ដោយសារស្ថានភាពទឹកទន្លេមេគង្គឡើងខ្លាំង បណ្តាលអោយកំណាត់ផ្លូវ ៣៨៣បេ ស្ថិតក្នុងភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែងរងផលប៉ះពាល់។ ថ្នល់ត្រូវបានហូរច្រោះ និងកាត់ផ្ដាច់មិនអាចធ្វើចរាចរណ៍បាន ដូច្នេះមន្ទីសាធារណការខេត្តបានសម្រេចបិទការធ្វើដំណើរលើកំណាត់ផ្លូវនេះទាំងស្រុង រហូតមានការជូនដំណឹងជាថ្មី។
ផ្អែកតាមសេចក្ដីជូនដំណឹងរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ថា ដោយសារទឹកជំនន់ហូរបុកផ្តាច់ផ្លូវជាច្រើនកន្លែង លើកំណាត់ផ្លូវលេខ៣៨៣បេ ស្ថិតក្នុងភូមិតាំងស្នាយ ឃុំរកា រហូតដល់ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានផ្អាកដំណើរការបណ្ដោះអាសន្ន។
ដើម្បីធានាសុវត្ថិភាពដល់ការធ្វើដំណើរ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានសម្រេចការផ្អាកចរាចរណ៍ទាំងស្រុងលើកំណាត់ផ្លូវខាងលើ ជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងសារជាថ្មី។ អំឡុងពេលផ្អាកដំណើរការនេះ ពលរដ្ឋអាចប្ដូរមកធ្វើដំណើរតាមផ្លូវវាងចំនួនពីរខ្សែផ្សេងទៀត។
ពលរដ្ឋអាចធ្វើដំណើរតាម ផ្លូវជាតិលេខ៨ និងផ្លូវ៣៨៣ ជំនួសវិញ ខណៈកំណាត់ផ្លូវលេខ ៣៨៣បេ កំពុងរងការខូចខាត។ គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅស្ថានីយ៍ជលសាស្ត្រព្រែកតាតាំ បានកើនដល់កម្ពស់ ៦,៦៤ម៉ែត្រហើយ ខណៈកម្ពស់ទឹកប្រកាសអាសន្នមានកម្ពស់ ៧,៥០ម៉ែត្រ។
ក្នុងស្ថានភាពនេះ ខេត្តព្រៃវែងបានរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៧ស្រុក ស្មើនឹង ៤៤ឃុំ ក្នុងនោះស្រុកស៊ីធរកណ្ដាល ចំនួន៨ឃុំ ស្រុកពាមជរ ចំនួន៩ឃុំ ស្រុកកំពង់ត្របែក ចំនួន៣ឃុំ ស្រុកំចាយមារ ចំនួន ១ឃុំ ស្រុកពាមរក៍ ៨ឃុំ ស្រុកពោធិ៍រៀង ៦ឃុំ និងស្រុកពារាំងចំនួន ៩ឃុំ។
ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរខេត្ត និងអាជ្ញាធរគ្រប់ក្រុង ស្រុក ជាពិសេសបណ្តាឃុំសង្កាត់ ដែលប្រឈមនឹងគ្រោះទឹកជំនន់ បានតាមដានចំពោះការវិត្តន៍នៃស្ថានភាពទឹក ហើយធ្វើការណែនាំដល់ប្រជាពលរដ្ឋ ឲ្យត្រៀមបង្កាគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើង។ ពិសេសត្រៀមលក្ខណៈក្នុងការជម្លៀសទៅកាន់ទីទួលសុវត្ថិភាពបណ្តោះអាសន្ន ក្នុងករណីស្ថានភាពទឹកនៅតែបន្តជន់ឡើង។ បន្ថែមលើនេះ អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ ក៏បានត្រៀមលក្ខណៈសម្រាប់ធ្វើការអន្តរាគមន៍ជួយសង្គ្រោះ និងឆ្លើយតបឲ្យបានទាន់ពេលវេលាផងដែរ៕