បន្ទាប់ពីជម្លោះរបស់ខ្លួនជាមួយនឹង ប៉ីប៉ី ឌី ស្ថិតក្នុងផ្លូវវិជ្ជមាន ទីនីន ស្រាប់តែមានបំណងចង់ឱ្យតារាចម្រៀង ជី ដេវីត និង វណ្ណដា ត្រូវគ្នាវិញព្រោះនេះជាពេលវេលាខ្មែររួបរួមគ្នា។ ការលើកឡើងរបស់ ទីនីន មានមតិជាច្រើនគាំទ្រសូម្បីតែលោក ជា វណ្ណារិទ្ធ ក៏បង្ហាញការយល់ស្របដូចគ្នា។
ភាពមិនចុះសម្រុងរវាងតារាចម្រៀង ជី ដេវីត និង វណ្ណដា ល្បីកក្រើកជាច្រើនឆ្នាំមកហើយខណៈហ្វេនៗរបស់អ្នកទាំងពីរជាញឹកញាប់តែងតែប៉ះគ្នានៅលើបណ្តាញសង្គម។ អ្នកគាំទ្រ បានថមថយការឈ្លោះប្រកែកគ្នាបានមួយអន្លើគឺនៅពេល ជី ដេវីត និង វណ្ណដា បានចាប់ដៃគ្នាក្នុងពិធីមង្គលការរបស់ ជា ស្រីនា និង ហេង វិសាល ក្រោមការជួយជ្រោមជ្រែងរបស់ពិធីការិនី ខៀវ សានសាណា។ ទោះយ៉ាងណា ភាពរកាំរកូសបានចាប់ផ្តើមផ្ទុះកក្រើកឡើងវិញនៅពេលចម្រៀងខ្លីរបស់ វណ្ណដា មិនទាន់ចេញជាផ្លូវការចែកចាយនៅលើបណ្តាញ ខណៈ ជី ដេវីត ចេញចម្រៀង Diss Track ទៅកាន់ វណ្ណដា ចំនួន២បទ។
ទោះបីជាមានភាពរកាំរកូសគ្នាអូសបន្លាយជាច្រើនឆ្នាំប៉ុន្តែនៅពេលប្រទេសខ្មែរនិងថៃមានជម្លោះព្រំដែនអ្នកគាំទ្រគឺពិតជាចង់ឃើញអ្នកទាំងពីរសហការជាមួយគ្នាណាស់។ យ៉ាងណាដ្បិតតែមិនបានចាប់ដៃគ្នាក្តីប៉ុន្តែ វណ្ណដា និង ជី ដេវីត គឺបានប្រើទេពកោសល្យនិងសំឡេងរៀងៗខ្លួនបញ្ជាក់ពីការពិតរបស់ប្រទេសកម្ពុជាដែលរងការឈ្លានពានពីថៃមុនហើយប្រទេសកម្ពុជាគ្មានបំណងអ្វីក្រៅពីចង់បានសន្តិភាពឡើយ។

យ៉ាងណាមិញសំឡេងថ្មីមួយទៀតកំពុងធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍គឺនៅពេល ទីនីន ដែលជាមិត្តភក្តិរបស់ វណ្ណដា បានបង្ហោះសំណេរមួយស្របពេលនាងនិងប៉ីប៉ី ឌី ធ្លាប់មានបញ្ហាជាមួយគ្នាតាំងពីឆ្នាំ២០១៧ វិលមកផ្សះផ្សាជានាគ្នាវិញក្នុងរូបភាពវិជ្ជមាន។ កាលពីថ្ងៃទី២៤ សីហា ទីនីន បានបង្ហោះសំណេរមួយថា «បងឌីនិងទីនីន
បើកចិត្តជាមួយគ្នាហើយ ចង់ឃើញបងវីតជាមួយ ដា ម្តង»។ ទីនីន ក៏បានបន្ថែមនៅក្នុងខម្មិនថា «នេះជាពេលវេលាខ្មែររួបរួមគ្នា»។
សំណេរខ្លីខ្លឹមរបស់ ទីនីន បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនខណៈមានមតិជាច្រើនបានបង្ហាញការយល់ស្របគឺពួកគេពិតជាចង់ឃើញ តារាចម្រៀងល្បីឈ្មោះទាំងពីររូបត្រូវគ្នាវិញសូម្បីពិធីករល្បីឈ្មោះលោក ជា វណ្ណារិទ្ធ ក៏ចង់ឃើញដូចគ្នា។ ប្រសិនជាជម្លោះរបស់តារាល្បីទាំងពីរដួងនឹងដោះស្រាយគ្នាពិតមែន វានឹងក្លាយជារឿងដ៏ល្អក្នុងអាជីពសិល្បៈនិងជាភាពគំរូរបស់សិល្បករមកកាន់អ្នកគាំទ្រផងដែរ។ 
មិនត្រឹមតែ ទីនីន និង ប៉ីប៉ី ឌី ដែលជាបុគ្គលមានឥទ្ធិពលអាចដោះស្រាយជម្លោះគ្នាបានប៉ុណ្ណោះទេ ជាក់ស្តែងដូចជាអ្នកនាង ម៉េង កែវពេជ្ជតា និងតារាសម្តែង ចង ច័ន្ទលក្ខិណា ជាដើមដែលមានជម្លោះរុំារៃច្រើនឆ្នាំក៏អាចដោះស្រាយគ្នាប្រកបសន្តិវិធីបានដូចគ្នាក្រោមការជ្រោមជ្រែងពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន៕










