Home ព័ត៌មានអន្តរជាតិ សាស្រ្តាចារ្យថៃម្នាក់ព្រមា.នរដ្ឋាភិបាលខ្លាំងៗថា គំនិតជាតិនិយមជ្រុលមិនអាចយកឈ្នះច្បាប់អន្តរជាតិបានឡើយ

សាស្រ្តាចារ្យថៃម្នាក់ព្រមា.នរដ្ឋាភិបាលខ្លាំងៗថា គំនិតជាតិនិយមជ្រុលមិនអាចយកឈ្នះច្បាប់អន្តរជាតិបានឡើយ

108
0

មេរៀនប្រវត្តិសាស្រ្តចាញ់ក្តី ២ ដងជាមួយកម្ពុជា បានជំរុញឲ្យលោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ថៃ ទាញសតិរដ្ឋាភិបាលថៃឱ្យទប់ស្កាត់អំណាចនៃយោធា ព្រោះអំណាចអាវុធមិនអាចដោះស្រាយបញ្ហាព្រំដែនបានឡើយ។ លោកបានសង្កត់ធ្ងន់ថា ការដោះស្រាយជម្លោះដោយផ្អែកលើអារម្មណ៍ជាតិនិយមជ្រុល និងការប្រើប្រាស់កម្លាំងបាយ មានតែធ្វើឱ្យប្រទេសថៃខាតបង់ប្រយោជន៍ និងធ្លាក់ក្នុងស្ថានភាពចាញ់ប្រៀបទាំងផ្លូវនយោបាយ និងផ្លូវច្បាប់នៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3iw9F4tJAPY2wBAsXetzagJ3iOibJSBnJgOYVWRyhN0UwxEwVuNwF2tllu9Xhkvvj9AFXRU8H6poTaTOrDtHHln1ymwSgFcEihbrIzsWnPrN4xGtAGtxQCkHkfOgvRInjVZ2pfbGWVwUumRk56RCdgstzCRgGfP4gU2e1DA3OUNUkQSmXJU7TDZBEku0/s1280/photo_2026-07-10_09-08-02.jpg

យោងតាមការវិភាគរបស់លោកសាស្ត្រាចារ្យ Surachart Bamrungsuk ដែលចេញផ្សាយដោយសារព័ត៌មាន Matichon Weekly កាលពីថ្ងៃទី៨ ខែកក្កដា បានឲ្យដឹងថា គោលការណ៍ «សកលនិយម» ដែលគ្រប់ប្រទេសត្រូវគោរព គឺការមិនប្រើប្រាស់កម្លាំងយោធាដើម្បីកែប្រែខ្សែបន្ទាត់ព្រំដែនដាច់ខាត។ ច្បាប់អន្តរជាតិបានចែងយ៉ាងច្បាស់ថា ទោះបីជាមានការប្រែប្រួលនៃខ្សែព្រំដែនដោយកត្តាណាមួយក៏ដោយ នៅពេលមានការចរចាបញ្ចប់ជម្លោះ រដ្ឋជាភាគីទាំងអស់ត្រូវតែដកថយត្រឡប់ទៅរកស្ថានភាពដើម ស្របតាមផែនទីបោះបង្គោលព្រំដែន និងកិច្ចព្រមព្រៀងច្បាប់ដើម។ លោកបន្ថែមថា ថៃមិនមែនជាមហាអំណាចធំដែលអាចរំលោភយកទឹកដីខុសច្បាប់បានឡើយ ហើយថៃក៏មិនត្រូវអនុញ្ញាតឱ្យប្រទេសជិតខាងរំលោភបំពានដូចគ្នាដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpcVE_9jURHPEQoejZ73xhZeIY8CzhgQk558zcaGn0v0LCNp2h4BiW8X3ZnPypqGCwBBlaPmRzP-336HASMmlm9oo-jsXiJpWexAvL00jPal_Q7wYFvtmwEVpxDvLxCFgH1G5LzCziny0cBa34zjVAinDbVPYvfZbV_DiuWfkLPd8YPy2fRHNxUDhPSwY/s1170/photo_2026-07-10_09-08-03%20(2).jpg

អ្វីដែលជាការព្រួយបារម្ភបំផុតរបស់លោកសាស្ត្រាចារ្យ គឺការផ្ទុះឡើងនូវចរន្តនយោបាយ «ជាតិនិយមជ្រុល» ក្នុងសង្គមថៃ ដែលតែងតែជម្រុញឱ្យរដ្ឋាភិបាលបដិសេធមិនទទួលស្គាល់អំណាចតុលាការអន្តរជាតិ ឬចង់ឱ្យថៃដើរចេញពីកតិកាសញ្ញាសកលលោក។ លោកបារម្ភថា ការបំផុសបំផុលបែបអនាធិបតេយ្យ និងកង្វះការយល់ដឹងពីច្បាប់អន្តរជាតិពីសំណាក់មហាជន អាចនឹងក្លាយជាសម្ពាធនយោបាយបង្ខំឱ្យរដ្ឋាភិបាលថៃធ្វើការសម្រេចចិត្តខុសឆ្គង ដោយងាកទៅប្រើប្រាស់មធ្យោបាយយោធាដែលបង្កជាសង្គ្រាមព្រំដែនឡើងវិញ។ សម្រាប់រូបលោក ការបិទភ្នែកមិនព្រមទទួលស្គាល់ការពិតខាងផ្លូវច្បាប់ និងការស្រមើស្រមៃលើអំណាចកងទ័ព គឺជាការដើរចូលទៅក្នុងអន្ទាក់នយោបាយដែលធ្វើឱ្យថៃកាន់តែឯកោ និងខាតបង់ប្រយោជន៍ធ្ងន់ធ្ងរជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZHkccK_xof15mEC8kdgyPnAkREk650HF4VTCcz1JYXO3HxduvgEbfMKLE8MbbZ3hPgIP2UD0XpCJbsCS0hw9mu0bKAZFUOQS2jQXY3378TAQiJk9e_wS93VL-HmmNYYIgVJXcETBcH-wO3c515lSW-0NrP9sdVxwn19l7SjQ81R45fBOUwtdNDNbqu2I/s765/photo_2026-07-10_09-08-02%20(2).jpg

ទន្ទឹមនឹងនេះ លោកសាស្ត្រាចារ្យក៏បានដាស់តឿនរដ្ឋាភិបាលថៃឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងការអូសទាញរឿងក្តីព្រំដែនទៅកាន់តុលាការពិភពលោកជា «លើកទី៣» ជាដាច់ខាត។ លោកបានរំលឹកថា សាលក្រមរបស់តុលាការអន្តរជាតិ (ICJ) ក្នុងឆ្នាំ ២០១៣ កន្លងទៅ ជុំវិញទំនាស់ជាមួយកម្ពុជា បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថានភាពដែនដីរបស់ថៃ ប៉ុន្តែរដ្ឋាភិបាលកន្លងមកមិនដែលហ៊ានបើកការជែកដេញដោលវែកញែករឿងនេះឱ្យប្រជាពលរដ្ឋបានដឹងការពិតឡើយ។ ការគិតបែបជ្រុលនិយមថា ថៃមិនចាំបាច់ទៅតុលាការ ឬមិនបាច់ទទួលស្គាល់កតិការបស់ពិភពលោក គឺជាការគិតដ៏គ្រោះថ្នាក់បំផុតក្នុងការអនុវត្តជាក់ស្តែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOvFpI-fZIw72SRt2EOlWILLJPQIX5rbHF3Z5AZfZUpVaGT8rZEvfT2BHNGG5MqG6j4EsC8L3is9kF91NGh8j9Uqg8IYdFopj-Xhd8BJ0FuiGvBqbN11sZlfSitiSupAaL1imUz8Zm0DCSok_2JnAPUvQzLCYbmCuaCjyOT6NyzW1He2RXOogTiFzjgnA/s500/photo_2026-07-10_09-08-03.jpg
ហេតុដូចនេះ ការវិភាគរបស់លោក Surachart Bamrungsuk គឺជាការដាស់តឿនឱ្យរដ្ឋាភិបាលថៃបោះបង់ចោលនូវគំនិតជាតិនិយមជ្រុល និងការអាងលើកម្លាំងទាហាន មកងាកប្រើប្រាស់យន្តការទូត និងការគោរពច្បាប់អន្តរជាតិវិញ។ ក្នុងពិភពលោកសម័យទំនើប មានតែការគោរពតាមសន្ធិសញ្ញា និងផែនទីបោះបង្គោលផ្លូវការប៉ុណ្ណោះ ទើបអាចការពារផលប្រយោជន៍ និងអធិបតេយ្យភាពរបស់ជាតិដោយសន្តិវិធី និងមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ៕