នៅក្នុងទំនាក់ទំនងសង្គមបច្ចុប្បន្ន បញ្ហា «ការខ្ចីប្រាក់» បានក្លាយជាប្រធានបទដ៏រសើប និងជារឿងដុ.តដៃដុ.តជើងបំផុតមួយសម្រាប់មនុស្សជាច្រើន។ មនុស្សមិនតិចឡើយដែលតែងតែជួបប្រទះស្ថានភាពទាល់ច្រក ពេលដែលសាច់ញាតិ ឬមិត្តភក្តិជិតស្និទ្ធផ្ញើសារមកសុំខ្ចីប្រាក់ ដោយសន្យាថា នឹងសងវិញក្នុងរយៈពេលខ្លី។ អ្វីដែលជាសម្ពាធ គឺខណៈពេលដែលខ្លួនឯងក៏កំពុងខ្វះខាតដែរនោះ មនុស្សជាច្រើនបែរជាមិនហ៊ានបដិសេធត្រង់ៗ ព្រោះតែខ្លាចមើលមុខគ្នាមិនត្រង់ អាក់អន់ស្រពន់ចិត្ត ឬឈានដល់ការកាត់កាលឈប់រាប់អានគ្នា។
.jpg)
ទោះជាយ៉ាងណា ក្រុមអ្នកជំនាញផ្នែកចិត្តវិទ្យា និងហិរញ្ញវត្ថុបានលើកឡើងថា ការមិនឱ្យបុគ្គលណាម្នាក់ខ្ចីប្រាក់ក្នុងស្ថានភាពដែលយើងមិនអំណោយផល គឺមិនមែនជាកំហុស ឬជាទង្វើគ្មានទឹកចិត្តនោះទេ។ ផ្ទុយទៅវិញ វាជាការការពារខ្លួន និងការពារទំនាក់ទំនង ព្រោះជារឿយៗ ការឱ្យខ្ចីប្រាក់ដោយក្តីអនុគ្រោះ តែគ្មានភាពច្បាស់លាស់ បែរជាបញ្ចប់ទៅដោយការខូចចិត្តទាំងសងខាង និងបាត់បង់ទាំងមិត្តភាពទៀតផង។
ដើម្បីដោះស្រាយវិបត្តិមួយនេះ វិធីសាស្ត្រល្អបំផុត គឺការបដិសេធដោយស្មោះត្រង់ ម៉ឺងម៉ាត់ និងខ្លីខ្លឹម ដោយមិនចាំបាច់រៀបរាប់ហេតុផលវែងឆ្ងាយ ដែលនាំឱ្យអ្នកខ្ចីយល់ថាជា «ការរកលេស» ឡើយ។ ខាងក្រោមនេះជាយុទ្ធសាស្ត្រនៃការនិយាយបដិសេធបែបវៃឆ្លាត ដែលមិនឱ្យខូចប្រយោជន៍ខ្លួនឯង និងមិនឱ្យបាត់បង់ការរាប់អាន៖
១.បើកកាតបង្ហាញភាពស្មោះត្រង់ពីស្ថានភាពហិរញ្ញវត្ថុ
ការនិយាយត្រង់ៗពីការលំបាករបស់ខ្លួន គឺជាឱសថដ៏មានប្រសិទ្ធភាពបំផុត។ ចូរប្រើប្រាស់ឃ្លាដែលបង្ហាញថា អ្នកក៏កំពុងជួបការលំបាកផ្នែកថវិកាដូចគ្នា ដូចជា៖ «ដាច់ខែនេះ ខ្ញុំទើបតែបង់ថ្លៃផ្ទះ/ថ្លៃសាលាកូនរួច សល់លុយតិចតួចគ្រាន់តែទប់ទល់ប្រចាំថ្ងៃប៉ុណ្ណោះ បើមានសល់ច្រើន ច្បាស់ជាជួយហើយ» ឬ «មួយរយៈនេះ ខ្ញុំក៏កំពុងតឹងតែងដែរ ត្រូវចំណាយច្រើនលើការបង់រំលស់ និងដោះស្រាយបញ្ហាគ្រួសារ»។ វិធីនេះនឹងធ្វើឱ្យអ្នកមកខ្ចីយល់ថា មិនមែនយើងចិត្តដាច់នោះទេ ប៉ុន្តែគឺស្ថានភាពខ្លួនឯង ក៏សឹងតែជួយមិនចង់រួចដែរ។
២.យោងលើ «ផែនការថវិកាចាំបាច់» ដែលមិនអាចកែប្រែបាន
ប្រសិនបើមិនចង់រៀបរាប់ពីបញ្ហាផ្ទាល់ខ្លួនខ្លាំងពេកទេ គន្លឹះដ៏ល្អ គឺការលើកឡើងពីកាតព្វកិច្ចហិរញ្ញវត្ថុដែលបានកំណត់ទុកជាមុន។ អ្នកអាចបញ្ជាក់ថា ថវិកាដែលមាន គឺសម្រាប់ត្រៀមបង់ថ្លៃសាលាកូន ថ្លៃព្យាបាលជំងឺ ឬជាដើមទុនបង្វិលក្នុងអាជីវកម្ម ដែលមិនអាចដកចេញបានដាច់ខាត។ ការបដិសេធដោយផ្អែកលើ «ប្រព័ន្ធគ្រប់គ្រងលុយកាក់ច្បាស់លាស់» នឹងធ្វើឱ្យអ្នកសុំខ្ចីយល់ថា លុយនោះមិនមែនទំនេរសម្រាប់យកមកប្រើប្រាស់ក្នុងគោលបំណងផ្សេងបានឡើយ។
៣.បង្វែរពី «ការប្រគល់សាច់ប្រាក់» ទៅជា «ការជួយជ្រោមជ្រែងផ្នែកផ្សេង»
ចំពោះមនុស្សដែលយើងស្រឡាញ់រាប់អានខ្លាំង ហើយគេកំពុងជួបទុក្ខលំបាកពិតប្រាកដ យើងអាចបង្ហាញទឹកចិត្តតាមរយៈសកម្មភាពផ្សេងដែលមិនប៉ះពាល់ដល់កាបូបលុយធំ។ វាអាចជាការជួយឧបត្ថម្ភជាអាហារ ថ្នាំសង្កូវ ឬរបស់របរប្រើប្រាស់ចាំបាច់បន្តិចបន្តួច (ជាការជួយដាច់ ដោយមិនរំពឹងការសងវិញ) ឬមួយវិញទៀត គឺការជួយណែនាំការងារក្រៅម៉ោង និងរួមគំនិតជួយរកដំណោះស្រាយចំពោះមុខ។ វិធីនេះរក្សាបានទាំងតម្លៃនៃការរាប់អាន និងបង្ហាញពីចេតនាល្អពិតប្រាកដរបស់យើង។.jpg)
៤.កំណត់ព្រំដែនឱ្យច្បាស់លាស់ចំពោះអ្នកដែលមានប្រវត្តិ «សងយឺតយ៉ាវ»
ចំពោះបុគ្គលដែលមានទម្លាប់ខ្ចីហើយមិនសូវសង ឬសងមិនទៀងពេល អ្នកមិនចាំបាច់ត្រូវពន្យល់ ឬដោះស្រាយការទាស់ចិត្តវែងឆ្ងាយនោះទេ។ ការពន្យល់កាន់តែច្រើន នាំឱ្យគេកាន់តែរកចន្លោះប្រហោងដើម្បីអង្វរករ ឬតាមរំខានមិនឈប់។ ក្នុងករណីនេះ ការបដិសេធដោយសមរម្យ ខ្លី និងម៉ឺងម៉ាត់បំផុត រួចប្តូរប្រធានបទសន្ទនា គឺជាជម្រើសដ៏ល្អបំផុត។
ជាការសន្និដ្ឋាន មនុស្សម្នាក់ៗមិនចាំបាច់ត្រូវបង្កើតសម្ពាធ ឬធ្វើបាបសេដ្ឋកិច្ចគ្រួសារខ្លួនឯង ដើម្បីតែតម្រូវចិត្តអ្នកដទៃនោះឡើយ។ ការឱ្យគេខ្ចីប្រាក់ទាំងខ្លួនឯងកំពុងខ្វះខាត មិនត្រឹមតែបង្កើតវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាដើមចមចម្បងដែលបំផ្លាញទំនាក់ទំនងនៅថ្ងៃអនាគតផងដែរ។
ដូចចាស់បុរាណ និងអ្នកជំនាញហិរញ្ញវត្ថុតែងតែដាស់តឿនថា៖ «ការបដិសេធនៅថ្ងៃនេះ អាចធ្វើឱ្យគេអន់ចិត្តតែមួយពេល ប៉ុន្តែការឱ្យខ្ចីហើយទារមិនបាន នឹងធ្វើឱ្យយើងបាត់បង់ទាំងលុយកាក់ និងបាត់បង់ទាំងមិត្តភាពជារៀងរហូត»៕










