នៅខណៈដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកំពុងកើនឡើងកម្ដៅ ហើយតំបន់មជ្ឈិមបូព៌ាកំពុងជួបប្រទះនឹងអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ រដ្ឋាភិបាលចិនបានប្រកាសពីការបង្កើនថវិកាសម្រាប់វិស័យការពារជាតិចំនួន 7% បន្ថែមទៀតនៅក្នុងឆ្នាំ 2026 ដើម្បីបន្តពង្រីកវិស័យយោធារបស់ខ្លួនជាលំដាប់ នៅក្នុងកាលៈទេសៈដែលពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយ Reuters។
.jpg)
ថ្លែងនៅក្នុងអំឡុងពេលបើកកិច្ចប្រជុំសភាប្រចាំឆ្នាំ ដែលគេស្គាល់ថាជា “សម័យប្រជុំពីរ” របស់ប្រទេសចិន នៅថ្ងៃទី5 ខែមីនា លោក លី ឈៀង នាយករដ្ឋមន្រ្តីចិនបានបង្ហាញពីរបាយការណ៍របស់រដ្ឋាភិបាលថា នៅឆ្នាំ 2026 នេះ ប្រទេសចិននឹងបង្កើនការចំណាយចំនួន 7% ឬស្មើប្រហែល 276-277 ពាន់លានដុល្លារទៅលើវិស័យការពារជាតិ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដែលចំណាយថវិការជាតិលើយោធាច្រើនជាងគេទីពីររបស់ពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។
តាមលោក លី ឈៀង ការចំណាយបន្ថែមនេះនឹងគាំទ្រដល់ការហ្វឹកហ្វឺនយោធា ការអភិវឌ្ឍអាវុធទំនើបៗ និងការកែលម្អការត្រៀមខ្លួនប្រយុទ្ធ ខណៈដែលប្រទេសចិនបន្តធ្វើទំនើបកម្មកងទ័ពរំដោះប្រជាជន។ កន្លងមកនេះប្រទេសចិនធ្លាប់បាននិយាយថា ការអភិវឌ្ឍវិស័យយោធារបស់ខ្លួនមានគោលបំណងដើម្បីតែការពារអធិបតេយ្យភាព និងសន្តិសុខជាតិប៉ុណ្ណោះ។
.jpg)
អ្នកវិភាគមួយចំនួនបាននិយាយថា ការបង្កើនការចំណាយនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការពង្រឹងសមត្ថភាពយោធារបស់ខ្លួន ខណៈពេលដែលកំពុងដោះស្រាយភាពតានតឹងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក និងជម្លោះនៅក្នុងតំបន់ដូចជាសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់។
ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងជាបន្តបន្ទាប់នៃការចំណាយលើវិស័យការពារជាតិរបស់ចិនដូចខាងលើនេះ កំពុងត្រូវបានតាមដានយ៉ាងដិតដល់ដោយប្រទេសជិតខាង និងមហាអំណាចពិភពលោក ដែលប្រទេសជាច្រើនមើលឃើញថាសមត្ថភាពយោធាដែលកំពុងពង្រីករបស់ទីក្រុងប៉េកាំងជាកត្តាមួយដែលកំណត់តុល្យភាពអំណាចនៅអាស៊ី៕










