ខណៈបរិមាណទឹកនៅតាមបណ្តាអាងស្ដុកទឹកសំខាន់ៗចំនួន ៣ នៅក្នុងខេត្តបាត់ដំបង ជិតពេញប្រៀបទៅហើយនោះ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ទៅមន្ត្រីប្រចាំការនៅទីនោះ អោយតាមដានស្ថានទឹក និងពង្រឹងការគ្រប់គ្រងប្រតិបត្តិការបិទបើកទឹកទៅតាមបច្ចេកទេស ដើម្បីងាយដោះស្រាយនៅពេលមានជំនន់ និងរក្សាទឹកទុកប្រើពេលមានគ្រោះរាំងស្ងួត។
គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បណ្តាអាងស្ដុកទឹកសំខាន់ៗ ចំនួន ៣ នៅក្នុងខេត្តបាត់ដំបង មានបរិមាណទឹកជិតពេញប្រៀបអស់ទៅហើយ។ នេះបើផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងធនធានទឹក និងឧតុនិយម។
អាងទឹកទី១ គឺអាងទឹកពហុបំណងបាត់ដំបង (សេកសក) ស្ថិតក្នុងឃុំផ្លូវមាស ស្រុករតនៈមណ្ឌល មានបរិមាណទឹកប្រមាណ ១៣២លានម៉ែត្រគូប ចំនួននេះ គឺស្មើនឹង ៩៦% នៃបរិមាណស្ដុកទឹកសរុប ដែលមានបរិមាណ ១៩៣លានម៉ែត្រគូប។
អាងទឹកទី២ គឺអាងទឹកកំពីងពួយ ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ បច្ចុប្បន្នមានបរិមាណទឹកប្រមាណ ១២៦លានម៉ែត្រគូប ដែលចំនួននេះស្មើនឹង ៨៧% នៃបរិមាណស្ដុកទឹកសរុបចំនួន ១៤៦លានម៉ែត្រគូប។ ឯអាងទឹកទី៣ គឺអាងទឹកភាស ស្ថិតក្នុងឃុំពាមឯក ស្រុកឯកភ្នំ ពេលនេះមានបរិមាណទឹកប្រមាណ ៣២,៤លានម៉ែត្រគូប ដែលស្មើនឹង ១០០% នៃបរិមាណស្ដុកទឹកសរុប ៣២,៤លានម៉ែត្រគូប តែម្តង។
ថ្លែងនៅក្នុងដំណើរចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្ដាអាងទឹក និងប្រព័ន្ធធារាសាស្ត្រក្នុងអាងស្ទឹងសង្កែ ចំនួនបីទីតាំងកាលពីថ្ងៃទី៦ តុលា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា បានក្រើនរម្លឹកដល់បណ្តានាយកដ្ឋានជំនាញ ព្រមទាំងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បន្តការយកចិត្តទុកដាក់តាមដានស្ថានភាពទឹកនៅតាមបណ្តាអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រ។ ពិសេស គឺមន្ត្រីទាំងអស់ត្រូវផ្តោតលើការគ្រប់គ្រងប្រតិបត្តិការបិទបើកទឹក នៅតាមសំណង់ស្ទាក់ទឹកស្របតាមបច្ចេកទេស។
ការបិទបើកទឹកទៅតាមលក្ខណៈបច្ចេកទេស ជាការត្រៀមលក្ខណៈជាមុនដើម្បីឆ្លើយតបនឹងគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ រួមទាំងជំនន់ឆាប់រហ័សផងដែរ។ បន្ថែមលើនេះ វាជាវិធានការសំខាន់ថែរក្សាទឹកទុកឱ្យបានល្អ និងបំពេញទឹកក្នុងអាងឱ្យបានគ្រប់គ្រាន់។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ កន្លងមកថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់បានចេញសេចក្តីជូនដំណឹង ស្ដីពីការបញ្ចប់រដូវវស្សាឆ្នាំ២០២៥ ម្តងរួចមកហើយ។ ក្នុងនោះចាប់ពីដើមខែវិច្ឆិកា ខាងមុខ បរិមាណទឹកភ្លៀងធ្លាក់ ដែលគ្របដណ្តប់ទូទាំងប្រទេសនឹងមានកម្រិតថយចុះជាអតិបរមា។ ការថយចុះនូវបរិមាណទឹកភ្លៀងនេះ គឺជាសញ្ញាបញ្ចប់នូវរដូវវស្សាឆ្នាំ២០២៥ ហើយតម្រូវមានការប្រើប្រាស់ទឹកដោយសន្សំសំចៃ និងថែរក្សាប្រភពទឹក៕