ប្រទេសថៃ ៖ សារព័ត៌មាន Thairath រាយការណ៍កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ថា លោក ផៃ លិក ប្រធានសមាគមកីឡាប្រដាល់ថៃបានជំរុញឱ្យប្រើប្រាស់ឈ្មោះ Muay Thai ក្នុងកីឡាស៊ីហ្គេមលើកទី៣៣ ប្រចាំឆ្នាំ២០២៥ ពុំចាំបាច់ខ្លាចចិត្តកម្ពុជា ។ លោកថែមទាំងចោទប្រកាន់កម្ពុជាយកកីឡាប្រដាល់ថៃធ្វើជារបស់ខ្លួន ហើយលោកណែនាំឱ្យថៃប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ ។
.jpg)
កាលពីថ្ងៃទី២៣ ខែសីហា លោក ផៃ លិក ប្រធានសមាគមកីឡាប្រដាល់ថៃ និងជាសមាជិកសភាខេត្តកំផែងពេជ្រ មកពីគណបក្សក្លាថាំ បាននិយាយពីការស្នើដាក់ឈ្មោះថា «Muay» ជំនួសពាក្យ «Muay Thai» ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះថា លោកសូមអំពាវនាវទៅអ្នករៀបចំការប្រកួតកីឡាស៊ីហ្គេមគួរដាក់ឈ្មោះ «Muay Thai»ពុំចាំបាច់ខ្លាចចិត្តកម្ពុជា ពីព្រោះថៃធ្លាប់ប្រើប្រាស់ឈ្មោះនេះក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី២៧-៣១ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២២ ។.jpg)
លោកថា ប្រទេសថៃធ្លាប់ដាក់ឈ្មោះ Muay Thai ក្នុងការប្រកួតកីឡាស៊ីហ្គេមរហូតមក ប៉ុន្តែកាលពីឆ្នាំ២០២៣ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម លើកទី៣២ កម្ពុជាក៏ប្តូរឈ្មោះពី Muay Thai ទៅជាគុនខ្មែរ និងអះអាងថា គុនខ្មែរជាដើមកំណើតរបស់ Muay Thai ។
លោកបន្តថា ការប្រកួតកីឡាស៊ីហ្គេមកន្លងមក ថៃត្រូវបានកម្ពុជាប្តូរឈ្មោះការប្រកួតកីឡាស៊ីហ្គេមពី Muay Thai ទៅជាគុនខ្មែរ ដែលថៃចាត់ទុកថា នេះជាការបំភ្លៃកីឡាថៃយកទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។ Muay Thai គឺជាអត្តសញ្ញាណជាតិថៃ ខណៈគណៈកម្មការអូឡាំពិកអន្តរជាតិ (IOC) ក៏ទទួលស្គាល់កីឡាដែលមានឈ្មោះ Muay Thai រួមទាំងសហព័ន្ធ Muay Thai អន្តរជាតិ (IFMA) ក៏ទទួលស្គាល់ឈ្មោះនេះដែរ ។
ហេតុនេះ ថៃពុំចាំបាច់ខ្លាចចិត្តកម្ពុជាទេ ពីព្រោះ Muay Thai គឺជាកីឡាប្រដាល់អត្តសញ្ញាណជាតិថៃ និងស្ថិតក្នុងគម្រោង Soft Power ដែលរដ្ឋាភិបាលថៃកំពុងតែជំរុញដើម្បីផ្សព្វផ្សាយវប្បធម៌ថៃទៅកាន់ពិភពលោក ។ យើងគួរតែប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ កុំឱ្យអ្នកណាមកបំភ្លៃ ឬយកអត្តសញ្ញាណវប្បធម៌ថែបន្តទៀត។ នេះបើតាមការលើកឡើងរបស់លោក ផៃ លិក ប្រធានសមាគមកីឡាប្រដាល់ថៃ ។
គួរបញ្ជាក់ថា ថៃនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងបាងកក ខេត្តឈុនបុរី និងខេត្តសុងក្លា ។ ថ្មីៗនេះ ថៃបានស្នើឱ្យគណៈកម្មការអូឡាំពិកជាតិកម្ពុជាកាត់បន្ថយចំនួនអត្តពលិកចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ មិនលើស២០០នាក់ ដើម្បីសុវត្ថិភាព ដោយសារបារម្ភពីស្ថានការណ៍នយោបាយរវាងប្រទេសទាំងពីរ ៕










