ខេត្តសុរិន្ទ៖ រស់នៅថៃតាំងពីតូច សុខៗក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់ ដែលមានម្តាយជាជនជាតិខ្មែរ និងឪពុកចុងជាជនជាតិថៃ ត្រូវបានប៉ូលីសខេត្តសុរិន្ទចូលទៅចាប់ខ្លួនដល់ក្នុងសាលារៀន ក្រោយទទួលបានការរាយការណ៍ពីអ្នកភូមិថា គេជាជនប្រវេសន៍ខ្មែរដែលរស់នៅក្នុងប្រទេសថៃខុសច្បាប់។ បច្ចុប្បន្នកុមាររូបនេះកំពុងត្រូវបានឃុំខ្លួនក្នុងបន្ទប់ឃុំឃាំង ដើម្បីរង់ចាំការនិរទេសមកកម្ពុជា។

យោងតាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ប៉ូលិសអន្តោប្រវេសន៍បានចាប់ខ្លួនក្មេងប្រុសខ្មែរអាយុ 13 ឆ្នាំម្នាក់នៅសាលារៀន ខណៈដែលសិស្សានុសិស្សកំពុងគោរពទង់ជាតិ ដើម្បីត្រៀមបញ្ជូនគេមកប្រទេសកម្ពុជាវិញ។ តាមការសាកសួរបានដឹងបន្ថែមថា ក្មេងប្រុសរូបនេះ បានរស់នៅក្នុងប្រទេសថៃតាំងពីតូចមក គេអាចនិយាយភាសាថៃបានស្ទាត់ជំនាញ មិនចេះភាសាខ្មែរឡើយ និងមានកំណត់ត្រាសិក្សាដ៏ល្អជាមួយនឹងពិន្ទុ GPA 4.00។
ទោះជាយ៉ាងណា ភាពសន្ដោសប្រណី និងមនុស្សធម៌គ្មានទេសម្រាប់ប៉ូលីសអន្តោប្រវេសន៍ថៃ ជាពិសេសចំពោះជនជាតិខ្មែរដែលរស់នៅលើទឹកដីថៃ ដោយបន្តាប់ពីនោះភ្លាមៗ ពួកគេបានបញ្ជូនកុមារដែលមិនទាន់យល់ការអ្វីផងនោះទៅមន្ទីរឃុំឃាំងបណ្ដោះអាសន្ន និងត្រៀមបញ្ជូនមកកម្ពុជាវិញជាមួយជនអន្តោប្រវេសន៍ខ្មែរខុសច្បាប់10នាក់ផ្សេងទៀត។
ជាមួយនឹងបញ្ហាខាងលើនេះ លោក Pravit Rojanaphruk អតីតអ្នកកាសែតជើងចាស់ដ៏ល្បីម្នាក់បានលើកឡើងថា៖ គ្នាគ្រាន់តែជាកូនក្មេងម្នាក់ប៉ុណ្ណោះ ហេតុអ្វីបានជាធ្វើឱ្យគាត់រងទុក្ខដោយសារសង្គ្រាមដែលគ្មានអត្ថន័យ បង្កើតឡើងដោយមនុស្សធំនៅប្រទេសថៃ និងកម្ពុជាដូច្នេះ? រដ្ឋាភិបាលថៃគួរធ្វើអន្តរាគមន៍ជាបន្ទាន់ ហើយផ្តល់ការគោរពដល់គាត់ និងម្តាយគាត់ផង។
បន្ថែមពីលើនេះ សមាជិកសភាដែលមកពីគណបក្សប្រជាជនថៃ បានព្រ.មានប៉ូលីសអន្តោប្រវេសន៍ថៃថា ការបញ្ជូនកុមារនេះមកកម្ពុជាវិញ ច្បាស់ជាបំពានលើអនុសញ្ញាស្ដីពីសិទ្ធិកុមារមិនខាន។
.jpg)
គួរជម្រាបថា ពាក់ព័ន្ធនឹងករណីខាងលើនេះ មានមតិរបស់ពលរដ្ឋជាច្រើនបានរិះគន់ចំពោះមន្ត្រីអន្តោប្រវេសន៍ថៃដែលអនុវត្តសកម្មភាពបង្រ្កាបហួសហេតពេកទៅលើអនីតិជន ចំពោះការចូលទៅចាប់ខ្លួនដល់ក្នុងសាលារៀន និងទាំងដែលកុមាររូបនេះកំពុងពាក់ឯកសណ្ឋានកាយរឹទ្ធទៀតផង។
នេះបង្ហាញឲ្យឃើញថា ប្រទេសថៃ មិនថាតែមន្រ្តីរាជការ ឬប្រជាពលរដ្ឋធម្មតានោះទេ គឺមានចិត្តរើសអើងប្រជាជនខ្មែរខ្លាំងណាស់។ ជាក់ស្ដែងការណ៍ដែលអ្នកភូមិនាំគ្នាទៅរាយការណ៍អំពីក្មេងប្រុសខាងលើប្រាប់ទៅកាន់ប៉ូលីស ហើយប៉ូលីសក៏ចុះមកចាប់បញ្ជូនខ្លួនគេទៅឃុំខ្លួនភ្លាមៗដូច្នេះ គឺបញ្ជាក់ពីការប្រើប្រាស់ភាពគុំគួន និងកំហឹងមកធ្វើការ ជាជាងការសួរនាំឲ្យបានច្បាស់លាស់ និងរកដំណោះស្រាយឲ្យបានសមស្រប ដើម្បីឲ្យស័ក្តិសមនឹងការតាំងខ្លួនជាប្រទេសថាស្រលាញ់សន្តិភាព៕










