ទស្សនិកជន សិល្បករមួយចំនួនបានសម្តែងក្តីរំភើបចិត្តជាខ្លាំងបន្ទាប់ពីតារាចម្រៀងជើងចាស់ដ៏មានឈ្មោះបោះសំឡេងទាំងពីរដួងគឺតារាចម្រៀង ម៉េង កែវពេជ្ជតា និងតារាចម្រៀង ហ៊ឹម ស៊ីវន បានឡើងបកស្រាយបទចម្រៀងជាមួយគ្នានៅក្នុងពិធីមង្គល។ ការឡើងឆាកដ៏កម្រនេះអ្នកនាង ម៉េង កែវពេជ្ជតា បានពោលថាអាជីពសិល្បៈជិត៤០ឆ្នាំពិតជាមានន័យសម្រាប់ខ្លួន។

កាលពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ពិធីអាពាហ៍ពិពាហ៍ដែលរៀបចំឡើងនៅភីអេច ហ្គ្រេនហល 2 បាននាំយកតារាជើងចាស់ដ៏មានឈ្មោះបោះសំឡេងបីដួងជួបគ្នាគឺលោកជំទាវ ហ៊ឹម ស៊ីវន អ្នកនាង ម៉េង កែវ ពេជ្ជតា និងលោក ណូយ វ៉ាន់ណេត។ នាឱកាសដ៏ពិសេសនេះតារាចម្រៀង ម៉េង កែវពេជ្ជតា បានបង្ហោះវីដេអូមួយជាមួយនឹងតារាចម្រៀង ហ៊ឹម ស៊ីវន ដែលតារាជើងចាស់ទាំងពីររូបបានបកស្រាយចម្រៀងរួមគ្នា។
អ្នកនាង ម៉េង កែវពេជ្ជតា បានភ្ជាប់ជាមួយអារម្មណ៍របស់ខ្លួនថា «ជិត៤០ឆ្នាំនៅលើវិថីសិល្បៈរបស់ខ្ញុំពិតជាមានន័យណាស់ ។ ថ្ងៃនេះពិសេសណាស់បានច្រៀងបទចម្រៀង «មិត្តភាពប្រពៃ (មច្ឆាលេងទឹក)» ជាមួយអ្នកបង ហ៊ឹម ស៊ីវន សំនៀងដើម រាជនីសម្លេងមាស រស់ សេរីសុទ្ធា រាជនីសម្លេងផ្អែមរំអួយ ប៉ែន រ៉ន»។
មិនត្រឹមតែតារាចម្រៀង ម៉េង កែវពេជ្ជតា ដែលមានភាពរីករាយសម្រាប់ឱកាសដែលខ្លួនបានឡើងឆាកតន្រ្តីរួមជាមួយនឹងលោកជំទាវ ហ៊ឹម ស៊ីវន ងាកទៅកាន់ទស្សនិកជនក៏រំភើបចិត្តមិនចាញ់គ្នានោះទេនៅពេលឃើញរាជនីសំឡេងទាំងពីរដួងបកស្រាយចម្រៀងរួមគ្នាបែបនេះ៕










