សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែមិនបោះបង់គំនិតកាន់តំណែងជាប្រធានាធិបតីអាណត្តិទី៣ ទោះជាផ្ទុយនឹងរដ្ឋធម្មនុញ្ញក្តី ។ ប៉ុន្តែលោកនឹងមិនប្រជែងយកតំណែងអនុប្រធានាធិបតីដើម្បីឈានទៅកាន់តំណែងជាប្រធានាធិបតីបន្តទេ ដោយលោកថា អនុប្រធានាធិបតី លោក JD Vance និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio សុទ្ធតែមានសមត្ថភាពអាចឈរឈ្មោះជាប្រធានាធិបតីអាមេរិកនាថ្ងៃអនាគត ខណៈអតីតអ្នកធ្វើការផ្នែកយុទ្ធសាស្ត្រថា ផែនការត្រូវបានរៀបចំរួចហើយដើម្បីឱ្យលោក Trump អាចធ្វើជាប្រធានាធិបតីម្តងទៀត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ។
ប្រធានាធិបតីអាមេរិក លោក Trump នៅតែមិនបោះបង់ចោលគំនិតរកវិធីដើម្បីឱ្យខ្លួនលោកក្លាយជាប្រធានាធិបតីអាមេរិកអាណត្តិទី៣ បើទោះជារដ្ឋធម្មនុញ្ញបញ្ជាក់ថា ប្រធានាធិបតីអាមេរិកមិនអាចកាន់តំណែងចំនួន៣អាណត្តិទេ ប៉ុន្តែលោក Trump ចង់កាន់តំណែងជាប្រធានាធិបតីយ៉ាងខ្លាំង ។.png)
ទោះជាលោក Trump ចង់ធ្វើជាប្រធានាធិបតីអាមេរិកអាណត្តិទី៣ ប៉ុន្តែលោកនិយាយថា នឹងមិនឈរឈ្មោះជាអនុប្រធានាធិបតីពេលបោះឆ្នោតឆ្នាំ២០២៨ តាមគំនិតរបស់អ្នកគាំទ្រលោកមួយចំនួនទេ ។ ការមិនឈរឈ្មោះនេះដើម្បីទុកឱកាសឱ្យបេក្ខជនមកពីគណបក្សសាធារណរដ្ឋ (Republican) ឡើងកាន់តំណែងជាប្រធានាធិបតីមួយអាណត្តិទៀត ។ លោក Trump បាននិយាយពីតំណែងប្រធានាធិបតីអាមេរិក គឺបន្ទាប់ពីពេលកន្លងមក លោកធ្លាប់និយាយរឿងនេះនៅទីសាធារណៈ និងចែកមួកដែលមានអក្សរថា «Trump 2028» នៅសេតវិមាន ។
មតិមួយចំនួនបានផ្តល់យោបល់ទៅលោក Trump ដើម្បីកុំឱ្យខុសរដ្ឋធម្មនុញ្ញអាមេរិក គឺឱ្យលោកឈរឈ្មោះជាអនុប្រធានាធិបតី ខណៈបេក្ខជនផ្សេងៗឈរឈ្មោះជាប្រធានាធិបតីពេលបោះឆ្នោតអាណត្តិក្រោយ បើប្រធានាធិបតីអាមេរិកថ្មីលាលែងពីតំណែង គឺលោក Trump ដែលមានតួនាទីជាអនុប្រធានាធិបតីនឹងអាចឡើងកាន់តំណែងជាប្រធានាធិបតីម្តងទៀត ប៉ុន្តែមតិខ្លះថា វិធីនេះខុសច្បាប់ ។

យោងតាមរដ្ឋធម្មនុញ្ញអាមេរិកដែលបានធ្វើវិសោធនកម្មលើកទី២២ គឺហាមប្រធានាធិបតីអាមេរិកឈរឈ្មោះបោះឆ្នោតកាន់តំណែងជាប្រធានាធិបតីចំនួន៣អាណត្តិ រីឯការលុបចោលសេចក្តីប្រកាសក្នុងរដ្ឋធម្មនុញ្ញ លុះត្រាតែទទួលបានសំឡេងគាំទ្រពីសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា រហូតដល់២សំឡេងក្នុងចំណោម៣សំឡេង ដែលពលរដ្ឋអាមេរិកយល់ថា ការលុបចោលសេចក្តីប្រកាសក្នុងរដ្ឋធមនុញ្ញមិនអាចកើតឡើងទេ ។.png)
បច្ចុប្បន្ន គ្មានភាពច្បាស់លាស់ពីលោក Trump ថាតើនឹងប្រើប្រាស់វិធីណាដើម្បីកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី៣ ប៉ុន្តែនាពេលថ្មីៗនេះ លោក Steve Bannon អតីតអ្នកធ្វើការផ្នែកយុទ្ធសាស្ត្ររបស់លោក និយាយថា ផែនការត្រូវបានរៀបចំរួចហើយដើម្បីឱ្យប្រធានាធិបតីអាមេរិក អាយុ៧៩ឆ្នាំរូបនេះអាចឡើងកាន់តំណែងមួយអាណត្តិទៀត ៕










