ពិធីការិនី ហេង បូនីកា បានបង្ហាញការឈឺចិត្តយ៉ាងខ្លាំងបន្ទាប់ពីចាញ់បោកគេអស់ទឹកប្រាក់ចំនួន១៥០ដុល្លារដោយសារតែជនឆបោកនោះបានយករូបថតបងប្រុសរបស់នាងឆាតមកពឹងពាក់ខ្ចីលុយសងអីវ៉ាន់គេ។ លើសពីនេះទៅទៀត បូនីកា ថាជនឆបោកនោះអាចជាមនុស្សដែលធ្លាប់ស្គាល់គ្នាពីព្រោះកម្រមានអ្នកដឹងថាបងប្រុសរបស់នាងជានរណាណាស់។

កញ្ញា ហេង បូនីកា បានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមទិកតុកនៅថ្ងៃទី១៣ ដោយបង្ហាញពីរឿងស៊យរបស់ខ្លួនអមដោយការឈឺចិត្តត្រូវបានបុគ្គលអនាមិកយករូបថតបងប្រុសរបស់នាងមកបោកនាង។ ពិធីការិនីរូបនេះបានរៀបរាប់ពីហេតុការណ៍នេះថា នាងកំពុងតែនិយាយការងារជាមួយនឹង Client ស្រាប់តែមានគណនីតេលេក្រាមមួយដែលមានការតាំងរូបប្រុសរបស់នាងបានសុំខ្ចីលុយចំនួន១៥០ដុល្លារដើម្បីបាញ់លុយថ្លៃអីវ៉ាន់ឱ្យគេ។ ភ្លាមៗនាងក៏មានការឆ្ងល់ដែរថាជានរណា ខណៈពេលដែលកំពុងតែនិយាយការងារផង មានបញ្ហាសុខភាពផង និងព្រួយបារម្ភងថាបងប្រុសប្រញាប់ត្រូវការបាញ់លុយឱ្យគេផងនាងក៏បានបាញ់លុយទៅតែម្តង។

ទន្ទឹមនឹងការចុចបាញ់លុយ បូនីកា ស្រាប់តែនឹកឃើញភ្លាមពីឈ្មោះអ្នកទទួលមិនមែនជាកុងធនាគារបងប្រុសខ្លួន ប៉ុន្តែក៏បាញ់រួចហើយទើបធ្វើឱ្យនាងដឹងថាចាញ់បោកគេបាត់ទៅហើយ។ ក្រោយពីចាញ់បោកគេហើយ ហេង បូនីកា បានចុចផ្ញើសារទៅកាន់គណនីបោកប្រាស់នោះឱ្យទូលរែកយកលុយ១៥០ដុល្លារនោះទៅ ហើយរឿងស៊យទាំងប៉ុន្មានឱ្យធ្លាក់ទៅលើជនបោកប្រាស់នោះ ខណៈរូបនាងផ្តាំផ្ញើទៅកាន់អ្នកដទៃទៀតកុំឱ្យបាញ់លុយទៅកាន់គណនីដែលមានរូបបងប្រុសរបស់នាង។
នៅក្នុងរឿងនេះពិធីការិនី ហេង បូនីកា បានដាក់ការសង្ស័យថាគឺជាមនុស្សដែលធ្លាប់ស្គាល់គ្នាដែលហ៊ានធ្វើអ៊ីចឹងពីព្រោះកម្រមានអ្នកដឹងថាអ្នកទាំងពីរគឺជាបងប្អូននឹងគ្នាណាស់។ អ្នកដែលយកលុយនោះ បូនីកា បានដាក់ទំនាយកុំឱ្យមានសុភមង្គលស្ពាយភាពស៊យរបស់នាងទាំងប៉ុន្មានឱ្យអស់ ឱ្យគ្រួសាររបស់បុគ្គលនោះវិនាសហិនហោច។
ការចាញ់បោករបស់ ហេង បូនីកា ក៏ជាសារដាក់តឿនទៅកាន់សាធារណជនដទៃទៀតឱ្យបង្កើនការប្រុងប្រយ័ត្នកាន់តែខ្លាំងពីព្រោះជនឆបោកតាមប្រព័ន្ធអនឡាញទាំងនោះគឺមានវិធីសាស្រ្តច្រើនបែបច្រើនយ៉ាងក្នុងការបោកប្រាស់៕










