ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បាននិយាយនាពេលថ្មីៗនេះថា ការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនភូមិណងចាន់ ខេត្តស្រះកែវ មុនថ្ងៃទី១០ ខែតុលា គឺគ្រាន់តែជាការកំណត់ពេលវេលារបស់អភិបាលខេត្តស្រះកែវប៉ុណ្ណោះ ។ ភាគីទាំងពីរត្រូវចរចា និងអនុវត្តវិធានការផ្លូវច្បាប់ច្រើន មិនមែនបណ្តេញពលរដ្ឋខ្មែរចេញភ្លាមៗពេលកម្ពុជា-ថៃកំពុងប្រឈមមុខគ្នាទេ ប៉ុន្តែនៅថ្ងៃទី៧ ខែតុលា លោកបែរជាស្នើកម្ពុជាអនុវត្តតាមកិច្ចប្រជុំ GBC ដោយបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់នេះមុនថ្ងៃទី១០ ខែតុលា បើមិនដូច្នោះទេ ថៃនឹងមិនចរចា ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានចោទប្រកាន់ពលរដ្ឋខ្មែរល្មើសអធិបតេយ្យនៅតំបន់ព្រំដែនភូមិណងចាន់ និងស្នើកម្ពុជាអនុវត្តតាមកិច្ចប្រជុំ GBC ដោយបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់នេះមុនថ្ងៃទី១០ ខែតុលា ។ លោកបានប្រគល់អំណាចពេញលេញទៅឱ្យកងទ័ព ក្រសួងការបរទេស និងអភិបាលខេត្តស្រះកែវ ចាត់វិធានការនៅព្រំដែនកម្ពុជា-ថៃ បើមន្ត្រីទាំងនេះសម្រេចបែបណា គឺដូចគ្នានឹងការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីដែរ ។
នៅថ្ងៃទី៧ ខែតុលា នៅវិមានរដ្ឋាភិបាល លោក អនុថីន បាននិយាយពីថៃកំណត់ឱ្យពលរដ្ឋខ្មែរចាកចេញពីតំបន់ព្រំដែនភូមិណងចាន់ ខេត្តស្រះកែវ មុនថ្ងៃទី១០ ខែតុលា ។ លោកថា កាលពីថ្ងៃទី៦ ខែតុលា លោកបានប្រជុំពិភាក្សាជាមួយមន្ត្រីពាក់ព័ន្ធដោយកំណត់ឱ្យកម្ពុជាអនុវត្តតាមកិច្ចព្រមព្រៀង GBC ដែលពិភាក្សាចំនួន៤ប្រធានបទ រួមមាន ៖ ការដកអាវុធ, ដកកម្លាំងទ័ព, សហការបង្ក្រាប Scammer និងរួមគ្នារៀបចំសណ្តាប់ធ្នាប់ព្រំដែន មានន័យថា តំបន់ណាជារបស់ថៃ គឺពលរដ្ឋខ្មែរត្រូវចាកចេញ ។
លោកបន្តថា ពលរដ្ឋថៃត្រូវទទួលបានភាពយុត្តិធម៌ ពលរដ្ឋថៃគ្រប់រូបស្ថិតក្រោមច្បាប់តែមួយ ។ អ្នកល្មើសអធិបតេយ្យថៃ ត្រូវតែចាកចេញ បើមិនចាកចេញ ថៃនឹងមិនចរចាឡើយ ។ លោកមិនចង់និយាយអ្វីច្រើនទេ ដោយសារបានប្រគល់អំណាចពេញលេញឱ្យកងទ័ពរក្សាអធិបតេយ្យ ការពារទឹកដី ខណៈរដ្ឋាភិបាលជាអ្នកគាំទ្រកងទ័ព ។ ការចរចាការទូត និងលក្ខខណ្ឌផ្សេងៗ គឺជាតួនាទីរបស់ក្រសួងការបរទេស រីឯអភិបាលខេត្តស្រះកែវមើលខុសត្រូវតំបន់ព្រំដែនស្រះកែវ ។
ករណីការលើកពេលកិច្ចប្រជុំ RBC ទៅពាក់កណ្តាលខែតុលា គឺគ្រប់យ៉ាងមានហេតុផល លោកបានប្រគល់អំណាចឱ្យមន្ត្រីពាក់ព័ន្ធទទួលខុសត្រូវ ។ មន្ត្រីពាក់ព័ន្ធអាចចរចា ឬចាត់វិធានការរឿងនេះ ពីព្រោះលោកប្រគល់អំណាចឱ្យរួចហើយ បើមន្ត្រីសម្រេចបែបណា គឺវាដូចគ្នានឹងការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី ។ លោកនឹងចុះពិនិត្យមើលស្ថានការណ៍នៅតំបន់ព្រំដែនភូមិណងចាន់ ខេត្តស្រះកែវ ពេលកងទ័ពស្នើ ។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ ។
គួរបញ្ជាក់ថា ករណីភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលកងទ័ពភូមិភាគទី១ថៃស្នើឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញ ទើបកងទ័ពភូមិភាគទី១ថៃចូលរួមប្រជុំណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ គឺកម្ពុជាស្នើថៃត្រូវអនុវត្តតាមអ្វីដែលជាការព្រមព្រៀងគ្នារបស់គណៈកម្មាធិការព្រំដែនទូទៅ GBC នៃប្រទេសទាំងពីរ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ពិសេសក្នុងចំណុចទី៨ នៃកំណត់ហេតុកិច្ចប្រជុំដែលបានប្រគល់ភារកិច្ចឱ្យ JBC ដែលជាយន្តការមានសមត្ថកិច្ចក្នុងការប្រជុំដោះស្រាយ ។ ដោយឡែក កិច្ចប្រជុំ RBC ក្នុងកម្រិតយោធភូមិភាគ គឺមានភារកិច្ចត្រឹមតែសម្រួលបញ្ហានៅនឹងកន្លែង បន្ធូរបន្ថយការតានតឹង និងដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែគ្មានសមត្ថកិច្ចកំណត់ខ្សែព្រំដែនទេ ៕