មេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន បានឯកភាពគ្នាពង្រឹងកិច្ចសហការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ (LNG) រួមទាំងការស្តុកទុកថាមពលរួមគ្នា ដែលការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលទ្វេភាគីរវាងមេដឹកនាំទាំងពីរកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុង Andong ស្របពេលពិភពលោក កំពុងតែប្រឈមនឹងវិបត្តិថាមពលដោយសារសង្គ្រា.មនៅមជ្ឈិមបូព៌ា ។

ការឯកភាពគ្នាពង្រឹងកិច្ចសហការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ គឺដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាបានជះឥទ្ធិពលអវិជ្ជមានដល់ការនាំចូលប្រេងរបស់ប្រទេសទាំងពីរ ។ ជាក់ស្តែង កូរ៉េខាងត្បូងបាននាំចូលប្រេងពីមជ្ឈិមបូព៌ា ប្រមាណ៧០% ខណៈជប៉ុនវិញនាំចូលប្រេងរហូតដល់៩៥% ទើបជំរុញឱ្យប្រទេសទាំងពីរសម្រេចចិត្តស្វែងរកដំណោះស្រាយរួមដើម្បីធានាការផ្គត់ផ្គង់ថាមពល ។
.jpg)
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានលើកឡើងបន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលទ្វេភាគីនៅទីក្រុង Andong ដែលជាស្រុកកំណើតរបស់លោក Lee ថា ប្រទេសទាំងពីរនឹងផ្គត់ផ្គង់ប្រេងឆៅក និងឧស្ម័នធម្មជាតិទៅវិញទៅមកក្នុងករណីចាំបាច់ បន្ទាប់ពីសង្គ្រាមមជ្ឈិមបូព៌ានាំឱ្យរំខានដល់ការផ្គត់ផ្គង់ និងមានវិបត្តិទីផ្សារថាមពល ដែលបណ្តាលមកពីការបិទច្រកសមុទ្រ Hormuz ។.jpg)
មេដឹកនាំទាំងពីរក៏បានប្តេជ្ញាចិត្តពង្រឹងកិច្ចសហការកងទ័ពត្រីភាគីជាមួយសហរដ្ឋអាមេរិកផងដែរ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលពីកូរ៉េខាងជើង និងទប់ទល់ស្ថានការណ៍តានតឹងក្នុងតំបន់ ។ ក្រៅពីនេះ ក៏បានទទួលទានអាហារពេលល្ងាចរួមគ្នា មានទាំងអាហារកូរ៉េ អាហារជប៉ុន ដើម្បីបង្ហាញពីទំនាក់ទំនងជាមិត្តភាព ។.jpg)
សូមរំឭកថា កិច្ចប្រជុំកំពូលទ្វេភាគីនៅទីក្រុង Andong កាលពីថ្ងៃទី១៩ ខែឧសភា គឺជាការជួបគ្នាលើកទី៦ រវាងមេដឹកនាំទាំងពីរ បើគិតតាំងពីលោក Lee ឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង និងជាការជួបគ្នាលើកទី២ ក្នុងឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីលោក Lee បានបំពេញទស្សនកិច្ចទៅកាន់ស្រុកកំណើតរបស់លោកស្រី Takaichi នៅខេត្ត Nara កាលពីខែមករា ៕










