ក្នុងនាមជាតួកុនម្នាក់ ឆឹម សក្កដា មិនបានបន្ទោសទៅកាន់ទស្សនិកជនទាំងស្រុងនោះទេនៅពេលភាពយន្តខ្មែរពុំសូវទទួលបានការគាំទ្រ។ ផ្ទុយទៅវិញតារាសម្តែងរូបនេះបានលើកហេតុផលពីផលិតករមួយចំនួនដែលផលិតកុនគ្មានគុណភាពបណ្តាលឱ្យទស្សនិកជនលែងចង់ទៅទស្សនា។
នៅថ្ងៃទី១៨ ខែសីហា តារាសម្តែង ឆឹម សក្កដា បានបង្ហោះសំណេរមួយថា «ផលិតករ ផលិតរឿងអន់ៗច្រើនពេកធ្វើឱ្យទស្សនិកជនចង់បាក់ស្បាតនឹងកុនខ្មែរដែលជាគ្រោះដល់វិស័យភាពយន្ដខ្មែរ»។ លោកបន្តថា «កុំបន្ទោសខ្មែរមិនគ្រាំទ្ររឿងខ្មែរ! តែចាយលុយហើយ មិនល្អមើល គេលែងចង់ចាយហើយ។ ខ្ញុំក៏ជាតួកុន តែហេតុអីខ្ញុំមិនកាន់ជើងកុនខ្មែរ? ព្រោះមួយរយៈនេះខ្ញុំដើរមើលកុនខ្មែរជាច្រើនពិតជាពិបាកទទួលយកមែន»។

មុននឹងការលើកឡើងរបស់លោក ឆឹម សក្កដា នៅលើបណ្តាញសង្គមកំពុងមានការជជែកទៅលើប្រធានបទវិស័យភាពយន្តខ្មែរ បន្ទាប់ពីផលិតករកុនម្នាក់បានបង្ហាញការខកចិត្តនៅពេលឃើញខ្សែភាពយន្តខ្មែរដែលមិនមែនជារឿងខ្មោចពុំសូវទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។
ចំណែកឯការលើកឡើងរបស់តារាសម្តែង ឆឹម សក្កដា ក៏មានអ្នកទស្សនាជាច្រើនបង្ហាញការយល់ស្របដោយសារតែកន្លងមកមានបទពិសោធន៍ប៉ះចំកុនដែលគ្មានគុណភាព។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «អ្នកនិពន្ធសាច់រឿងអន់ អ្នកដឹកនាំសម្ដែងអន់ តួសម្ដែងខ្លះវិញទៀតកាន់តែអន់ មិនដឹងចេញមកពីណាសម្ដែងឡើងឆ្គង រឹងខ្លួន និយាយដូចអាន Script ! បើរឿងខ្លះវិញទៀតបញ្ចូលសម្លេង សម្លេងទៅមុន មាត់តួនិយាយទៅតាមក្រោយ ផលិតកម្មចូលចិត្តយកអ្នកដែលមាន Fame not Talent ចឹងបានវិស័យកុនខ្មែរកាន់តែយ៉ាប់»។ 
មតិខ្លះទៀតលើកឡើងថា «រឿងខ្មែរមិនល្អមើលទេបង និយាយត្រង់ពិបាកពិតមែនតើបង ធ្លាប់ទៅមើលរឿងខ្មែររបស់ផលិតកម្មមួយគេងក្នុងរោងកុនព្រោះពិបាកមើលពេក តាំងពីហ្នឹងមកលែងចង់មើលរឿងខ្មែរ, សុំនិយាយមួយចុះរឿងសម្តែងផលិតជារឿងរាល់ថ្ងៃ ចាញ់ក្រុមសម្តែងរឿងខ្លីៗតួសម្តែរស់រវើកមើលទៅមិនរឹងមិនខំពត់តាមអ្នកដឹកនាំ»៕










