ប្រទេសថៃ ៖ កងទ័ពថៃបានធ្វើសកម្មភាពឈ្លានពា.នដោយប្រដាប់អាវុ.ធមកលើដែនអធិបតេយ្យកម្ពុជាកាន់តែខ្លាំងដើម្បីបំពេញមហិច្ឆតាពង្រីកទឹកដី បន្ទាប់ពីមេដឹកនាំថៃទាត់ចោលការអន្តរាគមន៍សម្របសម្រួលរបស់ម៉ាឡេស៊ីជាប្រធានអាស៊ាន មហាអំណាចអាមេរិក និងមហាអំណាចចិន ។ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ គណៈរដ្ឋមន្ត្រីថៃបានអនុម័តថវិការហូតដល់ជាង២ពាន់ ៤រយលានបាត (ឬជាង៧៧លាន ៦សែនដុល្លារ) សម្រាប់ឱ្យកងទ័ពធ្វើប្រតិបត្តិការនៅព្រំដែនកម្ពុជា-ថៃ ខណៈកងទ័ពភូមិភាគ២ថៃហាមពលរដ្ឋបង្ហោះរូបភាព វីដេអូ ឬចែកចាយទីតាំងឈរជើងកងទ័ព និងកុំផ្សព្វផ្សាយពីផែនការវាយប្រ.ហារជាដាច់ខាត ។
កាលពីថ្ងៃទី១៦ ខែធ្នូ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បាននិយាយក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា គណៈរដ្ឋមន្ត្រីថៃបានសម្រេចអនុម័តថវិកាជាង២ពាន់ ៤រយលានបាត សម្រាប់ប្រតិបត្តិការកងទ័ពនៅព្រំដែនជាប់កម្ពុជា តាមសំណើរបស់ក្រសួងការពារជាតិបន្ទាប់ពីមានការស្នើសុំពីកងទ័ពជើងគោក និងជើងទឹក ។ រដ្ឋាភិបាលថៃរីករាយក្នុងការផ្តល់ថវិកានេះសម្រាប់ចំណាយពាក់ព័ន្ធនឹងសកម្មភាពកងទ័ពនៅព្រំដែនភាគខាងកើតប្រទេសថៃ ។
ចំណែកកងទ័ពភូមិភាគ២ថៃបានហាមពលរដ្ឋបង្ហោះរូបភាព វីដេអូ ឬចែកចាយទីតាំងឈរជើងកងទ័ព និងកុំផ្សព្វផ្សាយពីផែនការវាយប្រ.ហារជាដាច់ខាតដើម្បីកុំឱ្យសត្រូវដឹងខ្លួនមុន ។ កងទ័ពភូមិភាគ២ថៃបញ្ជាក់ថា ការចែកចាយទាំងនេះធ្វើឱ្យសត្រូវប្រុងប្រយ័ត្ន ត្រៀមខ្លួនទាន់ពេលវេលា និងប៉ះពាល់ដល់ប្រតិបត្តិការរបស់កងទ័ពថៃ ។
សារព័ត៌មាន Daily News រាយការណ៍នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ថា កងទ័ពថៃបានបើកការវាយប្រ.ហារកម្ពុជាជាបន្តបន្ទាប់ ហើយការចែកចាយទីតាំងឈរជើងកងទ័ព និងផ្សព្វផ្សាយពីផែនការកងទ័ពវាយប្រហារសត្រូវ គឹមិនផ្តល់ផលល្អទេ ។ ហេតុនេះ កងទ័ពភូមិភាគ២ សំណូមពរឱ្យពលរដ្ឋបញ្ឈប់ការចែកចាយទីតាំងឈរជើងកងទ័ព ហាមផ្សព្វផ្សាយពីផែនការវាយសត្រូវ ពីព្រោះនឹងធ្វើឱ្យសត្រូវដឹងខ្លួនមុន និងត្រៀមខ្លួនទាន់ពេលវេលា ថែមទាំងបង្កគ្រោះថ្នាក់ដល់កងទ័ពថៃដែលកំពុងធ្វើសង្គ្រាមឈ្លានពាន ។
គួរបញ្ជាក់ថា សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់កងទ័ពថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១៦ ខែធ្នូ ជនស៊ីវិលកម្ពុជាបានបាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន១៧នាក់ (ទារក១នាក់) និងរងរបួសជនស្លូតត្រង់ ៧៧នាក់ ។ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ ។
កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ។
ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីអំពាវនាវដល់ពលរដ្ឋដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ព័ត៌មាន វីដេអូ ឬរូបភាពផ្សេងៗដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង លេណដ្ឋាន (ត្រង់សេ), ជំរំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារៈបរិក្ខារ ឬស្បៀងអាហាររបស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា ៖ Facebook, TikTok, YouTube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗជាដាច់ខាត ៕










