តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានសម្រេចចិត្តក្តីស្រមៃជាមួយគ្នាដោយបានបង្ហាញគម្រោងសាងសង់គេហដ្ឋានដ៏ធំស្កឹមស្កៃដើម្បីទុកជាមរតកឱ្យកូនរបស់ខ្លួន។ ពីក្តីស្រមៃរហូតក្លាយជាការពិតនេះ ជី ដេវីត បានបង្ហាញអារម្មណ៍មានមោទនភាពចំពោះភរិយាខ្លួនខណៈអ្នកទាំងពីរខិតខំតស៊ូទាំងពីរនាក់ប្តីប្រពន្ធអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
នៅល្ងាចថ្ងៃទី៩ តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហាញពីគម្រោងសាងសង់ផ្ទះរបស់ខ្លួនជារូបភាព 3D ដោយបានពោលពាក្យអរគុណទៅកាន់ ជី ដេវីត និងបញ្ជាក់ថាដីគឺជាលុយរបស់នាង ចំណែកឯការធ្វើផ្ទះគឺជាលុយរបស់ ជី ដេវីត តែទ្រព្យសម្បត្តិនេះគឺជារបស់កូនអ្នកទាំងពីរ។ លទ្ធផលនេះគឺកើតចេញពីការតស៊ូរបស់អ្នកទាំងពីរអស់រយៈពេល១០ឆ្នាំមកហើយ។
មិនខុសពីសំណេររបស់ភរិយាប៉ុន្មាននោះទេតារាចម្រៀង ជី ដេវីត ក៏បង្ហាញក្តីរំភើបដែលក្តីស្រមៃរបស់អ្នកទាំងពីរបានក្លាយជាការពិត។ ម្ចាស់បទ «មហានគរ» បានចែករំលែកនៅលើបណ្តាញសង្គមថា «ផ្តើមចេញពីក្តីស្រមៃរហូតក្លាយជាការពិត I’m proud of you ទេព បូព្រឹក្ស»។ ឃើញលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់អ្នកទាំងពីរមានអ្នកសិល្បៈក៏ដូចជាអ្នកគាំទ្រជាច្រើនបានបង្ហាញការអបអរសាទរមកកាន់ប្តីប្រពន្ធមួយគូនេះ។

លទ្ធផលនេះមិនមែនបានមកដោយងាយៗនោះទេ ដោយទស្សនិកជនបានឃើញ ជី ដេវីត និង ទេព បូព្រឹក្ស ខិតខំយ៉ាងខ្លាំង។ ក្រៅពីអាជីពសិល្បៈ តារាចម្រៀងទាំងពីររូបក៏បានបង្កើតប្រ៊េនខ្លួនឯងដោយមានលក់ជា ទឹកអប់ សាប៊ូបោកខោអាវ សាប៊ូដុសខ្លួននិងផ្សេងទៀត។ លើសពីនេះទៅទៀត ជី ដេវីត និង ទេព បូព្រឹក្ស ក៏ត្រៀមបើកម៉ាតមួយកន្លែងនៅរាជធានីភ្នំពេញផងដែរ។
គូសបញ្ជាក់ថា តារាចម្រៀង ជី ដេវីត នឹងត្រៀមអង្រួនឆាកតន្រ្តីនៅឯប្រទេសហ្វីលីពីនម្តងទៀតនាពេលឆាប់ៗខាងមុខនេះ។ កន្លងមកការសម្តែងរបស់តារាចម្រៀង ជី ដេវីត នៅទីនោះទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង៕










