ប្រទេសថៃ ៖ បន្ទាប់ពីកងទ័ពថៃបើកការបា.ញ់ប្រ.ហារមកលើកងកម្លាំង និងប្រជាជនស៊ីវិលកម្ពុជានៅទិសយោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ចាប់ពីម៉ោង៥និង៤នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃក៏ពង្រីកការវាយប្រ.ហារក្នុងខេត្តបន្ទាយមានជ័យ នៅភូមិសាស្រ្តយោធភូមិភាគទី៥ ដោយនាវេលាម៉ោង១៣និង៣៦នាទីរសៀល កងទ័ពថៃបានបា.ញ់ប្រ.ហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយប្រើប្រាស់អាវុ.ធធុនតូច និងធុនធំទាំងកំរោល និងមិនរើសគោលដៅយ៉ាងសាហា.វព្រៃ.ផ្សៃមកលើភូមិដ្ឋានជនស៊ីវិលរស់នៅ ។ នៅថ្ងៃទី៨ ខែធ្នូ នាយករដ្ឋមន្ត្រីថៃប្រកាសគាំទ្រកងទ័ពបើកការប្រយុ.ទ្ធផ្លូវការ ឈប់ចរចាជាមួយកម្ពុជា និងមិនចាប់អារម្មណ៍ប្រធានាធិបតីអាមេរិកដំឡើងពន្ធទំនិញ ព្រោះតែចង់បានសំឡេងគាំទ្រច្រើនពីពលរដ្ឋមុនធ្លាក់ពីតំណែង ។

រដ្ឋាភិបាលថៃបានរៀបចំផែនការបើកការវាយប្រហារលើកម្ពុជាឱ្យបានមុនថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីឱ្យលោកនាយករដ្ឋមន្ត្រី Anutin ទទួលប្រជាប្រិយភាពពីពលរដ្ឋឡើងវិញ បើមិនឆាប់វាយកម្ពុជាទេ លោកនឹងធ្លាក់ពីតំណែងនៅមុនថ្ងៃទី១២ ខែធ្នូ បន្ទាប់ពីរងការស្ទីបន្ទោសពីពលរដ្ឋរឿងខ្វះសមត្ថភាពដោះស្រាយបញ្ហាទឹកជំនន់នៅភាគខាងត្បូង ដោយបណ្តោយឱ្យពលរដ្ឋស្លាប់រហូតដល់ជាង១,០០០នាក់ និងព្យាយាមលាក់បាំងព័ត៌មាន ។ លើសពីនេះ លោករងការចោទប្រកាន់ថា មានទំនាក់ទំនងជិតស្និទ្ធជាមួយមេឆបោកអនឡាញជនបរទេស (Online Scam) ក្រោយពីបែកធ្លាយរូបភាពលោកអង្គុយនៅតុអាហារជាមួយមេឆបោកអនឡាញនាពេលថ្មីៗនេះ ។

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ PPTV HD នៅថ្ងៃទី៨ ខែធ្នូ លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul បានប្រកាសបញ្ឈប់ការចរចាជាមួយកម្ពុជា ហើយមិនចាប់អារម្មណ៍ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ទេ ។ នាយករដ្ឋមន្ត្រីថៃនិយាយថា វាជាបញ្ហារវាងកម្ពុជា-ថៃ លោកមិនចាប់អារម្មណ៍អាមេរិកដំឡើងពន្ធទំនិញថៃទេ រីឯកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី លែងមានប្រសិទ្ធភាពហើយ ។

លោកនាយករដ្ឋមន្ត្រី Anutin បាននិយាយពីកងទ័ពថៃបើកការបាញ់ប្រហារមកលើកងទ័ព និងប្រជាជនស៊ីវិលកម្ពុជាជាបន្តបន្ទាប់ក្រោយពីកងទ័ពថៃមានផែនការទុកជាមុនថា លោកបញ្ឈប់ការចរចាជាមួយកម្ពុជា ប្រសិនបើកម្ពុជាចង់ឱ្យថៃឈប់បាញ់ លុះត្រាតែកម្ពុជាព្រមធ្វើតាមលក្ខខណ្ឌរបស់ថៃ ។ រហូតមកដល់ថ្ងៃទី៨ ខែធ្នូ លោកបានបញ្ជាឱ្យអភិបាលខេត្តនៅព្រំដែនជាប់កម្ពុជា ជម្លៀសពលរដ្ឋទៅកាន់ជំរំភៀសសឹកឱ្យអស់ងាយស្រួលកងទ័ពថៃសម្រុកវាយ ។

លោកមិនខ្វល់ទេពីសារព័ត៌មានអន្តរជាតិធំៗ ដូចជា ៖ CNN ចុះផ្សាយពីកងទ័ពថៃបើកការបាញ់ប្រហារកម្ពុជា ទាំងដែលកងទ័ពកម្ពុជាមិនតបត ប៉ុន្តែលោកគិតថា គួរតែធ្វើបែបណាទម្លាក់កំហុស និងលាបពណ៌កម្ពុជាឱ្យខ្លាំងជាងនេះ ដើម្បីបិទបាំងទង្វើអាក្រក់របស់កងទ័ព និងរដ្ឋាភិបាលថៃ ។ កងទ័ពថៃបានរៀបចំផែនការវាយកម្ពុជារួចហើយ ប៉ុន្តែលោកមិនអាចនិយាយជាសាធារណៈ និងសូមឱ្យសារព័ត៌មានថៃកុំផ្សព្វផ្សាយពីផែនការវាយកម្ពុជា ពីព្រោះវាគ្មានប្រយោជន៍សម្រាប់ប្រទេសថៃ នេះជារឿងសម្ងាត់បំផុត ។

ក្រៅពីនេះ លោក Anutin ប្រកាសថា កិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ក្រោមវត្តមានប្រធានាធិបតីអាមេរិក និងម៉ាឡេស៊ី លែងមានប្រសិទ្ធភាព លោកក៏មិនជជែកជាមួយលោកប្រធានាធិបតី Trump និងលោកនាយករដ្ឋមន្ត្រី Anwar ដែរ ពីព្រោះវាជាជម្លោះរវាងកម្ពុជា-ថៃ ហើយលោកក៏មិនបារម្ភពីអាមេរិកដំឡើងពន្ធទំនិញដែរ ។ លោកគាំទ្រឱ្យកងទ័ពថៃបើកការប្រយុទ្ធជាមួយកម្ពុជាជាផ្លូវការ ទោះជាលោកនាយករដ្ឋមន្ត្រី Anwar សុំឱ្យភាគីទាំងពីរចរចាក្តី ។ ចុងក្រោយ លោកសំណូមពរឱ្យពលរដ្ឋថៃទាំងអស់ រួមទាំងសារព័ត៌មាន ត្រូវជឿជាក់លើកងទ័ព និងរដ្ឋាភិបាល កុំជឿពាក្យសម្តីសត្រូវ ។

នៅរសៀលថ្ងៃទី៨ ខែធ្នូ នេះ ផេកផ្លូវការរបស់កងទ័ពថៃភូមិភាគទី២ បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ដែលខុសស្រឡះពីការពិត ដោយចុះផ្សាយថា «កម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ» ហើយត្រូវបានសារព័ត៌មានរបស់ថៃមួយចំនួនដកស្រង់ និងចេញផ្សាយជាបន្តបន្ទាប់ ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar បានអំពាវនាវឱ្យថៃបញ្ឈប់ការបាញ់ប្រហារលើកម្ពុជាទាំងដែលកងទ័ពកម្ពុជាមិនតបត និងឱ្យថៃងាកមកចរចារកសន្តិភាពឡើងវិញ មុនពេលស្ថានការណ៍នៅព្រំដែនប្រទេសទាំងពីរកាន់តែតានតឹងខ្លាំងជាងមុន និងបំផ្លាញសន្តិភាពក្នុងតំបន់ ប៉ុន្តែត្រូវបានរដ្ឋាភិបាលថៃទាត់ចោលការអំពាវនាវនេះ ៕