ប្រទេសថៃ៖ កីឡាការិនីកីឡាអេឡិចត្រូនិក (E-Sport ) តំណាងម្ចាស់ផ្ទះថៃ Warasin Naraphat ឬមានរហ័សនាមថា “Tokyogurl” ត្រូវបានដកសិទ្ធិចេញពីការប្រកួតកីឡាស៊ីហ្គេមលើកទី 33 បន្ទាប់ពីត្រូវបានគេចាប់បានថា បានប្រើប្រាស់កម្មវិធីដែលគ្មានការអនុញ្ញាតដើម្បីបន្លំក្នុងអំឡុងពេលការប្រកួត Arena of Valor ទល់នឹងក្រុមវៀតណាម។
.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ថៃ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ សហព័ន្ធកីឡាអេឡិចត្រូនិកថៃ (TESF) បានបញ្ជាក់ថា កីឡាការនី Naraphat ត្រូវបានដកសិទ្ធិកាលពីថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥តទៅ បន្ទាប់ពីក្រុមបច្ចេកទេសបានរកឃើញថា នាងបានរំលោ.ភយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិបច្ចេកទេស តាមរយៈការប្រើប្រាស់កម្មវិធីជំនួយលើទូរស័ព្ទដៃ ដែលអាចអនុញ្ញាតឱ្យជនទី៣ អាចចូលលេងជំនួសនាងបាន អំឡុងពេលការប្រកួតនោះ ហើយនាងគ្រាន់តែអង្គុយបង្ហាញសកម្មភាព ដូចជានាងកំពុងតែប្រកួតផ្ទាល់តែប៉ុណ្ណោះ។.jpg)
លើសពីនេះ Tokyogurl ក៏ថែមទាំងបានប្រើប្រាស់កាយវិការមិនសមរម្យ ក្នុងពេលផ្សាយផ្ទាល់ការប្រកួត ដោយការលើកម្រាមដៃកណ្តាល បង្ហាញនៅចំពោះមុខកាម៉េរាថែមទៀតផង ដែលរឿងនេះបានធ្វើឱ្យមហាជនរិះគន់លើនាងកាន់តែខ្លាំង។.jpg)
ក្រោយកើតមានភាពចម្រូងចម្រាស់ទាំងនេះ ក្រុមកីឡាអេឡិចត្រូនិក Arena of Valor របស់ម្ចាស់ផ្ទះថៃ នៅតែចាញ់ការប្រកួតនេះដដែល ដោយត្រូវបានក្រុមនារីវៀតណាម ផ្ដួលក្រោមលទ្ធផល ៣-០ កាលពីថ្ងៃទី១៥ ខែធ្នូ ដែលធ្វើឲ្យអ្នកគាំទ្រក្រុមម្ចាស់ផ្ទះថៃកាន់តែបាក់មុខថែមមួយកម្រិតទៀត។.jpg)
យ៉ាងណាក្រោយមានរឿងនេះកើតឡើង ការស៊ើបអង្កេតខ្លីបានធ្វើឡើង ពីសំណាក់ផ្នែកបច្ចេកទេសកីឡាស៊ីហ្គេម ហើយបានរាយការណ៍បញ្ហានោះទៅអ្នករៀបចំ។ បន្ទាប់មកល្បិចរបស់ កីឡាការិនី Tokyogurl ត្រូវបានលាតត្រដាង នាងត្រូវរងនូវពិន័យយ៉ាងធ្ងន់ ដោយត្រូវបានលុបឈ្មោះចេញពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ដោយស្វ័យប្រវត្តិ។.jpg)
ដោយឡែក មិត្តរួមក្រុមរបស់នាង ក៏បានបង្ហាញអារម្មណ៍ខកចិត្តចំពោះទង្វើពិបាកនឹងទទួលយកនោះ លើបណ្តាញសង្គមថែមទៀតផង។ ប៉ុន្មានម៉ោងក្រោយពីមានរឿងអាស្រូវក្លែងបន្លំប្រើកម្មវិធីជំនួយនេះ សហព័ន្ធកីឡាអេឡិចត្រូនិកថៃ (TESF) ក៏បានសម្រេចចិត្តដកក្រុមនារីកីឡាអេលិចត្រូនិក លើវិញ្ញាសា Arena of Valor ទាំងអស់ចេញពីការប្រកួតស៊ីហ្គេមតែម្តង។
ជាមួយគ្នានេះដែរក្លឹបរបស់ Naraphat គឺ Talon ក៏បានយល់ស្របនឹងការសម្រេចចិត្តនេះផងដែរតាមរយៈការប្រកាសបញ្ចប់កិច្ចសន្យារបស់ Naraphat ភ្លាមៗដោយគ្មានការស្ទាក់ស្ទើ។ តាមការបញ្ជាក់ ការសម្រេចនេះនឹងចូលជាធរមាន ចាប់ពីថ្ងៃទី១៦ ធ្នូ នេះតទៅ៕










