តារាម៉ូដែលនិងជាបវរកញ្ញា ឆន ស្រីនេត បានបង្ហោះសារមួយនៅលើបណ្តាញសង្គមដោយលើកឡើងពីបទពិសោធន៍ផ្ទាល់ខ្លួនពាក់ព័ន្ធនឹងការជួបអ្នកសិល្បៈរៀមច្បងមួយចំនួន ដែលនាងអះអាងថាមានអាកប្បកិរិយាមិនសូវរាក់ទាក់ អឿកាយ៉យ ចំពោះអ្នកជំនាន់ក្រោយ។ ពីមុនធ្លាប់មានរៀមច្បងមួយចំនួនបានលើកឡើងពីអ្នកជំនាន់ក្រោយដែលមិនសូវគោរព មិនលើកឡើងដៃសំពះរៀមច្បង។ បទពិសោធន៍ទាំងពីរអាចបញ្ជាក់ថាមិនអ្នកសិល្បៈថ្មីឬចាស់ទេគឺអាចជួបប្រទះនូវហេតុការណ៍បែបនេះនៅក្នុងឧស្សាហកម្មកម្សាន្ត។
តាមរយៈសារដែលបានចែករំលែកកាលពីថ្ងៃទី១២ ខែកញ្ញា ឆន ស្រីណេត បានរៀបរាប់ថានៅពេលជួបអ្នកសិល្បៈរៀមច្បង នាងតែងតែសំពះ និងជំរាបសួរ ដើម្បីបង្ហាញការគោរព និងការគួរសម។ ប៉ុន្តែនាងអះអាងថា មានអ្នកខ្លះធ្វើដូចជាមិនបានឃើញ ឬមិនអើពើចំពោះការសំពះជំរាបសួររបស់នាង។ Miss Tourism Cambodia 2022 បានរៀបរាប់ថា ពេលខ្លះនាងបានខំសំពះជិតដល់មុខដោយគិតថាប្រហែលជារៀមច្បងមិនបានឃើញប៉ុន្តែបែរជាមិនមានការឆ្លើយតប ហើយងាកទៅនិយាយជាមួយគ្នាគេទៅវិញ។
ឆន ស្រីណេត ក៏បានលើកឡើងទៀតថាដំបូងនាងគិតថាអាកប្បកិរិយាបែបនេះអាចកើតឡើងដោយសាររូបរាង ឬការស្លៀកពាក់របស់នាង ប៉ុន្តែចុងក្រោយនាងយល់ថាវាអាចពាក់ព័ន្ធនឹងអាកប្បកិរិយារបស់មនុស្សមួយចំនួនដែលនាងយល់ថាមើលងាយអ្នកដទៃនិងចាត់ទុកខ្លួនឯងថាខ្ពស់ជាងគេ។
ការលើកឡើងនេះ បានបង្កឱ្យមានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្តាញសង្គម ខណៈខ្លឹមសារដែលនាងបានបង្ហោះគឺជាការរៀបរាប់ពីបទពិសោធន៍ និងទស្សនៈផ្ទាល់ខ្លួនរបស់នាង ដោយមិនបានបញ្ជាក់ឈ្មោះអ្នកសិល្បៈរៀមច្បងណាមួយជាក់លាក់ឡើយ៕










