បើទោះជាជនរងគ្រោះមិនប្ដឹ.ង ក៌នគរបាលយុត្តិធ៏មនៅតែដើរតួនាទីជាដើមបណ្ដឹង! លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាក្តៅឱ្យចាត់វិធានការផ្លូវច្បាប់ភ្លាមៗដោយគ្មានការលើកលែងចំពោះសកម្មភាពរបស់លោក K01 ដែលបានប្រើប្រាស់អំពើហិង្សាទៅលើយុវជនម្នាក់ ដោយលោកបាននិងបានប្រកាសកោះហៅលោក K01 ឱ្យចូលខ្លួនមកបំភ្លឺជាបន្ទាន់នៅស្នងការដ្ឋាននាព្រឹកថ្ងៃអង្គារនេះ។

យោងតាមដើមចមនៃវីដេអូដែលត្រូវបានចែកចាយព្រោងព្រាតពាសពេញបណ្តាញសង្គម យុវជនរងគ្រោះត្រូវបានគេដឹងថា គឺជាកូនដែលមិនស្ដាប់បង្គាប់ មិនគោរពឪពុកម្ដាយ ហើយត្រូវបានស្ត្រីជាម្ដាយបង្កើតនាំមកប្រគល់ឱ្យលោក K01 ជួយប្រៀនប្រដៅអប់រំ។ យ៉ាងណាមិញ សកម្មភាពជាក់ស្ដែងនៅក្នុងវីដេអូបានលាតត្រដាងថា វិធីសាស្ត្ររបស់លោក K01 ពុំមែនជាការអប់រំត្រឹមត្រូវតាមលក្ខណៈសីលធម៌ឡើយ ផ្ទុយទៅវិញវាគឺជាការប្រើអំពើហិង្សាទះកំផ្លៀង និងទាញកយុវជនរូបនោះបង្ខំឱ្យលុតជង្គង់នៅចំពោះមុខម្ដាយបង្កើតយ៉ាងអយុត្តិធម៌។
សកម្មភាពបំពានរាងកាយនេះ បានជម្រុញឱ្យសាធារណជនជជែកដេញដោលយ៉ាងក្តៅគគុក ដោយមហាជនបានចោទសួរចំៗថា លោក K01 មិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ឬជាតុលាការនោះឡើយ ហេតុអ្វីបានជាមានសិទ្ធិអំណាចលើកដៃវាយដំ និងកាត់សេចក្តីលើរូបរាងកាយអ្នកដទៃស្រេចតែចិត្តបែបនេះ។ ផ្ដើមចេញពីការមិនពេញចិត្តនេះ មហាជនជាច្រើនបាននាំគ្នាថ្កោលទោស និងចាត់ទុកសកម្មភាពរបស់លោក K01 ជាបទល្មើសព្រហ្មទណ្ឌ ព្រមទាំងបានរួមសំឡេងគ្នាសំណូមពរយ៉ាងទទូចឱ្យសមត្ថកិច្ចថ្នាក់លើ ចាត់វិធានការច្បាប់លើករណីនេះឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីកុំឱ្យមានការប្រើប្រាស់ «ច្បាប់ព្រៃ» នៅក្នុងសង្គមស៊ីវិល។

ឆ្លើយតបទៅនឹងការទាមទាររបស់មហាជន នាល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកស្នងការ ជួន ណារិន្ទ បានប្រគល់ករណីនេះទៅឱ្យលោក ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌដើម្បីអនុវត្តច្បាប់ជាបន្ទាន់ ដោយលោកបានគូសបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា ទោះបីជាជនរងគ្រោះមិនដាក់ពាក្យប្ដឹងក៏ដោយ ក៏នគរបាលយុត្ដិធម៌មានតួនាទីដើរតួជាដើមបណ្ដឹងផ្លូវរដ្ឋដើម្បីចាត់ការតាមនីតិវិធី ព្រោះការប្រើហិង្សាគឺជាបទល្មើសព្រហ្មទណ្ឌ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានកំណត់ឱ្យលោក K01 ចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យបានត្រឹមវេលាម៉ោង ០៨:០០ នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅផែននគរបាលព្រហ្មទណ្ឌ ដែលចំណាត់ការលឿនដូចផ្លេកបន្ទោរនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មហាជនគ្រប់ទិសទី។ រង់ចាំមើលទាំងអស់គ្នា ថាតើអាជ្ញាធរនឹងមានចំណាត់ការផ្លូវច្បាប់បន្តយ៉ាងណាទៀតចំពោះករណីប្រើហិង្សាមួយនេះ?










