ចំនួនភ្ញៀវទេសចរអន្តរជាតិជិត ១២,៣លាននាក់ ក្នុងរយៈពេលត្រឹមតែ៦ខែដំបូងនៃឆ្នាំ២០២៦ បានបង្ហាញយ៉ាងច្បាស់ថា វៀតណាមមិនត្រឹមតែជាគោលដៅទេសចរណ៍ដ៏ពេញនិយមនោះទេ ប៉ុន្តែជាគោលដៅលេចធ្លោមួយដែលពិភពលោកមិនអាចមើលរំលងបាន។ វាធ្វើឱ្យវិស័យទេសចរណ៍វៀតណាមឈានដល់ចំណុចកំពូលមិនធ្លាប់មានពីមុនមក និងនាំមុខគេយ៉ាងដាច់ឆ្ងាយក្នុងឆ្នាំនេះ ខណៈពេលប្រទេសនានាកំពុងទាក់ទាញភ្ញៀវទេសចរ។

ប្រទេសវៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ រហូតដល់ជិត ១២,៣លាននាក់ នៅក្នុងឆមាសទី១ (ចាប់ពីខែមករា ដល់ខែមិថុនា) ឆ្នាំ២០២៦។ ចំនួននេះបានកើនឡើង ១៤,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ខណៈភ្ញៀវទេសចរមកពីតំបន់អាស៊ីបានមកកម្សាន្តនៅវៀតណាមច្រើនជាងគេក្នុងចំណោមភ្ញៀវទេសចរទាំងអស់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua កាលពីថ្ងៃទី៥ ខែកក្កដា ដោយផ្អែកតាមទិន្នន័យរបស់ការិយាល័យស្ថិតិវៀតណាម។.jpg)
ការិយាល័យស្ថិតិវៀតណាមបង្ហាញទិន្នន័យទៀតថា ចំនួនភ្ញៀវទេសចរដែលធ្វើដំណើរមកកាន់ប្រទេសវៀតណាមតាមផ្លូវអាកាស ស្មើនឹង ១០,១លាននាក់ (៨២.៦%) នៃចំនួនភ្ញៀវទេសចរទាំងអស់ កើនឡើង ១១.៤% បើប្រៀបធៀបនឹងឆ្នាំមុន។ បន្ទាប់មក ភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវគោក ស្មើនឹង ១,៩លាននាក់ (១៥.៧%) រីឯភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវទឹក ស្មើនឹង ២០៩,០០០នាក់ (១.៧%)។
.jpg)
វិស័យទេសចរណ៍វៀតណាមរកចំណូលបានចំនួន ៥៦៩ទ្រីលានដុង (ស្មើប្រមាណ ២១,៦ពាន់លានដុល្លារ)។ កំណើនភ្ញៀវទេសចរអន្តរជាតិនៅឆមាសទី១ ឆ្នាំនេះ ធ្វើឱ្យវៀតណាមសម្រេចបានជិតពាក់កណ្តាលនៃគោលដៅយុទ្ធសាស្ត្រក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានចំនួន ២៥លាននាក់ សម្រាប់រយៈពេលពេញមួយឆ្នាំ២០២៦។ ចំណែកភ្ញៀវទេសចរអន្តរជាតិដែលមកលេងប្រទេសវៀតណាមច្រើនជាងគេ រួមមាន៖ ភ្ញៀវទេសចរចិន កូរ៉េខាងត្បូង រុស្ស៊ី តៃវ៉ាន់ កម្ពុជា ឥណ្ឌា និងជប៉ុន។

សូមរំឭកថា កំណើនភ្ញៀវទេសចរអន្តរជាតិយ៉ាងគំហុកនេះ គឺដោយសាររដ្ឋាភិបាលវៀតណាមបានជំរុញយ៉ាងខ្លាំងលើការធ្វើកំណែទម្រង់គោលនយោបាយទិដ្ឋាការ (Visa) ដ៏បើកចំហ និងធូរស្រាលមិនធ្លាប់មាន ព្រមទាំងបើកច្រកទ្វារអន្តរជាតិ (ទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក) រហូតដល់រាប់សិបកន្លែងដើម្បីទទួលភ្ញៀវទេសចរប្រើប្រាស់ E-Visa (Electronic Visa / ទិដ្ឋាការអេឡិចត្រូនិក) ដោយជំរុញបច្ចេកវិទ្យាកាត់បន្ថយពេលរង់ចាំនៅផ្នែកអន្តោប្រវេសន៍ដើម្បីឱ្យការធ្វើដំណើរកាន់តែរលូន៕










