ប្រទេសថៃ ៖ ទីក្រុងបាងកករបស់ថៃស្ថិតក្នុងចំណោមទីក្រុងមានខ្យល់កខ្វក់ខ្លាំងបំផុតលើពិភពលោក ហើយរដ្ឋាភិបាលថៃមិនទាន់អាចដោះស្រាយបញ្ហាខ្យល់កខ្វក់នៅឡើយទេ ដែលធ្វើឱ្យពលរដ្ឋប្រឈមនឹងផលប៉ះពាល់សុខភាពយ៉ាងខ្លាំង ។ អភិបាលក្រុងបាងកកបានត្រឹមតែស្នើឱ្យពលរដ្ឋធ្វើការពីផ្ទះ (Work from Home) ជាញឹកញាប់តាំងពីឆ្នាំ២០២៥ ហើយនៅដើមឆ្នាំ២០២៦ អភិបាលក្រុងបាងកកបានប្រកាសឱ្យពលរដ្ឋធ្វើការពីផ្ទះដូចមុន ដោយសារខ្យល់កខ្វក់កើនឡើងឈានដល់ពណ៌ទឹកក្រូចគ្របដណ្តប់លើទីក្រុងបាងកក រហូតដល់៣៥តំបន់ ។
អភិបាលក្រុងបាងកក លោក Chadchart Sittipunt កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ បានសុំការសហការពីស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងកន្លែងប្រកបអាជីវកម្មទាំងអស់ អនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួនធ្វើការពីផ្ទះ (Work from Home) រយៈពេល២ថ្ងៃ (ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមករា) ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍នៅតាមផ្លូវ និងកាត់បន្ថយការបញ្ចេញឧស្ម័នពុលពីយានជំនិះ បន្ទាប់ពីមានការសន្និដ្ឋានថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែមករា ទីក្រុងបាងកកគ្របដណ្តប់ដោយខ្យល់កខ្វក់បំផុតគ្រោះថ្នាក់ដល់សុខភាព ។.png)
ខ្យល់កខ្វក់ខ្លាំងឈានដល់ពណ៌ទឺកក្រូច គឺជាកម្រិតខ្យល់គួរឱ្យព្រួយបារម្ភដោយសារវាប៉ះពាល់សុខភាពពលរដ្ឋរស់នៅក្នុងទីក្រុង ។ អាជ្ញាធរបានណែនាំឱ្យពលរដ្ឋថែទាំសុខភាព និងការពារខ្លួន ដូចជា ៖ ពាក់ម៉ាស់ការពារខ្យល់កខ្វក់ (PM 2.5) គ្រប់ពេលចេញទៅខាងក្រៅ, កំណត់រយៈពេលធ្វើការងារ ឬហាត់ប្រាណនៅក្រោមកំដៅថ្ងៃដែលប្រើប្រាស់កម្លាំង, សង្កេតអាការៈខុសប្រក្រតី រួមមាន ៖ ក្អក ពិបាកដកដង្ហើម និងរមាស់ភ្នែក ។
ក្រៅពីនេះ អាជ្ញាធរក៏បានដាស់តឿនឱ្យមនុស្សចាស់ ស្ត្រីមានផ្ទៃពោះ កុមារ និងអ្នកមានជំងឺប្រចាំកាយ យកចិត្តទុកដាក់លើការថែទាំសុខភាពដោយការពាក់ម៉ាក់ការពារខ្យល់កខ្វក់ (PM 2.5) ជានិច្ចគ្រប់ពេលចេញទៅខាងក្រៅ, ចៀសវាងធ្វើការងារ ឬហាត់ប្រាណក្រោមកំដៅថ្ងៃដែលប្រើប្រាស់កម្លាំង ព្រមទាំងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ។ ប្រសិនបើមានអាការៈខុសប្រក្រតី ត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ។.png)
គួរបញ្ជាក់ថា ទីក្រុងបាងកក និងខេត្តជាច្រើនទៀតតែងតែប្រឈមនឹងខ្យល់កខ្វក់ខ្លាំង ដែលឈានដល់កម្រិតគ្រោះថ្នាក់ដល់សុខភាព រួមមាន ៖ ខេត្តណុនថាក់បុរី, ណាខនប៉ាធុម, សាមុទ្រសាខាន, សាមុទ្រប្រាកាន, សុខោទ័យ, ស្រះបុរី និងអាន់ថង ។ ទោះជារដ្ឋាភិបាលថៃ និងមន្ត្រីពាក់ព័ន្ធ ប្រឹងប្រែងរកវិធីដោះស្រាយបញ្ហាខ្យល់កខ្វក់យ៉ាងណាក៏ដោយ ក៏មិនអាចដោះស្រាយបាន ដែលបញ្ហានេះប៉ះពាល់ដល់វិស័យទេសចរណ៍យ៉ាងខ្លាំង ។
ជារៀងរាល់ឆ្នាំ ឱ្យតែចូលដល់រដូវប្រាំង ខ្យល់កខ្វក់បណ្តាលមកពីផ្សែងរថយន្ត រោងចក្រឧស្សាហកម្មនានា និងការដុតកាកសំណល់នៅក្នុងស្រែចម្ការ បានគ្របដណ្តប់លើទីក្រុងបាងកកបណ្តាលឱ្យបរិយាកាសអួរអាប់យ៉ាងខ្លាំង ។ ខ្យល់កខ្វក់នេះធ្វើឱ្យពលរដ្ឋថៃធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ បើតាមតួលេខរបស់អាជ្ញាធរថៃព្យាករថា ការខាតបង់សេដ្ឋកិច្ចដោយសារខ្យល់កខ្វក់អាចនឹងកើនឡើងដល់រាប់ពាន់លានដុល្លារនាឆ្នាំខាងមុខ ៕










