ប្រទេសថៃ៖ គ្រោះធម្មជាតិគាបសង្កត់លើថៃកាន់តែធ្ងន់ធ្ងរ ដោយឥទ្ធិពលនៃព្យុះត្រូពិច Kajiki បានគ្របដណ្ដប់លើប្រទេសថៃកាន់តែខ្លាំងឡើង បង្កឲ្យមានទាំងភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នានាំមកនូវទឹកជំនន់ បាក់ដី បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង បណ្ដាលឲ្យមនុស្សរងរបួស បាត់បង់ជីវិត និងបាត់ខ្លួនបានកើនឡើងជាបន្តបន្ទាប់។
.jpg)
យោងតាមសារព័ត៌មាន Khaosod បានឲ្យដឹងថា គិតត្រឹមថ្ងៃទី28 ខែសីហា ឆ្នាំ2025 ចំនួនអ្នកស្លា.ប់ដោយសារការបាក់ដីដែលបានវាយប្រហារនៅតំបន់ Ban Pang Ung ឃុំ Mae Suek ស្រុក Mae Chaem ខេត្ត Chiang Mai បានកើនឡើងដល់ 4 នាក់ ហើយមានមនុស្សចំនួន 5 នាក់ត្រូវបានទឹកជំនន់គួចហូរទៅបាត់និងកំពុងត្រូវបានក្រុមជួយសង្រ្គោះបើកប្រតិបត្តិការស្វែងរក។
ចំណែកចំនួនអ្នករបួសបានកើនឡើងដល់ 15នាក់ ក្នុងនោះប្រុស 9នាក់ ស្រី 6នាក់ ហើយមានជនរងគ្រោះ 2នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកចោមថង ដើម្បីព្យាបាល។ ការរបួសនេះ ភាគច្រើនបណ្ដាលមកពីការបាក់ដីបានកើតឡើងនៅម៉ោង 2 និង 50 នាទីព្រឹកថ្ងៃនេះ ដោយសារឥទ្ធិពលនៃព្យុះត្រូពិច Kajiki ។
ក្រៅពីបំផ្លាញផ្ទះសម្បែង ភូមិដ្ឋាន និងប៉ះពាល់ដល់ជីវិតមនុស្ស ទ្រព្យសម្បត្តិជាច្រើន រួមទាំងរថយន្តរបស់ប្រជាជនក៏ត្រូវបានកម្លាំងទឹកជំនន់ហូរនាំយកទៅបាត់ផងដែរ។ លើសពីនេះ ផ្លូវថ្នល់ជាច្រើនខ្សែក៏ត្រូវបានកាត់ផ្ដាច់ ជាហេតុធ្វើឲ្យមានការកកស្ទះដល់ការធ្វើដំណើរជាខ្លាំង។
ស្របពេលដែលគ្រោះធម្មជាតិ បានគាបសង្កត់លើប្រទេសផ្ទួនៗ មិនទាន់អាចទប់ស្កាត់បានដូច្នេះ លោក Ekawich Meepien អភិបាលខេត្ត Mae Hong Son បានបញ្ជាក់ថា កិច្ចការបន្ទាន់ដែលចាំបាច់ខ្លាំងនៅពេលនេះ គឺការស្វែងរកអ្នកបាត់ខ្លួន និងពន្លឿនការជួសជុល ឬសម្អាតផ្លូវដឹកជញ្ជូនសម្រាប់អ្នកស្រុករងគ្រោះទាំងអស់។
គួរជម្រាបថា ព្យុះដ៏កំណាចដែលកំពុងវា.យប្រហារប្រទេសជិតខាងរួមមានថៃ វៀតណាម ឡាវ និងប្រទេសមួយចំនួនតំបន់អាស៊ាននេះ មានឈ្មោះថា កាជិគី (Kajiki)។ វាជាព្យុះទី13 ក្នុងឆ្នាំ2025 ដែលបានវិវដ្ដទៅជាព្យុះសង្ឃរា នៅតែបន្តជះឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់រហូតដល់ថ្ងៃទី29សីហា។ តែទោះយ៉ាងណា គន្លងផ្លូវដើររបស់ព្យុះសង្ឃរានេះ មិនមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ៕










