មហាសេដ្ឋីផ្នែកកម្សាន្តហុងកុងលោក Albert Yeung បានផ្តល់អំណោយដ៏មានតម្លៃជាមាសសុទ្ធតម្លៃរាប់សែនដុល្លារដល់ William Chan នៅពេលដែលលោកបានប្រកាសថាលោកមានកូនដំបូងជាមួយនឹងតារាម៉ូដែល He Sui ។
.png)
យោងតាម Sohu នៅយប់ថ្ងៃទី២៤ ខែតុលា ក្នុងពិធីខួបអាពាហ៍ពិពាហ៍លើកទី ៤០ មហាសេដ្ឋីលោក Albert Yeung ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Emperor Groupបានលាតត្រដាងអំពីការផ្តល់អំណោយដើម្បីអបអរសាទរ កូនដំបូងរបស់តារាសម្តែង William Chan និងកំពូលតារាម៉ូដែល He Sui ។
មហាសេដ្ឋីផ្នែកកម្សាន្តហុងកុងបានចែករំលែកថា «ខ្ញុំសូមអបអរសាទរលោក William Chan គាត់ពូកែខ្លាំង ហើយដឹងថាគាត់ចង់ធ្វើអ្វី។ ពួកយើងបានធ្វើការជាមួយគ្នាជាង១០ឆ្នាំមកហើយ។ ដូច្នេះពេលគាត់ប្រាប់ខ្ញុំថាគាត់កំពុងតែមានកូនខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ពេលខ្ញុំឃើញរូបកូនគាត់ ខ្ញុំឃើញថាកូនមើលទៅដូចទាំងឪពុកនិងដូចទាំងម្តាយ»។ អ្វីដែលគួរឱ្យកត់សម្គាល់នោះមហាសេដ្ឋីរូបនេះបាននិយាយថាលោកបានរៀបចំកាដូពិសេសមួយ ដើម្បីអបអរដំណឹងដ៏ល្អរបស់តារាប្រុសរូបនេះដោយបានបញ្ជាទិញមេដាយមាសសុទ្ធមានតម្លៃរាប់សែនដុល្លារទុកជាកាដូ។
ទឹកចិត្តសប្បុរសធម៌របស់នាយកប្រតិបត្តិ Albert Yeung និងការគោរពប្រណិប័តន៍ល្អចំពោះសិល្បករ ធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។ ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្ររបស់ តារាសម្តែងរូបនេះក៏មិនភ្ញាក់ផ្អើលដែរព្រោះ William Chan គឺជាសិល្បករយូរមកហើយរបស់ Emperor Group ហើយមានទំនាក់ទំនងជិតស្និទ្ធជាមួយ CEO តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈដំបូង។
ក្នុងឆ្នាំ ២០០៣ បន្ទាប់ពីទទួលបានជ័យលាភីកម្មវិធីតន្ត្រី William Chan បានចុះកិច្ចសន្យាជាមួយ Emperor Group ដែលជាក្រុមកម្សាន្តឈានមុខគេមួយនៅក្នុងទីក្រុងហុងកុង ហើយក៏សកម្មក្នុងវិស័យជាច្រើនទៀតដូចជាអចលនទ្រព្យ អាជីវកម្មនាឡិកា គ្រឿងអលង្ការ ការរចនាខាងក្នុង សណ្ឋាគារ និងសេវាកម្មហិរញ្ញវត្ថុ។ ចាប់តាំងពីឆ្នាំ ២០១៣ William Chan បានសម្រេចចិត្តទៅប្រទេសចិនដើម្បីអភិវឌ្ឍអាជីពសម្តែងរបស់ខ្លួន ប៉ុន្តែតារាសម្តែងរូបនេះនៅតែទាក់ទងជាមួយក្រុមហ៊ុនចាស់រហូតមកដល់បច្ចុប្បន្ន។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ នាយកប្រតិបត្តិ Albert Yeung មានទំនាក់ទំនងល្អជាមួយអ្នកសិល្បៈជាច្រើនឆ្នាំ ដូច្នេះហើយអ្នកគ្រប់គ្នាដឹងគុណលោក៕










