ប្រទេសថៃ ៖ ជាច្រើនខែមកហើយដែលបណ្តាខេត្តនានានៅប្រទេសថៃមានគ្រោះធម្មជាតិ ដូចជា ៖ ខ្យល់ព្យុះ បាក់ដី និងទឹកជំនន់ ដែលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋថៃយ៉ាងខ្លាំង ។ ខេត្តពិស្នុលោក ក៏មានគ្រោះធម្មជាតិដែរ គឺកម្ពស់ទឹកជំនន់ក្នុងស្រុកបាងរ៉ាក់កាំ កាន់តែកើនឡើងខ្លាំងជារៀងរាល់ថ្ងៃបណ្តាលឱ្យពលរដ្ឋត្រូវរស់នៅជាមួយទឹកជំនន់យ៉ាងលំបាក ។
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា កម្ពស់ទឹកជំនន់នៅស្រុកបាងរ៉ាក់កាំ ខេត្តពិស្នុលោក នៅតែបន្តកើនឡើងខ្លាំងពុំស្រកបណ្តាលឱ្យពលរដ្ឋលំបាកយ៉ាងខ្លាំងត្រូវរស់នៅជាមួយទឹកជំនន់ដែលស្ទើរតែលិចដំបូលផ្ទះ ។ អភិបាលខេត្តពិស្នុលោក បានជូនដំណឹងឱ្យពលរដ្ឋប្រុងប្រយ័ត្នទឹកជំនន់កាន់តែកើនឡើងខ្លាំង ដោយសារភ្លៀងធ្លាក់នៅភាគខាងជើង ព្រមទាំងមានទឹកហូរពីតំបន់ព្រៃភ្នំ ។
ស្ថានភាពទឹកជំនន់នៅតែបន្តបង្កផលប៉ះពាល់ដល់ពលរដ្ឋថៃ ដោយសារកម្ពស់ទឹកជំនន់កើនឡើងជាបន្តបន្ទាប់នៅតំបន់កសិកម្ម ផ្លូវធ្វើដំណើរ និងផ្ទះពលរដ្ឋ ។ នៅភូមិវាំងកុម ស្រុកបាងរ៉ាក់កាំ ខេត្តពិស្នុលោក ស្ថិតនៅមាត់ទន្លេយម គឺមានទឹកជំនន់ហូរមកពីតំបន់ខ្ពស់មកតំបន់ទំនាបធ្វើឱ្យពលរដ្ឋជាច្រើនគ្រួសារពិបាករស់នៅ ដោយសារផ្លូវធំបានទឹកលិចជ្រៅ ហើយពលរដ្ឋក៏យកម៉ូតូ និងរថយន្តមកចតចោលនៅផ្លូវទើបធ្វើថ្មីដែលខ្ពស់ជាងផ្លូវធំ ដើម្បីកុំឱ្យយានជំនិះលិចទឹកខូច ។ ប៉ុន្តែប្រឈមនឹងការបាត់បង់ ដោយសារម្ចាស់យានជំនិះមានផ្ទះនៅឆ្ងាយពីផ្លូវថ្មី ។
.png)
លោក ណារុង ពលរដ្ឋនៅស្រុកបាងរ៉ាក់កាំ និយាយថា ផ្ទះលោកនៅឆ្ងាយពីផ្លូវថ្មីរាប់រយម៉ែត្រត្រូវទឹកលិចជិតដល់ដំបូល ។ លោកពិបាកណាស់ត្រូវមកមើលថែទ្រព្យសម្បត្តិ និងជញ្ជូនរបស់របរចេញពីផ្ទះ ថែមទាំងមានឪពុក-ម្តាយចាស់ជរាទៀត ។ កម្ពស់ទឹកជំនន់នៅតែកើនឡើងរាល់ថ្ងៃ ហើយវានឹងកើនឡើងកាន់តែខ្លាំងជាងនេះ ។
រីឯអ្នកស្រី វាសនា និយាយថា ទឹកជំនន់នៅតែកើនឡើងខ្លាំង រហូតផ្ទះអ្នកស្រីទឹកលិចដល់ដើមទ្រូង ខណៈកាលពីឆ្នាំ២០២៤ ទឹកលិចត្រឹមចង្កេះ ។ វាធ្វើអ្នកស្រី និងពលរដ្ឋក្នុងភូមិពិបាករស់នៅ ចង់ឱ្យស្ថាប័នពាក់ព័ន្ធប្រញាប់រកវិធីជួយដោះស្រាយរយៈពេលវែង គឺធ្វើផ្លូវឱ្យខ្ពស់ជាងទឹកដើម្បីឱ្យពលរដ្ឋងាយស្រួលធ្វើដំណើរចូលផ្ទះ ។.png)
ចំណែកពលរដ្ឋរស់នៅភាគខាងជើងខេត្តពិស្នុលោក ក៏ពិបាកដោយសារទឹកជំនន់ដែរ ដោយសារទឹកហូរពីខេត្តសុខោទ័យមកកាន់ទន្លេយម បណ្តាលឱ្យទឹកទន្លេកើនឡើងខ្ពស់លិចផ្ទះពលរដ្ឋ និងផ្លូវ ពលរដ្ឋនៅទីនេះត្រូវធ្វើដំណើរដោយជិះទូក ។
អភិបាលខេត្តពិស្នុលោក លោក ថាវី សឺមភក្តីគុន បានប្រាប់ឱ្យពលរដ្ឋតាមដានព័ត៌មានអាកាសធាតុ និងប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារទឹកជំនន់ហូរពីតំបន់ព្រៃភ្នំ ក៏ដូចជាត្រៀមខ្លួនការពារដំណាំក្នុងចម្ការ ។ បើតាមឧតុនិយម គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅបណ្តាខេត្តភាគខាងជើងប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំង រួមទាំងខ្យល់ព្យុះ ផ្គររន្ទះ ៕.png)










