ខេត្តឌីយ៉ាបាគីរ៖ ទីក្រុងឌីយ៉ាបាគីរ (Diyarbakir) ដែលស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសទួរគី កំពុងមានការចាប់អារម្មណ៍ខ្លាំងលើអាជីវកម្មប្លែកថ្មីមួយគឺ «ផ្ទះបញ្ចេញកំហឹង» (Rage House) ដែលអនុញ្ញាតឱ្យមនុស្សចូលទៅវាយកម្ទេចរបស់របរដើម្បីរំសាយកំហឹងតាមចិត្ត។
លោក Hamza Durmaz ជាម្ចាស់ហាងដែលទើបបើកដំណើរការបាន ២ សប្តាហ៍ បានបង្ហើបថា លោកធ្លាប់ជាមនុស្សដែលមានបញ្ហាក្នុងការគ្រប់គ្រងកំហឹងយូរមកហើយ។ បន្ទាប់ពីបានឃើញវីដេអូពីសហរដ្ឋអាមេរិក លោកក៏សម្រេចចិត្តបើកទីកន្លែងនេះឡើង ក្នុងបំណងជួយឱ្យមនុស្សមានកន្លែងបញ្ចេញសម្ពាធផ្លូវចិត្តតាមរបៀបដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ .png)
លោក Durmaz បាននិយាយថា «ជំនួសឱ្យការចំណាយពេលពេញមួយជីវិតនៅក្នុងពន្ធនាគារ កំហឹងទាំងអស់ត្រូវបានបញ្ចេញនៅទីនេះក្នុងរយៈពេលត្រឹមតែមួយម៉ោង»។
ចំណែកអតិថិជនម្នាក់គឺលោក Omur Yoldas បានរៀបរាប់ថា សម្ពាធពីការងារ សាលារៀន និងគ្រួសារ បានធ្វើឱ្យលោកតានតឹងជាខ្លាំង ប៉ុន្តែបន្ទាប់ពីបានសាកល្បងវាយកម្ទេចរបស់របរប្រើប្រាស់ដែលខូចៗនៅក្នុងផ្ទះបញ្ចេញកំហឹងនេះ លោកមានអារម្មណ៍ធូរស្រាលជាងមុន។
.png)
យ៉ាងណាមិញ ទោះបីជាវាផ្តល់ភាពសប្បាយរីករាយក្នុងរយៈពេលខ្លីក៏ដោយ អ្នកស្រី Hayriye Mujde Ercetin អ្នកប្រឹក្សាផ្នែកចិត្តវិទ្យា បានសម្តែងក្តីបារម្ភចំពោះផលប៉ះពាល់រយៈពេលវែង ដោយសាកំហឹងរបស់អ្នកស្រុកឌីយ៉ាបាគីរ កើតចេញពីបញ្ហាសេដ្ឋកិច្ច សង្គម នយោបាយ និងរចនាសម្ព័ន្ធគ្រួសារដែលតឹងរ៉ឹង។ ម៉្យាងទៀតការបំបាត់កំហឹងតាមរយៈការវាយកម្ទេច អាចធ្វើឱ្យមនុស្សយល់ថា អំពើហិង្សាគឺជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយបញ្ហា។ បន្ថែមពីនេះ ការប្រើប្រាស់ការវាយដំជាការកម្សាន្ត អាចនឹងក្លាយជាទម្លាប់ដែលឈានទៅរកការប្រើប្រាស់អំពើហិង្សាពិតប្រាកដក្នុងជីវិតរស់នៅ។ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?.png)










