រាជធានីភ្នំពេញ៖ បន្ទាប់ពីចំណាយពេលដើរអស់រយៈពេល ១២ថ្ងៃ ទីបំផុតយុវជនជនជាតិដើមភាគតិច ចារ៉ាយ ឈ្មោះ រម៉ាស គ្វេន បានធ្វើដំណើរទៅដល់ទីរួមខេត្តរតនគីរីដោយជោគជ័យ។ អ្វីដែលកាន់តែពិសេសនោះ គឺយុវជនវ័យក្មេងរូបនេះបានក្លាយជាមនុស្សទី១ ដែលបានធ្វើដំណើរដោយថ្មើរជើងម្នាក់ឯងពីភ្នំពេញទៅដល់ខេត្តរតនគីរី។
តាមរយៈការបង្ហោះរបស់ប្រជាពលរដ្ឋក្នុងតំបន់ និងមន្ទីរទេសចរណ៍ខេត្តរតនគីរីបានឲ្យដឹងថា នៅល្ងាចថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥ យុវជន រម៉ាស គ្វេន បានធ្វើដំណើរដល់ទីរួមខេត្តរតនគីរីបានសម្រេចតាមក្ដីស្រមៃ និងទទួលបានការអបអរសាទរពីសំណាក់បងប្អូនប្រជាលរដ្ឋ និងអ្នកលេងបណ្ដាញសង្គមយ៉ាងច្រើនសន្ធឹកសន្ធាប់។
យុវជនជនជាតិដើមភាគតិចមួយរូបនេះ បានក្លាយជាមនុស្សទី១ដែលធ្វើដំណើរដោយថ្មើរជើងម្នាក់ឯងពីភ្នំពេញមកកាន់ខេត្តដែលឆ្ងាយជាងគេក្នុងប្រទេសកម្ពុជាក្នុងចម្ងាយផ្លូវ ៥៨៨គីឡូម៉ែត្រ។
គួរជម្រាបថា យុវជន រម៉ាស គ្វេន មានអាយុ១៨ឆ្នាំ ជាជនជាតិដើមភាគតិច ចារ៉ាយ រស់នៅភូមិតេង៉ាលឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានធ្វើដំណើរដោយថ្មើរជើងតែម្នាក់ឯងរយ:ពេល១២ថ្ងៃ ពីភ្នំពេញ មកខេត្តរតនគិរី ក្នុងគោលបំណងរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តរតនគិរី។
ការមកដល់ខេត្តរតនគិរី របស់យុវជនរូបនេះ ក្រោមការស្វាគមន៍ យ៉ាងកក់ ក្តៅពីសំណាក់ ឯកឧត្តម ឌុច ចាន់តូ អភិបាលខេត្តស្តីទី និងអាជ្ញាធរខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំឃុំសង្កាត់ មន្ទីរជំនាញ និងប្រជាពលរដ្ឋក្នុងក្រុងបានលុង ខេត្តរតនគិរី ហើយសាទរជាមួយយុវជន រម៉ាស គ្វេន ផងដែរ។
ក្នុងឱកាសនេះ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តម ឌុច ចាន់តូ បាននាំយកនូវថវិការមួយចំនួនប្រគល់ដល់យុវជន រម៉ាស់ គ្វេន ដែលមានឆន្ទៈធ្វើដំណើរដោយថ្មើរជើងពី រាជធានីភ្នំពេញមកកាន់ទឹកដីឦសានខេត្តរតនគិរីក្នុងចម្ងាយផ្លូវ៥៨៨គីឡូម៉ែត្រ ក្នុងគោលបំណងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងខេត្តរតនគិរី។
ជាទិសដៅបន្ទាប់យុវជនជនជាតិដើមភាគតិចចារ៉ាយ អាយុ១៨រូបនេះ បានប្រាប់ឲ្យដឹងថា រូបគេនឹងធ្វើដំណើរបន្តឆ្ពោះទៅកាន់ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលជាស្រុកកំណើតរបស់ខ្លួន ដែលមានចំងាយជាង៦០គីឡូម៉ែត្រពីក្រុងបានលុងជាបន្តទៀត៕