ប្រធានាធិបតីអាមេរិក លោក Donald Trump បានកំណត់លក្ខខណ្ឌធ្វើជាប្រធានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងខែតុលា ឆ្នាំ២០២៥ ដើម្បីទទួលបានពានរង្វាន់ណូបែលសន្តិភាពប្រចាំឆ្នាំ២០២៥ បន្ទាប់ពីលោកបញ្ចប់សង្គ្រា.មជាច្រើនប្រទេស រួមទាំងសង្គ្រាមកម្ពុជា-ថៃ ដែលបង្កឡើងដោយកងទ័ពឈ្លា.នពានថៃ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិននៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ។
តាមប្រភពព័ត៌មានពីមន្ត្រីរដ្ឋាភិបាល និងមន្ត្រីទូតម៉ាឡេស៊ី ចំនួន៤នាក់ ឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Trump បានកំណត់លក្ខខណ្ឌធ្វើជាប្រធានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ទើបលោកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាចុងខែតុលា ។ លោក Trump ស្នើរៀបចំពិធីពិសេសមួយនៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន ។
បណ្តាប្រទេសអាស៊ានសង្ឃឹមកិច្ចប្រជុំកំពូលដែលនឹងរៀបចំចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា គឺជាចរចាឱ្យលោក Trump បន្ធូរបន្ថយវិធានការពន្ធទំនិញដ៏តឹងរ៉ឹងដែលអាមេរិកអនុវត្តជាមួយបណ្តាប្រទេសដៃគូពាណិជ្ជកម្មទូទាំងពិភពលោក ស្របពេលមានស្ថានការណ៍តាងតឹងរវាងកម្ពុជា-ថៃ ។ រីឯលោក Trump បានស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរដើម្បីទទួលពានរង្វាន់សន្តិភាព ។
សង្គ្រាមនៅតំបន់ព្រំដែនកម្ពុជា-ថៃរយៈពេល៥ថ្ងៃកន្លងមក គឺបង្កឡើងដោយកងទ័ពឈ្លានពានថៃ ហើយប្រទេសទាំងពីរក៏ចាប់ផ្តើមចរចាសន្តិភាពក្រោយពីលោក Trump ថ្លែងថា នឹងពុំចរចាពន្ធទំនិញ បើប្រទេសទាំងពីរមិនឈប់បាញ់ ។ កម្ពុជា-ថៃបានធ្វើកិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌ ប៉ុន្តែស្ថានការណ៍ព្រំដែនបានតានតឹងម្តងទៀត ក្រោយរដ្ឋាភិបាល និងកងទ័ពថៃ គំរាមបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ មុនថ្ងៃទី១០ ខែតុលា ។
រយៈពេល១ឆ្នាំមកនេះ លោក Trump ព្យាយាមបញ្ចប់សង្គ្រាមនៅប្រទេសជាច្រើន រួមទាំងសង្គ្រាមកម្ពុជា-ថៃ ដើម្បីទទួលបានពានរង្វាន់ណូបែលសន្តិភាពប្រចាំឆ្នាំ២០២៥ ។ តាំងពីត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករា ឆ្នាំ២០២៥ លោកបានជួយបញ្ចប់សង្គ្រាម និងជម្លោះ រហូតដល់៧កន្លែងនៅលើពិភពលោក ។
សេចក្តីរាយការណ៍របស់គេហទំព័រព័ត៌មាន Politico អាមេរិកដែលដកស្រង់ប្រភពព័ត៌មានពីមន្ត្រីសេតវិមានជាច្រើនរូប គឺលោក Trump បានកំណត់លក្ខខណ្ឌធ្វើជាប្រធានពិធីចុះហត្ថលេខាសន្តិភាពកម្ពុជា-ថៃ ទើបលោកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ។ លោក Trump ក៏បានស្នើឱ្យអ្នករៀបចំកិច្ចប្រជុំដកមន្ត្រីចិនចេញពីកិច្ចប្រជុំ ប៉ុន្តែពុំទាន់មានព័ត៌មានច្បាស់ថា តើនឹងមានពិធីចុះហត្ថលេខាសន្តិភាពកម្ពុជា-ថៃក្នុងកិច្ចប្រជុំកំពូលអាស៊ានឬយ៉ាងណា ដោយត្រូវរង់ចាំការសម្រេចចិត្ត ។
គួរបញ្ជាក់ថា ក្រៅពីវត្តមានលោក Trump ក្នុងកិច្ចប្រជុំកំពូលអាស៊ាន គឺនៅមានមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតមកចូលរួមកិច្ចប្រជុំដែរ រួមមាន ៖ លោក Li Qiang នាយករដ្ឋមន្ត្រីចិន, លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា, លោក Luiz Inacio Lula da Silva ប្រធានាធិបតីប្រេស៊ីល និងលោក Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ៕