឃាត់ខ្លួន​មន្ត្រី​នគរបាល​ទាំងនេះ​មែន ដោយ​ចាប់​ក្រៀក​បញ្ជូន​ឡើង​រថយន្ត​តែ​ម្តង ពី​សំណាក់​តម្រួត​បទបញ្ជា​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ។

ទាក់ទិន​នឹង​ករណី​នេះ​ដែរ មជ្ឈដ្ឋាន​ជា​ច្រើន សម្តែង​ការ​ងឿងឆ្ងល់​ថា តើ​មានរឿង​អ្វី​នៅ​ពីក្រោយ​ខ្នង នៃ​ការ​ឃាត់ខ្លួន​មន្ត្រី​ប៉ូលិស​ទាំង​៦​នាក់​នេះ ផ្អើល​ស្ទើរ​ពេញ​រាជធានី​ភ្នំពេញ បែប​នេះ ?
មុន​នេះ​បន្តិច ប៉ូលិស​ចាប់​ប៉ូលិស ឃាត់ខ្លួន​ទាំង​លោក​ម្នាក់​ពាក់​ផ្កាយ​១ (​វី​ដេ​អូ​)