តារាចម្រៀង នាង ដាវីន អតីតTOP4 កម្មវិធី Cambodian Idol រដូវកាលទី៤ កំពុងតែមានសន្ទុះយ៉ាងខ្លាំងនៅលើទីផ្សារបន្ទាប់ពីមានបទល្បីផ្ទុះជាប់គ្នាហើយកំពុងស្ថិតក្រោមការចាប់អារម្មណ៍របស់មហាជន។ បន្ទាប់ពីបទ «គេជាអ្នកណា» នាង ដាវីន កំពុងតែឡើងកូដជាមួយនឹងបទ «ចំណាយពេល» ម្តងទៀតដោយតារាចម្រៀងរូបនេះសម្តែងជាមនុស្សគរថ្លង់។

កាលពីចុងខែមិថុនា ផលិតកម្មរស្មីហង្សមាសបានចេញផ្សាយបទថ្មីរបស់ នាង ដាវីន មានចំណងជើងថា «ចំណាយពេល» ដែលរៀបរាប់ពីក្តីស្រលាញ់មួយដោយការចាប់ផ្តើមលឿនប៉ុន្តែការបំភ្លេចមនុស្សម្នាក់គឺត្រូវការចំណាយពេលយូរ។ បទនេះទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនដោយមិនដល់២៤ម៉ោងផងបទនេះទទួលបានការស្តាប់២លានដងនៅលើហ្វេកប៊ុក។ នេះគឺលទ្ធផលដ៏ជោគជ័យមួយរបស់ នាង ដាវីន ដែលមានបទចម្រៀងផ្ទុះនៅលើទីផ្សារហើយមកទល់ពេលនេះ បទនេះមានការស្តាប់លើសពី៣លានដងនៅលើផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស។
ប្រជាប្រិយភាពរបស់ នាង ដាវីន កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែមានបទចម្រៀងល្បីកក្រើកក្លាយជាទីចងចាំរបស់មហាជនតាមរយៈបទ «គេជាអ្នកណា» ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ នាង ដាវីន កើនឡើងមួយកម្រិតទៀត។ មកទល់ពេលនេះ «គេជាអ្នកណា» មានការស្តាប់រហូតដល់៥០លានដងដែលធ្វើឱ្យវាក្លាយជាបទដ៏ល្បីបំផុតរបស់ នាង ដាវីន ចាប់តាំងពីក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស។ ជាការកត់សម្គាល់របស់ទស្សនិកជន នាង ដាវីន ហាក់រកឃើញពណ៌សម្រាប់ខ្លួនឯងដោយបទរបស់លោកល្បីល្បាញតាមរយៈបទស្នេហាបែបជនបទ។
សម្រាប់ MV «ចំណាយពេល» នាង ដាវីន គឺបានសម្តែងជាតួអង្គគរថ្លង់ខណៈបទនេះបានផ្តិតយកទេសភាពដ៏ស្រស់ស្អាតនៅឯខេត្តកំពង់ស្ពឺ។ ក្រោយមានសមិទ្ធផលល្អផ្ទួនៗបែបនេះ នាង ដាវីន កាន់តែលេចធ្លោនៅក្នុងអាជីព ខណៈការងារក៏កាន់តែមមាញឹក ស្របពេលលោកមានផែនការត្រៀមបញ្ចេញស្នាដៃថ្មីៗទៀតជូនដល់អ្នកគាំទ្រ៕










