តារាចម្រៀង អលជ្ជី សមាជិកក្រុមចម្រៀង Lacima Cartel បានធ្វើឱ្យបណ្តាញសង្គមរង្គោះរង្គើយ៉ាងខ្លាំងបន្ទាប់ពីចេញបទចម្រៀងថ្មីរម្លឹកពីអ្នកក្នុងវិស័យសិល្បៈដែលបានជួយជ្រោមជ្រែងខ្លួន។ ទោះយ៉ាងណា អលជ្ជី បានធ្វើឱ្យសាធារណជនវែកញែកក្រោយពីនិយាយពីឈ្មោះ វណ្ណដា និងអះអាងថាពាក្យថា «ផឹកទឹកកុំភ្លេចប្រភព» មិនសមនឹងលោកទេ។
កាលពីល្ងាចថ្ងៃទី១១ ខែតុលា តារាចម្រៀង អលជ្ជី ម្ចាស់បទ «សូរិយា» (អេតាស៊ីវិល) បានទម្លាក់បទ « Flashback» ដែលពោរពេញដោយអត្ថន័យពីដំណើរអាជីពសិល្បៈរបស់លោកដែលមានការជួយជ្រោមជ្រែងនិងការដឹងគុណទៅកាន់មនុស្សជាច្រើន។ មែនទែនទៅបទចម្រៀងមួយបទនេះ អលជ្ជី ធ្លាប់បានបង្ហើបនៅក្នុងកម្មវិធីផតខាស់របស់លោករៀនថត ម្តងរួចមកហើយកាលពីខែកុម្ភៈ ឆ្នាំ២០២៤។
.png)
ចម្រៀង « Flashback» របស់ អលជ្ជី ដែលបានចេញផ្សាយគឺបានកាត់ឈ្មោះតារារ៉េប វណ្ណដា ចេញខុសពីលោកបង្ហើបដំបូងនៅក្នុងកម្មវិធីជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនបានជីកសួរអំពីបញ្ហានេះ ខណៈអ្នកមួយចំនួនបានសោកស្តាយចំពោះមិត្តភាពរបស់ពួកគេដែលត្រូវប្រេះឆា។ ប៉ារ៉ូលដំបូងនៃបទចម្រៀងនេះគឺ «ថ្ងៃមួយជួបជុំបណ្ដាលឱ្យខ្ញុំជួបងវណ្ណា ជជែកនិយាយគ្នាលេងមិនខ្វល់ថាក្មេងនេះមកពីណា»។
ដោយសារតែមានការបញ្ចេញមតិជាហូរហែលើកឈ្មោះរបស់ វណ្ណដា មកនិយាយជាច្រើនបានធ្វើឱ្យតារាចម្រៀង អលជ្ជី លើកឈ្មោះចំៗដោយបាននិយាយថា «វណ្ណដាជួយខ្ញុំ ឬ ខ្ញុំជួយវណ្ណដា?»។ មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងមានដើមកំណើតមកពីខេត្តព្រៃវែងរូបនេះបានចែករំលែកនៅលើគណនីផ្ទាល់ខ្លួនជាមួយនឹងសម្តីមួយទៀតថា «ពាក្យថា ផឹកទឹកកុំភ្លេចប្រភព មិនសមនឹងខ្ញុំទេ សូមជ្រាប»។
ប្រយោគដ៏ខ្លីខាងលើនេះ «វណ្ណដាជួយខ្ញុំ ឬ ខ្ញុំជួយវណ្ណដា?» បានធ្វើឱ្យ អលជ្ជី រងនូវការវែកញែកយ៉ាងច្រើនពីទស្សនិកជនជាពិសេសអ្នកគាំទ្រតារាចម្រៀងរ៉េបរូបនេះផ្ទាល់។ មនុស្សជាច្រើនបានសង្កត់ធ្ងន់ថាពួកគេបានស្គាល់ក្រុមចម្រៀង Lacima Cartel គឺដោយសារតែ វណ្ណដា។ អ្នកគាំទ្រមួយចំនួនក៏បានបង្ហាញវីដេអូកាលពីឆ្នាំ២០២០ ដោយ វណ្ណដា បានណែនាំក្រុមចម្រៀង Lacima ទៅកាន់ទស្សនិកជនដែលជាក្រុមទើបបង្កើតថ្មីពោរពេញដោយទេពកោលស្យ និងវីដេអូដែល វណ្ណដា ធ្វើខនសឺនហើយបានច្រៀងចម្រៀងជាមួយគ្នា។
នៅក្នុងភាពចម្រូងចម្រាសនេះអ្នកគាំទ្រមួយចំនួនបានលើកឡើងថា ការបញ្ចេញមតិដែលនិយាយថា Lacima ល្បីដោយសារ វណ្ណដា គឺមិនសមហេតុផលនោះទេព្រោះក្រុមចម្រៀងនេះក៏មានសមត្ថភាពមានបទចម្រៀងល្បីៗជាច្រើន ប៉ុន្តែអាចប្រើពាក្យថាអ្នកមួយចំនួនស្គាល់ក្រុមនេះតាមរយៈ វណ្ណដា ។ ទស្សនៈមួយផ្នែកទៀតបាននិយាយថាការធ្វើការងារជាក្រុមគឺជួយគ្នាទៅវិញទៅមកគ្មានអ្នកណាមានគុណលើអ្នកណានោះទេ ហើយហ្វេនក៏មិនបានដឹងរឿងច្បាស់របស់ពួកគេដែរដូច្នេះមិនអាចវែកញែកថាអ្នកខុសអ្នកណាត្រូវនោះទេ ក្នុងនាមជាហ្វេនគួរតែគាំទ្រស្នាដៃបទចម្រៀងរបស់ពួកគេវិញជាជាងដាក់បណ្តុកលើនរណាម្នាក់៕