តារាចម្រៀង Original Song ចេន ស្រាប់តែបង្ហោះសំណេរដ៏ទាក់ទាញមួយទំនងមានអ្នកចាក់រុកគេឱ្យខូចឈ្មោះក្នុងសង្គមសិល្បៈបង្កើនឱ្យមានសត្រូវដើរក្តៅក្រហាយជីវិតគេមិនខំសាងអំពើល្អ។ ប្រភេទមនុស្សធ្វើអ្វីមិនរីកចម្រើនហើយដើរចាក់រុកគេ ចេន ចាត់ទុកថាជាដង្កូវសង្គម
នៅថ្ងៃទី១០ ខែតុលា នេះម្ចាស់បទ «ជូនអូនទៅរកគេ» បានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «យើងមិនបាច់គិតទេអ្នកភ្លុំអ្នកចាក់ហ្នឹងនោះ ព្រោះវាដល់បាតពេកហើយធីបវាចោល យើងគ្រាន់តែឆ្ងល់អ្នកដែលជឿគេទៅវិញទេ អត់ដឹងអីសោះគេបបួលកកើនសត្រូវ សុខចិត្តសន្សំសត្រូវតាមគេដែរ ទាំងអត់ដែលស្គាល់គេច្បាស់ផងហ្នឹង ជីវិតខ្លួនឯងសោះឱ្យពួកកាកគ្រប់គ្រងបានយកទុក្ខដាក់ខ្លួន។ ចឹងលទ្ធផលដែលយើងទទួលបានគឺMove on អត់មានហេតុផលអីត្រូវចង់បានមនុស្សទាំងអស់នោះមកវិញទេ ព្រោះវាស្មើដៃគ្នាទេ នៅជាមួយគ្នាបានប៉ុន្មានបើមួយចាក់មួយចាំស្អប់គេតាមគ្នា »។
តារាចម្រៀង ចេន បន្តទៀតថា«ហើយមួយទៀតរឿងលេងបក្ខពួកហ្នឹង វាគិតថាបិទជាប់ហើយណុង វប្បធម៌នេះជាទម្លាប់ទៅហើយ ខ្លួនឯងស៊ូមិនបានលេងផ្លូវកាត់ ខ្លួនឯងធ្លាក់ដើរថយក្រោយធ្វើអីមិនឡើងចាំចាក់រុកគេឱ្យខូចឈ្មោះ អ្នកឯងចាយពេលចោលច្រើនណាស់គ្មានពេលជាមួយគ្រួសារ គ្មានពេលសាងស្នាដៃគ្មានពេលធ្វើអីចំណេញដល់ប្រទេសជាតិទេ គឺរវល់ដើរក្តៅក្រហាយជីវិតគេ កុំភ្លេចថាសង្គមយើងតូចណាស់ដើរទៅណាក៏ជួបគ្នាដែរ ចឹងពិបាកដើរអោនមុខតិចហើយព្រោះយើងសាងសត្រូវច្រើន សំណាងល្អ…»។
មិនទាន់អស់នោះទេ ចេន ស្រាប់តែសរសេរបន្ថែមនៅក្នុងផ្នែកបញ្ចេញមតិយោបល់ជាបន្តបន្ទាប់ថា «ចឹងបានឥឡូវដង្កូវស៊ីផ្កាតាមធម្មជាតិគ្នាមិនសូវមានឈ្មោះ ព្រោះឥឡូវគេរកឃើញដង្កូវពូជថ្មីល្បីឈ្មោះ ឈ្មោះវាគឺដង្កូវសង្គម»។ ចេន ថា« នៅថ្ងៃដែលអ្នកខ្លាំងអ្នកធ្វើអីក៏សមហើយសត្រូវក៏នៅមិនឆ្ងាយដែរក្បែរៗក្លៀកចាំញញឹមចាំស្តាប់អ្នកដោយការសម្តែង ព្រោះគ្មានឱកាសតែបើឱកាសពួកវាមកគឺថ្ងៃដែលយើងដួល ហើយពួកវានឹងលេងយើងជាបក្ខពួកជាន់អ្នក ទោះអ្នកមានសមត្ថភាពខ្លាំងយ៉ាងណាក៏ដោយ វាលាបពណ៌គ្រប់យ៉ាង អ្នកត្រូវស៊ូខ្លាំងទ្វេដង១គុណ១០ បើអ្នកធ្វើបានម្តងទៀតពួកវានឹងចូលមកធ្វើស្គាល់អ្នកទៀតហើយ»។
តារាចម្រៀងរូបនេះបានសរសេរទៀតថា «លក់មុខសង្គមណាស់បើមានប្រភេទមនុស្សធ្វើអីមិនរីកចម្រើនហើយដើរចាក់រុកគេ តែសំខាន់សំបូរអ្នកជឿទៀតណាស់បញ្ហា»។
យ៉ាងណាមិញ អ្នកគាំទ្រមួយចំនួនបានបង្ហាញការងឿងឆ្ងល់ថា ចេន កំពុងជួបប្រទះបញ្ហាអ្វីនៅក្នុងអាជីពសិល្បៈ ខណៈកន្លងមកនេះលោកហាក់ដូចជាបង្ហើបពីបញ្ហាជារឿយៗនៅក្នុងអាជីពចម្រៀងរបស់ខ្លួន៕