អង្គការយូណេស្កូ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងឡើងវិញរវាងកម្ពុជា និងថៃ រួមទាំងការប៉ះទង្គិចគ្នានៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
.jpg)
តាមរយៈសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ អង្គការយូណេស្កូបានឲ្យដឹងថា អង្គការសូមអំពាវនាវឱ្យមានការការពារបេតិកភណ្ឌវប្បធម៌របស់តំបន់គ្រប់ទម្រង់ទាំងអស់ជាបន្ទាន់ និងបានរំឭកដល់គ្រប់ភាគីទាំងអស់អំពីកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាទីក្រុងឡាអេឆ្នាំ ១៩៥៤ ស្តីពីការការពារទ្រព្យសម្បត្តិវប្បធម៌ក្នុងករណីមានជម្លោះប្រដាប់អាវុធ និងអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ ១៩៧២។
.jpg)
អង្គការយូណេស្កូបានបញ្ជាក់ថា ខ្លួននឹងបន្តតាមដានស្ថានភាពបេតិកភណ្ឌវប្បធម៌នៅក្នុងតំបន់ ដើម្បីធានាការការពាររបស់ប្រាសាទ។ ដើម្បីសម្រេចគោលដៅនេះ អង្គការយូណេស្កូបានជម្រាបដល់គ្រប់ភាគីពាក់ព័ន្ធអំពីកូអរដោនេភូមិសាស្ត្រនៃទីតាំងនានាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក៏ដូចជាទីតាំងដែលមានសារៈសំខាន់ជាតិ ដើម្បីជៀសវាងការខូចខាតដែលអាចកើតមាន។
ជាមួយគ្នានេះ អង្គការយូណេស្កូក៏បានបញ្ជាក់ពីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជំនួយបច្ចេកទេសចាំបាច់ ដើម្បីធានាការការពារទ្រព្យសម្បត្តិវប្បធម៌ និងអនុវត្តវិធានការការពារចាំបាច់ណាមួយឱ្យបានឆាប់តាមដែលលក្ខខណ្ឌអនុញ្ញាត។
.jpg)
គួរជម្រាបថា ការថ្លែងពីក្ដីបារម្ភ និងទទូចឲ្យមានការការពារដូចខាងលើនេះ ធ្វើឡើងក្រោយពេលដែលយោធាថៃបានបើកការឈ្លានពានលើកម្ពុជាជាថ្មីម្ដងទៀត ដោយបានបើកការវាយប្រ.ហារយ៉ាងខ្លាំងក្លា និងព្យាយាមបំផ្លិចបំផ្លាញប្រាង្គប្រាសាទបុរាណខ្មែររួមមានប្រាសាទតាក្របី និងប្រាសាទព្រះវិហារ។
យោងតាមកាលវិភាគសង្ខេបដែលចេញផ្សាយដោយក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី១០ ខែធ្នូ កងកម្លាំងថៃបានវាយប្រហារជាបន្តបន្ទាប់លើទីតាំងរបស់កម្ពុជានៅក្នុងតំបន់យោធាទី៤ ដោយចាប់ផ្តើមដំបូងនៅទីតំបន់ប្រាសាទតាមាន់ បន្ទាប់មកបានពង្រីកទីតាំងវាយប្រហារដោយបន្ដផ្លោងលើតំបន់ជាច្រើនដូចជា ប្រាសាទតាក្របី ប្រាសាទខ្នា ថ្មដូន តាថាវ និងអានសេះ។ មិនតែប៉ុណ្ណោះ ប្រាសាទព្រះវិហារ ដែលស្ថិតនៅលើចំណោទភ្នំតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាយូរមកហើយនោះ ក៏បានក្លាយជាចំណុចក្តៅគគុកក្នុងអំឡុងពេលនៃការប្រយុទ្ធមួយនេះផងដែរ។ .jpg)
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធាថៃមកលើប្រាសាទបុរាណដែលជាទីគោរពសក្ការៈរបស់កម្ពុជា។ ទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន៕










