នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនាពេលថ្មីៗនេះ (២៦ ឧសភា ) តារាចម្រៀង ទេព ពិសិដ្ឋ បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ជាពិសេសទៅលើការចែករំលែករបស់លោកទាក់ទងនឹងការរាប់អានមិត្តភក្តិ។ មុននឹងសេពគប់នរណាម្នាក់ធ្វើជាមិត្ត ទេព ពិសិដ្ឋ យល់ឃើញថាគួរតែមើលទឹកចិត្តគេជាមុនសិននិងមានភាពវៃឆ្លាត។

ជាមួយនឹងការឆ្លើយសំណួរខ្លីៗ ទេព ពិសិដ្ឋ បានចែករំលែករឿងរ៉ាវមួយចំនួនទាំងអាជីពសិល្បៈនិងជីវិតផ្ទាល់ខ្លួនក្នុងដំណើរការផ្លាស់ប្តូរអាជីពតន្រ្តីរបស់គេចាប់តាំងពីក្លាយជាម្ចាស់ពានវ័យក្មេងមួយរូបនៅក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Kid Cambodia រដូវកាលទី២។ នៅក្នុងសំណួរមួយ ទេព ពិសិដ្ឋ បានលើកឡើងទាក់ទងនឹងការរាប់អានមិត្តភក្តិដែលជាចំណុចសំខាន់របស់យុវជននាពេលបច្ចុប្បន្ននេះ។

ទេព ពិសិដ្ឋ បានលើកឡើងថា ក្នុងការរាប់អានមិត្តភក្តិយើងត្រូវឆ្លាតវៃ។ ចំណុចនេះ ទេព ពិសិដ្ឋពន្យល់ថាមិនមែនជាការឆ្លាតដោយយើងទៅកេងប្រវ័ញ្ចគេនោះទេតែយើងគួរតែមើលប្រភេទមនុស្សពីព្រោះមនុស្សមានច្រើនប្រភេទ។ ម្ចាស់បទ «ភក្តីស្នេហ៍» បន្តថាបើចង់រាប់អាននរណាម្នាក់មកធ្វើជាមិត្តភក្តិគួរតែមើលមនុស្សនោះតើគេយល់ពីសុខទុក្ខ យល់ពីយើងឬអត់ ហើយការរាប់អានមិត្តភក្តិគួរតែវិនិច្ឆ័យឱ្យបានល្អិតល្អន់។

ក្នុងការចែករំលែកបទពិសោធន៍តស៊ូនៅក្នុងអាជីពសិល្បៈតាំងពីវ័យក្មេងរហូតទើបមានឈ្មោះបោះសំឡេងដូចបច្ចុប្បន្ន ទេព ពិសិដ្ឋ ក៏បានណែនាំសម្រាប់អ្នកដែលទើបមកពីខេត្តឡើងមករាជធានីភ្នំពេញគួរតែខំប្រឹង កុំវង្វេងគោលដៅ កុំឱ្យគ្រួសារខកចិត្ត។ យ៉ាងណាតារាចម្រៀងរូបនេះថា ការប្រឹងតែម្យ៉ាងក៏មិនអាចទៅរួចដែរប្រសិនជាយើងមិនឆ្លាតវៃនៅក្នុងការដើរទៅរកផ្លូវត្រង់។ ទេព ពិសិដ្ឋ ថាលោកបានសុំយោបល់ពីអ្នកជុំវិញខ្លួនជាច្រើនដោយចាប់យកចំណុចណាដែលល្អៗ ជាពិសេសគឺកាន់តែខំប្រឹងពីមួយដំណាក់កាលទៅមួយដំណាក់កាលដើម្បីកុំឱ្យអ្នកគាំទ្រអស់សង្ឃឹម។
ជាមួយគ្នានេះដែរ ទេព ពិសិដ្ឋ ថាមិនថាអ្នកណា ឬធ្វើការងារអ្វីក៏ដោយគឺតែងតែមានសម្ពាធទោះបីជាពេលនេះរូបលោកមានឈ្មោះដូចបច្ចុប្បន្នក៏ដោយ តែទុក្ខលំបាករបស់លោក ទេព ពិសិដ្ឋ សុំមិនរៀបរាប់ឡើយ។ គួរឱ្យដឹងថា ទេព ពិសិដ្ឋ គឺជាតារាចម្រៀងវ័យក្មេងដែលសាងភាពល្បីល្បាញយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះជាមួយនឹងបទចម្រៀងល្បីៗផ្ទុះនៅលើទីផ្សារជាច្រើនបទដោយបទចម្រៀងមួយៗរបស់ ទេព ពិសិដ្ឋ មានការស្តាប់រាប់លានដង៕










