ប្រទេសថៃ ៖ លោក Rangsiman Rome អនុប្រធានគណបក្សប្រជាជន និងជាសមាជិកសភាបានបន្ទោសនាយករដ្ឋមន្ត្រីថៃនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី គឺគ្រាន់តែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនបន្តតំណែងជានាយករដ្ឋមន្ត្រីយូរអង្វែង ។ លោកសួរថា តើរដ្ឋាភិបាលថៃបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដើម្បីផលប្រយោជន៍ជាតិ ឬផលប្រយោជន៍ខ្លួនឯងឱ្យពលរដ្ឋបោះឆ្នោតគាំទ្រធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ។
នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា លោក Rangsiman Rome អនុប្រធានគណបក្សប្រជាជន បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានអំពីគោលជំហររបស់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក្រោយពីថៃចោទប្រកាន់កម្ពុជាបំពានកិច្ចព្រមព្រៀងសន្តិភាពដោយបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃដាច់ជើងនៅព្រំដែនខេត្តស៊ីសាកេត ថាមានអារម្មណ៍សោកស្តាយចំពោះហេតុការណ៍ផ្ទុះមីន និងខកចិត្តដែលរដ្ឋាភិបាលថៃមិនបានគិតពីសុវត្ថិភាពនៅតំបន់ព្រំដែន ។
ប្រទេសកម្ពុជា និងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកីឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ប៉ុន្តែពេលនេះ រដ្ឋាភិបាលថៃបែរជាបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពភ្លាមៗ ។ ការធ្វើបែបនេះ គឺពុំបានពិចារណាពីផែនការថ្ងៃអនាគត និងសន្តិភាពក្នុងតំបន់ឡើយ ។
ការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពធ្វើឱ្យប្រទេសនានាថ្កោលទោសថៃ ដែលនេះជាការគិតមិនគ្រប់ជ្រុងជ្រោយ និងគ្មានផលប្រយោជន៍សម្រាប់ជាតិ ។ លោក Rangsiman បានសួរទៅរដ្ឋាភិបាលថៃ តើការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដើម្បីផលប្រយោជន៍ជាតិ ឬផលប្រយោជន៍ខ្លួនឯងកាន់តំណែងនាយករដ្ឋមន្ត្រីបន្តនាថ្ងៃអនាគត? នាយករដ្ឋមន្ត្រីថៃមិនចាប់អារម្មណ៍នឹងថៃមានសត្រូវបន្ថែមទេ ខណៈបច្ចុប្បន្ន កំពុងមានសង្គ្រាមកូនកាត់ គឺសង្គ្រាមព័ត៌មាន និងការប្រើប្រាស់អាវុធ ។
ទោះយ៉ាងណា សមាជិកសភាថៃរូបនេះគាំទ្ររដ្ឋាភិបាលរបស់ខ្លួនដែលបង្កើនវិធានការកងទ័ពយ៉ាងតឹងរ៉ឹងនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងស្នើឱ្យប្រើប្រាស់បច្ចេកវិទ្យាដើម្បីឱ្យថៃអាចប្រមូលភស្តុតាងបង្ហាញពិភពលោក ។ ក្រៅពីនេះ ក៏បានសំណូមពរឱ្យរដ្ឋាភិបាលថៃអូសទាញប្រទេសនានាដាក់សម្ពាធ និងថ្កោលទោសកម្ពុជាពីការបង្កប់មីនថ្មីនៅព្រំដែនធ្វើឱ្យកងទ័ពថៃរងរបួស ។
គួរបញ្ជាក់ថា ថៃបានចោទប្រកាន់កម្ពុជាបង្កប់មីនក្នុងទឹកដីថៃ និងយកបញ្ហាមីនធ្វើជាលេសបង្កសង្គ្រាមឈ្លានពានកម្ពុជាកាលពីខែកក្កដា បើទោះកម្ពុជាបញ្ជាក់ថា ជាមីនចាស់បន្សល់ទុកពីសង្គ្រាមស៊ីវិលក្តី ។ តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីគំរាមកំហែងសន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិឡើយ ៕










