ការផ្សព្វផ្សាយព័ត៌មានបែបប្រឌិតទាក់ទងនឹងមូលហេតុនៃការស្លាប់របស់ដំរី ឡាក់គី នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ គឺមិនទទួលបានប្រយោជន៍អ្វីទាំងអស់ ក្រៅតែផ្តល់នូវភាពអយុត្តិធម៌សម្រាប់ក្រុមពេទ្យសត្វ ដែលបានប្រឹងប្រែងធ្វើការងារសង្គ្រោះសត្វប៉ុណ្ណោះ។
អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ បានថ្លែងអះអាងនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នេះថា ការផ្សព្វផ្សាយព័ត៌មានរបស់គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ IBoi ទាក់ទងនឹងមូលហេតុនៃការស្លាប់របស់ដំរី ឡាក់គី គឺជារឿងមិនពិត។ 
ជាការផ្សព្វផ្សាយព័ត៌មានប្រាសចាកការពិត ព្រោះបើទោះបីជាដំរីឈឺចំថ្ងៃសោរ៍-អាទិត្យ ក៏ក្រុមពេទ្យសត្វនៅបន្តធ្វើការ ជួយខ្នះខ្នែងព្យាបាលជំងឺរបស់ ឡាក់គី ដូចថ្ងៃធម្មតាដដែលទេ។ ដូចនេះការផ្សព្វផ្សាយព័ត៌មានបែបបំភ្លើសអំពីមូលហេតុនៃការស្លាប់របស់ ឡាក់គី គឺជារឿងអយុត្តិធម៌ណាស់សម្រាប់ក្រុមពេទ្យសត្វនៅសួនសត្វភ្នំតាម៉ៅ។ ឯកឧត្តមបញ្ជាក់ថា ពេទ្យសត្វបានខិតខំប្រឹងប្រែងសង្គ្រោះជីវិត ឡាក់គី ទាំងយប់ទាំងថ្ងៃ ដោយមិនដែលគិតពីថ្ងៃសម្រាកឡើយ។ 
ឯកឧត្តម ឃឹម ហ្វីណង់ បានរៀបរាប់បន្ថែមថា៖ «ចាប់តាំងពីទទួលបានដំណឹងថាឡាក់គី ចាប់ផ្តើមឈឺ និងបាត់បង់ចំណង់អាហារភ្លាមៗ ក្រុមការងាររបស់យើងបានចុះជួយអន្តរាគមន៍ភ្លាមៗ ដែលក្នុងនោះក៏មានវត្តមានលោក ស៊ី ថេង នៅជាមួយរហូតផងដែរ។ ខ្លឹមសារដើមនៅលើគណនី Wildlife Care គ្រាន់តែជាការបង្ហាញពីអារម្មណ៍សោកសៅមួយប៉ុណ្ណោះ ហើយពាក្យថា «ស្លាប់ដោយសារ…» គឺជាពាក្យដែលគណនី IBoi ប្រឌិតដោយខ្លួនឯងទេ»។ 
មានតែលទ្ធផលនៃកោសល្យវិច័យមួយគត់ ទើបអាចបញ្ជាក់ពីមូលហេតុពិតប្រាកដនៃជំងឺរបស់ ឡាក់គី បាន។ ឯកឧត្តម បានស្នើឲ្យសាធារណៈជនទូទៅបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបែបបន្ថែមបន្ថយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងការស្លាប់របស់ ឡាក់គី ។ ការផ្សព្វផ្សាយព័ត៌មានប្រាសចាកការពិត នឹងនាំឱ្យមានការសន្និដ្ឋានខុស និងបង្ករឲ្យមានការយល់ច្រឡំបន្តទៀត។ ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ដំរីវ័យ ២៦ឆ្នាំ ឈ្មោះឡាក់គី បានស្លាប់ក្រោយធ្លាក់ខ្លួនឈឺបានត្រឹម បីថ្ងៃ ប៉ុណ្ណោះ។

ពោល គឺ ឡាក់គី បានធ្លាក់ខ្លួនឈឺពីថ្ងៃទី២២ សីហា ហើយបានស្លាប់នាថ្ងៃទី២៤ សីហា ឆ្នាំ២០២៥។ ដោយឡែក លោក ទ្រី ស៊ីថេង ជាហ្មដែលមើលថែដំរី ឡាក់គី តាំងពីតូចក្នុងអំឡុងពេល ២៦ ឆ្នាំកន្លងមកនេះ បានត្រឹមបង្ហាញសំណេរឈឺចិត្ត ចំពោះការស្លាប់របស់ដំរីក្នុងពេលដ៏ខ្លីប៉ុណ្ណោះ។ សំណេរអមនឹងវីដេអូសកម្មភាពរបស់ឡាក់គី នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ លោក ស៊ីថេងថា៖ «ឡាក់គី! ហេតុអីកូនឈឺស្លាប់លឿនម្លេះ??»៕










