សហរដ្ឋអាមេរិកបើកការបង្រ្កាបទ្រង់ទ្រាយធំលើលោក Chen Zhi អាយុ 38 ឆ្នាំ ប្រធានក្រុមហ៊ុន Prince Group ដែលមានមូលដ្ឋាននៅកម្ពុជា ដោយចោ.ទប្រកាន់ពីប្រតិបត្តិការឆបោ.កតាមអនឡាញ និងបណ្តាញលាងលុយកខ្វក់ដ៏ធំសម្បើម ដែលព្រះរាជអាជ្ញានិយាយថាបានកេងប្រវ័ញ្ចលើជនរងគ្រោះនៅទូទាំងពិភពលោករាប់លាននាក់ និងបង្កើតប្រាក់ចំណេញខុសច្បាប់រាប់ពាន់លានដុល្លារ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg របស់សហរដ្ឋអាមេរិក នៅថ្ងៃទី15 ខែតុលា បានឲ្យដឹងថា Chen Zhi ឬហៅថា Vincent អាយុ 38 ឆ្នាំ កើតនៅប្រទេសចិន ហើយក្រោយមកបានផ្លាស់មកកម្ពុជា និងមានសញ្ជាតិខ្មែរ គឺជាប្រធានក្រុមហ៊ុន Prince Group ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ត្រូវបានចោ.ទប្រកាន់ដោយរដ្ឋអាជ្ញាសហព័ន្ធនៅទីក្រុង Brooklyn ទីក្រុងញូវយ៉ក ពីបទសមគំនិតក្លែងបន្លំតាមអនឡាញ និងប្រតិបត្តិការលាងលុយកខ្វក់។
រដ្ឋអាជ្ញាសហរដ្ឋអាមេរិកនៅទីក្រុង Brooklyn និងទីក្រុងញូវយ៉ក បានចោ.ទប្រកាន់លោក Chen ថាបានបង្កើត “អាណាចក្របោកប្រាស់តាមអ៊ីនធឺណិតដ៏ធំទូលាយ” ដោយប្រើប្រាស់កម្លាំងពលកម្មចាប់បង្ខំនៅកម្ពុជា ដើម្បីអនុវត្តការបោកប្រាស់តាមអ៊ីនធឺណិត រួមទាំងគម្រោងដែលគេហៅថា “ការកាប់ជ្រូក” ដែលជនរងគ្រោះត្រូវបានបោកបញ្ឆោតឱ្យចូលទៅក្នុងការវិនិយោគរូបិយប័ណ្ណ«គ្រីបតូ»ក្លែងក្លាយ មុនពេលត្រូវបានគេបោកប្រា.ស់។
ក្នុងប្រតិបត្តិការនេះ ក្រសួងយុត្តិធម៌អាមេរិក (DOJ) រឹបអូសបាន 127,271 Bitcoin ដែលបច្ចុប្បន្នមានតម្លៃប្រហែល 15 ពាន់លានដុល្លារ ហើយសហរដ្ឋអាមេរិកបាននិយាយថា វាជាប្រាក់ចំណូលពីការក្លែងបន្លំ និងគម្រោងលាងលុយរបស់ Chen ។ ទូរស័ព្ទដៃជាង 1,200 គ្រឿង ដែលគ្រប់គ្រងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមក្លែងក្លាយរាប់ម៉ឺនគណនីដើម្បីបញ្ឆោតជនរងគ្រោះក៏ត្រូវបានរឹបអូសផងដែរក្នុងប្រតិបត្តិការនេះ។
ទន្ទឹមនឹងនេះ អាជ្ញាធរចក្រភពអង់គ្លេសក៏បានបង្កកទ្រព្យសម្បត្តិរបស់ Chen នៅប្រទេសអង់គ្លេសដែលមានតម្លៃ 130 លានផោន (172 លានដុល្លារ) រួមទាំងភូមិគ្រឹញតម្លៃ 12 លានផោន នៅទីក្រុងឡុងដ៍ផងដែរ។ ទោះជាយ៉ាងណា បច្ចុប្បន្នឧក្រិដ្ឋជនរូបនេះកំពុងរត់គេចមិនទាន់ចាប់ខ្លួនបាននោះទេ ខណៈអាជ្ញាធរបង្រ្កាបបានតែទីតាំងនិងបក្ខពួកដែលជាប់ពាក់ព័ន្ធប៉ុណ្ណោះ។
គួរជម្រាបថា ក្រុមហ៊ុន Prince Group របស់ Chen ដែលរកសុីខាងអចលនទ្រព្យ និងហិរញ្ញវត្ថុនៅកម្ពុជា បានទទួលរងការចោ.ទប្រកាន់ថា ត្រូវបានប្រែក្លាយដោយសម្ងាត់ទៅជា “អង្គការឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំបំផុតមួយនៅអាស៊ី” ខណៈមានបុគ្កលិកជាច្រើនត្រូវបានពួកគេជួញដូរ បង្ខាំងទុក និងបង្ខំឱ្យធ្វើការងារ ផ្នែកឆបោកតាមអ៊ីនធឺណិតក្រោមការគំរាមកំហែង និងទារុ.ណកម្ម។
ប្រតិបត្តិការបង្រ្កាបឧក្រិដ្ឋជនឆបោ.ក និងលាងលុយកខ្វក់ដ៏កក្រើកដែលមានគោលដៅសង្កត់ធ្ងន់នៅកម្ពុជានេះ កំពុងទាញទម្លាក់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ ខណៈក្រសួងរតនាគារសហរដ្ឋអាមេរិកបានហាមឃាត់ក្រុមហ៊ុន និងពលរដ្ឋអាមេរិកមិនឱ្យធ្វើអាជីវកម្មជាមួយក្រុមហ៊ុន បណ្ដាញព្រីនស៍គ្រុបជាដាច់ខាត ដោយបានចាត់ទុកវាជាអង្គការឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំបំផុតមួយរបស់ពិភពលោក៕