បន្ទាប់ពីរុស្ស៊ីបានបញ្ជូនប្រេងឥន្ធនៈតាមនាវាទៅឱ្យគុយបាជាលើកដំបូងក្រោយខកខានអស់រយៈពេលជាច្រើនខែនោះ អ្នកនាំពាក្យក្រសួងការបទេសរុស្ស៊ីនិយាយកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ថា រុស្ស៊ីនឹងមិនបោះបង់ចោលគុយបាជាសម្ព័ន្ធមិត្តទេ យើងនៅតែបន្តជួយគុយបា ។ ការបញ្ជូនប្រេងពីរុស្ស៊ីមកកាន់គុយបាលើកនេះ ស្មើនឹង៧សែន ៣ម៉ឺនបារ៉ែល ដោយមិនខ្វល់នឹងអាមេរិកដំឡើងពន្ធទំនិញខ្ពស់ ។
.jpg)
គុយបា ប្រឈមនឹងវិបត្តិថាមពលតាំងពីខែមករាមកម៉្លេះ ដោយសារកងកម្លាំងអាមេរិកចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងភរិយា ធ្វើឱ្យការនាំចេញប្រេងពីវេណេស៊ុយអេឡាមកកាន់គុយបា ត្រូវផ្អាកដំណើរការទាំងស្រុង ។ វិបត្តិថាមពលជំរុញឱ្យគុយបាខ្វះខាតអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេស ហើយកាលពីខែកុម្ភៈ រដ្ឋាភិបាលគុយបាកំណត់ឱ្យអនុវត្តវិធានការបន្ទាន់ដោយឱ្យពលរដ្ឋកាត់បន្ថយថ្ងៃធ្វើការដើម្បីសន្សំសំចៃប្រេង ។
ពេលថ្លែងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova និយាយថា ៖ «គុយបា គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់រុស្ស៊ី យើងនឹងពុំបោះបង់ចោលទេ យើងនឹងបន្តជួយពួកគេ» ។.jpg)
នាវាដឹកប្រេងរបស់រុស្ស៊ីបានចូលចតនៅកំពង់ផែទីក្រុង Matanzas ប្រទេសគុយបាកាលពីថ្ងៃទី៣១ ខែមីនា កន្លងមក ដោយផ្ទុកប្រេងស្មើនឹង៧សែន ៣ម៉ឺនបារ៉ែល បន្ទាប់ពីធ្វើដំណើរចាកចេញពីរុស្ស៊ីរយៈពេល៣សប្តាហ៍ ។
.jpg)
រុស្ស៊ីដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគុយបារហូតមកនោះ បានរិះគន់អាមេរិកពីការរារាំងប្រទេសនានាមិនឱ្យបញ្ជូនប្រេងមកកាន់គុយបា ។ ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយកាលពីថ្ងៃទី២៩ ខែមីនា ថា វាគ្មានបញ្ហាទេដែលរុស្ស៊ីបញ្ជូនប្រេងឱ្យគុយបា គុយបាមានប្រព័ន្ធដឹកនាំប្រទេស និងមេដឹកនាំមិនល្អ មិនថាពួកគេទទួលបានប្រេងពីប្រទេសណា វាមិនសំខាន់ ។
គួរបញ្ជាក់ថា លោកប្រធានាធិបតី Trump បានប្រកាសដំឡើងពន្ធទំនិញប្រទេសណាដែលហ៊ានបញ្ជូនប្រេងឱ្យគុយបា ថែមទាំងធ្លាប់ហាមឃាត់គុយបាមិនឱ្យទទួលយកប្រេងពីរុស្ស៊ី ខណៈរុស្ស៊ីមិនខ្វល់ខ្វាយនឹងអាមេរិកដំឡើងពន្ធទំនិញ ៕










