ឃើញទង្វើឈ្លានពានរបស់ប្រទេសថៃដែលចិញ្ចឹមចិត្តចង់បានម្តងហើយម្តងទៀតមិនចេះចប់ ព្រះនាង នរោត្តម ចេណ្ណា បង្ហាញព្រះទ័យសោកសៅនិងក្រៀមក្រំយ៉ាងខ្លាំងដែលប្រជាពលរដ្ឋខ្មែរកំពុងរងទុក្ខវេទនា។ ព្រះនាងបានលើកឡើងទៀតថាកើតជាមនុស្ស មិនថាក្នុងប្រទេសណាក៏ស្រលាញ់ប្រទេសរបស់ខ្លួនដែរ ប៉ុន្តែហេតុអ្វីមនុស្សមួយចំនួនមិនអាចរស់នៅដោយស្កប់ស្កល់ចាំបាច់អីដណ្តើមទឹកដីគេ។

នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ព្រះនាង ចេណ្ណា បានផ្ញើសារនៅលើបណ្តាញសង្គមដោយបង្ហាញថា «អារម្មណ៍ខ្ញុំនៅពេលនេះ មានតែការសោកស្តាយ និងក្រៀមក្រំនៅពេលឃើញ ប្រជាជនខ្មែរដ៏កំសត់ កំពុងរងទុក្ខវេទនាពីទង្វើឈ្លានពានរបស់ប្រទេសជិតខាង។ ចំពោះខ្ញុំគ្រាន់តែក្មេងម្នាក់ខ្ញុំមិនយល់ទេថាយើងកើតជាមនុស្សមិនថាក្នុងប្រទេសណាក៏ដោយ ក៏ស្រលាញ់ប្រទេសរបស់ខ្លួនដូចគ្នា ប៉ុន្តែហេតុអ្វីមនុស្ស មួយចំនួនមិនអាចរស់នៅ ដោយសេចក្តីស្កប់ស្កល់បាន? ចាំបាច់ ដណ្តើមទឹកដី គេ ឈ្លានពាននិងបំផ្លាញជីវិតមនុស្សដទៃ ដែលពួកយើងសុំត្រឹមតែមានជីវិតរស់នៅព្រោះពួកយើងគ្រាន់តែចង់មានផ្ទះ មានគ្រួសារ មានសេចក្តីស្រឡាញ់ និងសន្តិភាពប៉ុណ្ណោះ»។

សិល្បការិនីដែលមានសែរាជវង្សបានបន្តទៀតថា «សូមពិភពលោកបានឃើញនូវអំពើឃោរឃៅរំលោភឈ្លានពានយ៉ាងគឃ្លីន របស់ប្រទេសជិតខាង មកលើទឹកដីខ្មែរ ប្រជាជនខ្មែរស្លូតត្រង់។ ខ្ញុំក៏បួងសួង សូមឱ្យពិភពលោក មានតែសេចក្តីស្រឡាញ់ ក្តីមេត្តា ករុណា និងសន្តិភាពតែប៉ុណ្ណោះ»។
គួរបញ្ជាក់ផងដែរថា កាលពីកន្លងមកនេះ ព្រះនាង នរោត្តម ចេណ្ណា បានចេញសារប្រាប់ពិភពលោកចំនួន៤ភាសារួមមាន ភាសាខ្មែរ អង់គ្លេស ចិន និងបារាំង អំពីគោលជំហររបស់ប្រទេសកម្ពុជាគឺចង់បានសន្តិភាព ហើយប្រទេសដ៏តូចមួយនេះមិនទទួលបានផលប្រយោជន៍អ្វីឡើងអំពីជម្លោះព្រំដែនខ្មែរ-ថៃ៕










