Home ព័ត៌មានជាតិ ភ្នំដំរី គោលដៅទេសចរណ៍មិនគួររំលងនារដូវកាលបៃតង

ភ្នំដំរី គោលដៅទេសចរណ៍មិនគួររំលងនារដូវកាលបៃតង

83
0

បងប្អូនណាខ្លះដែលកំពុងស្វែងរកកន្លែងសម្រាកលំហែកាយបែបធម្មជាតិ ដើម្បីរំសាយរាល់ភាពហត់នឿយ តានតឹង នារដូវកាលបៃតងនេះ ភ្នំដំរី គឺជាគោលដៅទេសចរណ៍ដ៏ស័ក្តិសមបំផុតដែលមិនគួររំលងឡើយ។ តំបន់ទេសចរណ៍ធម្មជាតិមួយនេះ លេចធ្លោឡើងដោយសម្រស់ភ្នំថ្មដែលមានរាងដូចជាសត្វដំរីយក្សពិតៗ ឈរលំអខ្លួនយ៉ាងប្រណិត អមទៅដោយផ្ទៃបឹងទឹកថ្លាឈ្វេងព័ទ្ធជុំវិញ បង្កើតបានជារូបភាពធម្មជាតិដ៏ត្រកាល និងមានខ្យល់អាកាសបរិសុទ្ធត្រជាក់ល្ហឹមបក់ផាត់ប៉ះកាយគ្រប់ពេលវេលា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIS_zKNJWtdZcq9VOLnmvk_Jcy55Maj0ZVZhYugbv7RyVN9HfH8CYVVuVzLRFTboaBbVUqAZijQ8uB4uOYFJVWKhanPPyH-9rFqn1nQQfibG-hg_yKzU_rd2er_MHG3IGwYwGM7oldMTYFt-5LNnBbWI20MUEHQSpYf3g1ZsYBJgt0hUYCVobgTJ4xR-U/s1280/photo_2026-07-21_13-42-56.jpg

ភ្នំដំរី មានទីតាំងស្ថិតនៅក្នុងភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយមានចម្ងាយត្រឹមតែប្រមាណ ៤៤ គីឡូម៉ែត្រប៉ុណ្ណោះពីរង្វង់មូលទុរេនក្រុងកំពត។ ការធ្វើដំណើរទៅកាន់ទីនោះ នឹងនាំអារម្មណ៍ភ្ញៀវទេសចរឱ្យឆ្លងកាត់ទេសភាពវាលស្រែរបស់ប្រជាពលរដ្ឋក្នុងស្រុក ដែលលាតសន្ធឹងរាប់សិបហិកតា បង្កើតបានជាផ្ទាំងទស្សនីយភាពបៃតងខ្ចីស្រស់បំព្រង និងឆ្លុះបញ្ចាំងពីជីវភាពរស់នៅយ៉ាងស្ងប់ស្ងាត់នៃតំបន់ជនបទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEDcYLQBhN2dIKblVv6CsnXeLW6WuPORHO-quRJzBjJ0yd8FPljnQU6r6COqIYc26_cnNso5rJ1BKZpExlUhq4DB0eVUqxfyUpdMKT60seikE_hY0ntY0K0ysjsXczwCX9UaA6BHugDC8gdFAa9Jv_Q3751nhdbQ9anxJoCwqonwJne61X8srCpHohx_I/s960/photo_2026-07-21_13-42-57%20(2).jpg

ក្រៅពីភ្នំដំរី នៅតំបន់ជុំវិញនោះក៏មានភ្នំផ្សេងៗទៀតដូចជាភ្នំកំពង់ត្រាច ដែលទាក់ចិត្តទេសចរឲ្យទៅកម្សាន្តមិនដែលដាច់។ កាន់ស្រស់ស្អាតជាងសម្រស់ភ្នំដំរីទៀតនោះ គឺនៅជាប់នឹងជើងភ្នំនេះមានអាងទំនប់ទឹកដ៏ធំល្វឹងល្វើយមួយ ហើយមានផ្លូវលំតូចមួយត្រសៀរតាមជើងភ្នំប៉្របមាត់ទឹក ទុកឲ្យអ្នកដំណើរដើរកម្សាន្តគយគន់មើលទេសភាព ស្រូបយកខ្យល់បរិសុទ្ធដ៏ត្រជាក់ ហើយពេលល្ងាចវិញក៏អាចមើលឃើញព្រះអាទិត្យរៀបលិចពណ៌មាសយ៉ាងស្រស់ស្អាតមិនចេះជិនណាយបានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUfOnx-nToAn9btvqNxdElAJu0EgoKxFVXF83sNdbgXftT2RErjhcez0lQjbTniU9au46m-XeWPxBEFf_WLBunxmSGQQQ5C8Jzz2oCMD7crBhYlhojSo8bVhvorCLAX1IcaiqQZ1mVZiM9S_rFosJKjlmjuYHELJrS5hyphenhyphenliOFSRDadq2MI37YGW-JqGXc/s1280/photo_2026-07-21_13-42-57.jpg

អ្វីដែលធ្វើឱ្យភ្នំដំរីក្លាយជាចំណុចទាក់ទាញចិត្តអ្នកទស្សនាខ្លាំងបំផុតនោះ គឺបរិយាកាសដ៏ស្ងប់ស្ងាត់នៃផ្ទៃបឹងទឹកជុំវិញជួរភ្នំ។ ភ្ញៀវទេសចរអាចអង្គុយទស្សនាផ្ទៃទឹកដ៏ស្ងប់សុខ ស្រូបយកខ្យល់អាកាសបរិសុទ្ធបែបធម្មជាតិ និងផ្តិតយករូបថតស្អាតៗទុកជាអនុស្សាវរីយ៍យ៉ាងកក់ក្តៅ។ សម្រាប់អ្នកដែលស្រឡាញ់ការដើរកម្សាន្តបែបធម្មជាតិស្ងប់ស្ងាត់ ភ្នំដំរី គឺជាគោលដៅមួយដ៏មានសក្តានុពល និងជាទីតាំងលំហែកាយដ៏ស្រស់ស្រាយមួយនៅក្នុងខេត្តកំពត៕