ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Naewna News នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ពុំទុកចិត្តកម្ពុជា ហើយលោកថា ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបច្ចុប្បន្ន គឺ៥០% លើ៥០% ថៃនឹងប្រយុទ្ធបើមានការប៉ះទង្គិចកើតឡើង ។ ថៃត្រៀមខ្លួនចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ហើយសង្ឃឹមភាគីទាំងពីរយល់ពីគ្នាទៅវិញទៅមកដោយការពិភាក្សាគ្នាប្រកាន់យកផលប្រយោជន៍ជាតិជាធំ ។
នៅថ្ងៃទី១៩ ខែសីហា នៅវិទ្យាល័យ National Defence College (NDC) លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ បាននិយាយក្រោយពិធីផ្តល់ជំនួយដល់កងទ័ពរងរបួស រួមទាំងពង្រឹងសន្តិសុខការពារអធិបតេយ្យពីការប៉ះទង្គិចតាមព្រំដែនកម្ពុជា-ថៃថា លោកសប្បាយចិត្តដែលប្រទេសថៃបែបនេះ ពលរដ្ឋថៃពុំបោះបង់គ្នា ។ ហេតុការណ៍ជាច្រើនបានកើតឡើងនៅតាមបណ្តោយព្រំដែនប្រវែងជិត១,០០០គីឡូម៉ែត្រ ហើយកងទ័ពថៃធ្វើបានល្អ ។ យើងការពារយ៉ាងរឹងមាំគ្រប់តំបន់ ប៉ុន្តែកងទ័ពអាចរងរបួសក្នុងការប្រយុទ្ធខ្លះ ។
លោកបន្តថា ព្រះមហាក្សត្រថៃព្រួយបារម្ភពីកងទ័ពគ្រប់រូបដែលរងផលប៉ះពាល់ដោយសារការប៉ះទង្គិច ហើយព្រះមហាក្សត្រថៃបានឧបត្ថម្ភកងទ័ពរងរបួសទាំងអស់ ។ ក្រៅពីនេះ លោកនឹងយករបស់របរដែលគ្រប់គ្នាបរិច្ចាគទៅប្រគល់ឱ្យកងទ័ពនៅព្រំដែន ពេលខ្លះ ថវិការបស់កងទ័ព និងថវិការដ្ឋាភិបាលដែលប្រគល់ឱ្យកងទ័ពគ្រប់គ្រាន់ហើយ ប៉ុន្តែរបស់ខ្លះត្រូវការបន្ទាន់ និងពុំអាចទទួលបានទាន់ពេលវេលា ។
ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបច្ចុប្បន្ន គឺ៥០% លើ៥០% គឺយើងពុំអាចទុកចិត្តកម្ពុជាបានទេ ។ ពេលនេះ មេបញ្ជាការបានចុះទៅសួរសុខទុក្ខកងទ័ពជាបន្តបន្ទាប់ដោយសារការបារម្ភ ហើយកងទ័ពបានត្រៀមខ្លួនប្រយុទ្ធរួចហើយបើមានហេតុការណ៍ប៉ះទង្គិចគ្នាម្តងទៀត ក៏ដូចជាការជជែកបែបមិត្តភាព ។ ដូច្នេះ សូមពលរដ្ឋទាំងអស់សប្បាយចិត្តជាមួយការបំពេញភារកិច្ចរបស់កងទ័ព ។
លោកសង្ឃឹមថា ស្ថានការណ៍ជម្លោះនឹងបញ្ចប់យ៉ាងឆាប់រហ័ស ហើយនៅចុងខែសីហានេះ លោកនឹងចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ជាមួយកម្ពុជាដើម្បីយល់ពីគ្នា ។ បន្ទាប់មក ភាគីទាំងពីរនឹងចូលរួមប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ម្តងទៀត ហើយលោកសង្ឃឹមថា ការជជែកនឹងផ្អែកលើផលប្រយោជន៍ជាតិជាធំ ។
ចំណែកកម្ពុជាស្នើឱ្យភាគីថៃគោរពបទឈប់បាញ់តាមការសន្យារបស់ខ្លួន និងបញ្ឈប់សកម្មភាពឈ្លានពានរំលោភលើទឹកដីកម្ពុជាជាបន្ទាន់ ពីព្រោះកម្ពុជា និងថៃ សុទ្ធតែជាសមាជិកអាស៊ានដូចគ្នា ។ ប្រទេសនានាលើពិភពលោក កំពុងសង្កេតមើលសកម្មភាពរបស់ថៃ ជាពិសេស មហាអំណាចអាមេរិក បើថៃអនុវត្តខុសបទឈប់បាញ់ តើថៃនឹងដោះសាជាមួយអាមេរិកដូចម្តេច?










