ជប៉ុនកំពុងតែស្ថិតក្នុងស្ថានភាពអាសន្ន ជើងហោះហើរត្រូវបានផ្អាកជាបន្តបន្ទាប់ រីឯធ្នើរលក់ទំនិញ និងចំណីអាហារក្នុងផ្សារទំនើបនានា ប្រែជាទទេស្អាត។ នេះជាទិដ្ឋភាពដ៏គួរឱ្យព្រួយបារម្ភនៅប្រទេសជប៉ុន ពីព្រោះពលរដ្ឋភ័យខ្លាចពីឥទ្ធិពលខ្យល់ព្យុះទីហ្វុងបាវី។
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ខ្យល់ព្យុះទីហ្វុងបាវី (Super Typhoon Bavi) ដែលមានល្បឿនខ្លាំងបំផុតរហូតដល់ ១៦២គីឡូម៉ែត្រក្នុង១ម៉ោង បានបម្លាស់ទីសំដៅមកក្បែរកោះសាគិឈិម៉ាក់ គឺជាកោះដាច់ស្រយាលនៅភាគខាងត្បូង និងនិរតីប្រទេសជប៉ុន (នៅក្បែរកោះតៃវ៉ាន់) ធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នានាប្រកាសផ្អាកជើងហោះហើរជាបន្តបន្ទាប់។ រីឯពលរដ្ឋសម្រុកទិញអាហារស្តុកទុករហូតដល់អស់ពីផ្សារទំនើប និងនាំគ្នាបិទបង្អួច ដំឡើងសំណាញ់ការពារខ្យល់កន្ត្រាក់តាមផ្ទះសម្បែង និងហាងលក់ទំនិញ។
.jpg)
ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានប្រកាសផ្អាកជើងហោះហើរក្នុងតំបន់នេះ ដូចជា៖ ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines (JAL) បានផ្អាកជើងហោះហើររហូតដល់ជាង ១០០ជើង កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅ និងប្រកាសផ្អាករហូតដល់ថ្ងៃទី១១ ខែកក្កដា ដែលធ្វើឱ្យរាំងស្ទះដល់អ្នកដំណើរជិត ២០,០០០នាក់។ ដូចគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) ក៏បានផ្អាកជើងហោះហើរជាង ១៦០ជើងផងដែររហូតដល់ថ្ងៃទី១២ ខែកក្កដា ដែលធ្វើឱ្យប៉ះពាល់អ្នកដំណើរប្រមាណ ២០,០០០នាក់។.jpg)
ចំណែកកោះអ៊ីស៊ីហ្គាគី ស្ថិតក្នុងប្រជុំកោះសាគិឈិម៉ាក់ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមនោះ គឺពលរដ្ឋនាំគ្នាសម្រុកទិញចំណីអាហារមកស្តុកទុក ដូចជា មីកញ្ចក់ រហូតដល់អស់ពីធ្នើរក្នុងផ្សារទំនើប។ ចំណែកឆ្នេរសមុទ្រ សួនច្បារតាមបណ្តោយឆ្នេរសមុទ្រ និងកំពង់ផែនៅលើកោះនេះ ក៏ត្រូវបានបិទដំណើរការដូចគ្នា។.jpg)
សូមបញ្ជាក់ថា ក្រៅពីជប៉ុន កោះតៃវ៉ាន់ ក៏ស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន និងត្រៀមលក្ខណៈប្រឈមមុខនឹងខ្យល់ព្យុះនេះដែរ ដែលវាមានកម្លាំងខ្លាំងក្លាបំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ១៩៩៥ មក ហើយវានឹងបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងជោគជាំក្លាយជាគ្រោះទឹកជំនន់ និងបាក់ដីយ៉ាងធ្ងន់ធ្ងរ។ រដ្ឋាភិបាលតៃវ៉ាន់ បានប្រកាសផ្អាកការងារ និងការចូលរៀនរបស់សិស្សានុសិស្សទាំងស្រុងនៅទូទាំងតំបន់ភាគខាងជើង រួមមាន ទីក្រុងតៃប៉ិ ទីក្រុងតៃប៉ិថ្មី តៅយាន ឃីឡុង និងស៊ីនឈូ ព្រមទាំងត្រៀមកម្លាំងកងទ័ពជិត ៣ម៉ឺននាក់ ដើម្បីជួយសង្គ្រោះពលរដ្ឋ៕.jpg)










