ការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅយ៉ាងគំហុករបស់ផែនដី បាននិងកំពុងបង្កហានិភ័យស្មានមិនដល់ ដល់ទីក្រុងឡុងដ៍ និងតំបន់មួយចំនួនស្ថិតនៅក្នុងប្រទេសអង់គ្លេស។ ការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅយ៉ាងគំហុកនេះ បានធ្វើឱ្យដីបាត់បង់សំណើម និងស្រុតចុះ ដែលវាអាចប៉ះពាល់ដល់លំនៅឋានរបស់ពលរដ្ឋរហូតដល់ជាង ១,៨ លានខ្នង គិតនៅត្រឹមឆ្នាំ២០៧០ ហើយតួលេខអាចនឹងលើសនេះ ប្រសិនបើមិនទប់ស្កាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យទាន់ពេលវេលាទេនោះ។
.jpg)
យោងតាមការស្រាវជ្រាវរបស់ស្ថាប័នភូគព្ភសាស្ត្រអង់គ្លេស (British Geological Survey-BGS) ឱ្យដឹងថា លំនៅឋាននៅទូទាំងប្រទេសអង់គ្លេស អាចនឹងរងផលប៉ះពាល់ខ្លាំងផងដែរនៅឆ្នាំ២០៧០ ដោយសារការប្រែប្រួលអាកាសធាតុ ជាពិសេស ការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលគ្មានការទប់ស្កាត់។
អ្នកស្រាវជ្រាវមកពីស្ថាប័ន BGS បញ្ជាក់ថា ការឡើងកំដៅផែនដីបាននិងកំពុងធ្វើឱ្យរដូវក្តៅនៅអង់គ្លេសមានសីតុណ្ហភាពកើនឡើងខ្ពស់ និងជួបគ្រោះរាំងស្ងួតកាន់តែខ្លាំង ដែលធ្វើឱ្យដីបាត់បង់សំណើម និងស្រុតចុះប៉ះពាល់ដល់លំនៅឋានជាច្រើនលានខ្នង ហើយតំបន់មានហានិភ័យខ្លាំងជាងគេ គឺតំបន់ Camden, Islington និង Barnet ស្ថិតនៅទីក្រុងឡុងដ៍ (London), តំបន់ Essex, តំបន់ Kent, ភាគខាងកើត និងឆ្នេរសមុទ្រ។ ទន្ទឹមនឹងនេះ វាក៏បង្កការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរ មានតាំងពីស្នាមប្រេះនៅបរិវេណទ្វារ-បង្អួច, ផ្ទះ-អគារផ្អៀង ឬខូចទ្រង់ទ្រាយ។.jpg)
យោងតាមទិន្នន័យរបស់ស្ថាប័ន BGS ប្រសិនបើពិភពលោក អាចកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់តាមគោលដៅនៅត្រឹមឆ្នាំ២០៧០ គឺមានអគារត្រឹមតែ៥សែនកន្លែងប៉ុណ្ណោះនៅទីក្រុងឡុងដ៍ នឹងខូចខាតដោយសារការស្រុតដី ប៉ុន្តែបើនៅតែបំភាយឧស្ម័នផ្ទះកញ្ចក់ច្រើនដូចពេលបច្ចុប្បន្ន ចំនួនអគារខូចខាតនឹងកើនឡើងរហូតដល់ជាង១លាន ៨សែនខ្នង។
សូមបញ្ជាក់ថា ផ្ទៃដីភាគច្រើននៅទីក្រុងឡុងដ៍ ស្ថិតនៅលើស្រទាប់ដីឥដ្ឋ ហើយពេលអាកាសធាតុក្ដៅខ្លាំង និងស្ងួតហួតហែងយូរ ដីឥដ្ឋទាំងនោះនឹងបាត់បង់សំណើម រួចហើយរួមយ៉ាងលឿន ដែលបណ្ដាលឱ្យគ្រឹះសំណង់លំនៅឋានស្រុតចុះ។ លើសពីនេះ កម្ដៅកើនឡើងជាបន្តបន្ទាប់តាំងពីឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន បានធ្វើឱ្យខូចខាតដល់ផ្ទៃដីយ៉ាងខ្លាំង ដែលធ្វើឱ្យឆាប់ស្រុត។
រដ្ឋាភិបាលអង់គ្លេសបានដាក់ចេញនូវវិធានការជាយុទ្ធសាស្ត្រដើម្បីសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ផ្តោតលើការកែប្រែច្បាប់សំណង់ ដោយតម្រូវឱ្យសំណង់ថ្មីៗធ្វើគ្រឹះកាន់តែរឹងមាំជាងមុន ហើយរាល់ការសង់លំនៅឋានថ្មី ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យផ្ទៃដីយ៉ាងម៉ត់ចត់៕










