ភ្លើងកម្តៅនៅលើបណ្តាញសង្គមចាប់ផ្តើមកើតឡើងម្តងទៀតរវាងតារាចម្រៀង ជី ដេវីត និងតារាចម្រៀង ជា សុជាតិ សមាជិកក្រុម ក្មេងខ្មែរ បន្ទាប់ពីបង្ហោះសារដែលមនុស្សជាច្រើនជឿថាត្រូវគ្នា។ ទោះជាយ៉ាងណា ជី ដេវីត បានចេញបកស្រាយសំណេររបស់ខ្លួនមិនសំដៅលើនរណាម្នាក់ និងបញ្ជាក់ថាពេលនេះ Level ពួកគេខុសគ្នាគួរយកពេលថែរក្សាប្រពន្ធកូនវិញ។

កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ជី ដេវីត បានបង្ហោះសំណេរមួយនៅលើគណនីផ្ទាល់ខ្លួនថា «ឡានកញ្ចាស់ធ្វើ ព្យែរ(Pjair) ដាក់ G-Devith អីណា អត់ស្គាល់មួកអត់ស្គាល់មកុដមែន»។ សារមួយនេះដំបូងឡើយបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់និងចង់ដឹងថាតារាចម្រៀង ជី ដេវីត ចង់សំដៅទៅកាន់នរណា និងកំពុងមានរឿងអ្វីកើតឡើងពីព្រោះពួកគេតាមមិនទាន់នោះទេ។

បន្ទាប់ពីបង្ហោះសារនេះរួចមិនដល់២៤ម៉ោងផងទស្សនិកជនស្រាប់តែភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀង ជា សុជាតិ ចេញសារមួយ។ លោកបានបង្ហោះនៅល្ងាចថ្ងៃទី២៩ ខែមិថុនា ថា «ដីអញមួយប្លង់ទិញឡានហែងបាន១០ អត់មានគីឡូស៊ីពែប្រពន្ធអ្នកមានមក ព្យែរ (Pjair) គេទេ»។ ការចេញសារនេះបានធ្វើឱ្យបណ្តាញសង្គមក្តៅគគុកដោយមនុស្សជាច្រើនគិតថាតារាចម្រៀងទាំងពីររូបនេះកំពុងតែឆ្លើយឆ្លងគ្នា។

សំណេរទាំងពីរនេះបានធ្វើឱ្យមានមតិវែកញែកជាច្រើនដោយអ្នកខ្លះថែមទាំងរម្លឹកទៅកាន់ពេលវេលាដែលមានសង្គ្រាម Diss Track គ្នាដោយ ជី ដេវីត ត្រូវតទល់នឹងមនុស្សច្រើននាក់ ខណៈកន្លងមក ក្មេងខ្មែរ និង ជី ដេវីត ក៏ធ្លាប់ប៉ះទង្គិចគ្នាផងដែរ។

ទោះយ៉ាងណា បន្ទាប់ពីមានរលកនៃមតិវែកញែក ការ Mention មិនឈប់ឈរនិងមិនចង់មានរឿងវែងឆ្ងាយនិងយល់ច្រឡំ ជី ដេវីត បានបង្ហោះសំណេរមួយទៀតដោយចង់បញ្ជាក់ឱ្យកាន់តែច្បាស់ចំពោះសំណេររបស់ខ្លួនកាលពីយប់ថ្ងៃទី២៨។ ជី ដេវីត បានទទួលស្គាល់ថារូបលោកពិតជាបានបង្ហោះសំណេរមួយនោះពិតមែនប៉ុន្តែបុគ្គលនេះមិនមាននៅក្នុងការគិតរបស់ខ្លួនឡើយ។ ជី ដេវីត ថាសម័យនេះទៅហើយមិនគួរគប្បីកុំកេងប្រយោជន៍ចង់ល្បីល្បាញពីតំណរភ្ជាប់ដោយប្រយោលពីឈ្មោះអ្នកដទៃប្រសិនបើខ្លួនគ្មានសមត្ថភាពបង្កើតដោយខ្លួនឯង។

តារាចម្រៀង ជី ដេវីត បានបញ្ជាក់ទៀតថាការបង្ហោះនោះគ្រាន់ជាការបង្ហាញអារម្មណ៍ហួសចិត្ត មិនបានចង្អុលបង្ហាញ ឬចោទអ្នកណានោះទេ ប្រៀបដូចជាការជុះលាមកចោលប៉ុន្តែឆ្កែលួចហិត។ ជី ដេវីត បានអំពាវនាវដល់បុគ្គលខ្លះកុំបន្តបង្កើតឱកាសការងារតាមរយៈរូបភាពនេះវាមិនគាប់ប្រសើរទេ ដោយឱ្យកែចរិតចាស់ចោលមិនមែន១០ឆ្នាំមុនដែរ។
ជី ដេវីត សង្កត់ធ្ងន់ថាខណៈពេលនេះបើប្រៀបធៀបLevel ពួកយើងគឺមិនអាចប្រៀបធៀបគ្នាបានទេ ដោយយកឱកាសនៅសេសសល់យកចិត្តទុកដាក់មើលថែរក្សាការពារប្រពន្ធកូន និងខិតខំបន្ថែមដើម្បីរក្សាកិត្តិយសដែលនៅសេសសល់គ្រាន់ជាការចងចាំបានខ្លះ។ ម្ចាស់បទ « I’m Bored» បញ្ជាក់ថា ជី ដេវីត ជាបុរសដែលជោគជ័យដោយសមត្ថភាព៕










