ក្រុមហ៊ុនអាកាសចរណ៍នានារបស់ប្រទេសថៃ រួមមាន Thai Airways, Thai Lion Air និង Thai AirAsia បានសម្រេចចិត្តលុបចោល និងកាត់បន្ថយជើងហោះហើររាប់ពាន់ជើង ចាប់ពីត្រីមាសទី២ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៦។ យោងតាមភ្នាក់ងារអាកាសចរណ៍ស៊ីវិលថៃ (CAAT) ការសម្រេចចិត្តនេះ ដោយសារវិបត្តិថាមពលបណ្តាលមកពីសង្គ្រា.មនៅមជ្ឈិមបូព៌ាអូសបន្លាយ ហើយធ្វើឱ្យតម្លៃប្រេងយន្តហោះ (Jet A-1) កើនឡើងចាប់ពី២ ទៅ៣ដង បើធៀបនឹងពេលមុនសង្គ្រា.ម។.jpg)
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Thansettakij វិបត្តិថាមពលនៅប្រទេសថៃបច្ចុប្បន្ន បានជំរុញឱ្យការចំណាយលើប្រេងឥន្ធនៈកើនឡើងពី៣០% រហូតដល់ជាង៥០% នៃការចំណាយប្រតិបត្តិការសរុបរបស់ក្រុមហ៊ុន ស្របពេលចំនួនភ្ញៀវទេសចរបរទេសមកកម្សាន្តធ្លាក់ចុះនាពាក់កណ្តាលឆ្នាំនេះ (រដូវកាល Low Season) ទើបធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនេះបង្ខំចិត្តលុបចោល និងកាត់បន្ថយជើងហោះហើរ ដើម្បីកាត់បន្ថយការចំណាយដើមទុន។.jpg)
ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានប្រកាសលុបចោល និងកាត់បន្ថយជើងហោះហើរអន្តរជាតិ ដូចជា ៖ បាងកក-ញូវដេលី (ឥណ្ឌា), បាងកក-ហុងកុង, បាងកក-សាប៉ូរ៉ូ (ជប៉ុន) និងបាងកក-ឆាងសា (ចិន)។ រីឯក្រុមហ៊ុន Thai Lion Air និង Thai AirAsia បានផ្អាក និងកាត់បន្ថយជើងហោះហើរជាច្រើន រួមមាន ជើងហោះហើរក្នុងប្រទេស ចាកចេញពីអាកាសយានដ្ឋានសុវណ្ណភូមិ ទៅកាន់បណ្តាខេត្ត និងជើងហោះហើរក្រៅប្រទេស ចាកចេញពីអាកាសយានដ្ឋានដនមឿង ទៅប្រទេសចិន សិង្ហបុរី និងឥណ្ឌា ។
កាលពីមុនផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា តម្លៃប្រេងយន្តហោះ (Jet A-1) ស្មើត្រឹមតែ៨០ដុល្លារប៉ុណ្ណោះក្នុង១បារ៉ែល ប៉ុន្តែពេលនេះ វាបានកើនឡើងរហូតដល់ជាង២៤០ដុល្លារក្នុង១បារ៉ែល ដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនេះត្រូវចំណាយខ្ពស់ជាងមុនទៅលើប្រេង។ ហេតុនេះ ក្រុមហ៊ុនក៏ដំឡើងថ្លៃសំបុត្រចាប់ពី១០% ទៅ១៥% ហើយជើងហោះហើរក្នុងប្រទេសខ្លះទៀត ដំឡើងថ្លៃសំបុត្ររហូតដល់៤៥%។

ទោះជាយ៉ាងណា ភ្នាក់ងារអាកាសចរណ៍ស៊ីវិលថៃ (CAAT) រំពឹងថា ការលុបចោលជើងហោះហើរនឹងថយចុះវិញ ហើយវិស័យអាកាសចរណ៍ថៃនឹងល្អប្រសើរទាំងស្រុងនាខែតុលាខាងមុខ ដែលជារដូវកាលសម្បូរភ្ញៀវទេសចរ (High Season)៕










