កំពង់ធំ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយបានប្រទះឃើញបដិមាមួយអង្គ ផុសចេញពីដីកំឡុងពេលដែលពួកគាត់កំពុងកាយដីធ្វើប្រឡាយ។ ហេតុការណ៍នេះបានជំរុញឲ្យមានពលរដ្ឋជាច្រើនជឿថា អាចជាប្រផ្នូលល្អសម្រាប់ប្រទេសជាតិ ខណៈបដិមាអង្គនេះត្រូវបានគេស្គាល់ថាជារូបតំណាង «ព្រះពោធិសត្វ»។

តាមប្រភពរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីថ្ងៃទី14 ខែសីហា នេះប្រជាពលរដ្ឋនៅភូមិពង្រ ឃុំកកោះ ស្រុកសន្ទុក ខេត្ដកំពង់ធំ បានកាយដីប៉ះរូបបដិមាមួយអង្គ ទម្ងន់ប្រហែល20គីឡូក្រាម មានព្រះកាយពណ៌ខៀវ និងមានព្រះភ័ក្រញញឹម ប៉ុន្តែមិនទាន់ដឹងច្បាស់ពីប្រភពថាបដិមានេះ គឺជារូបដែលទើបសូនថ្មី ឬជាវត្ថុបុរាណនៅឡើយទេ។

ក្រោយមក បើតាមការលើកឡើងរបស់ផេកមួយដែលមានឈ្មោះថា «វប្បធម៌ខ្មែរ» បានឲ្យដឹងថា៖ រូបនេះគឺជាព្រះពុទ្ធបដិមា ព្រះពោធិ៍សាត់លោកកេស្វរៈ សាងឡើងអំពីសំរិទ្ធ នៅសតវត្សទី១០ (រចនាបទកោះកេរ?) និងអាយុកាលជាង១០០០ឆ្នាំ ងើបចេញពីព្រះធរណី នៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នេះ ។ ចំណែកបើតាមផេក «បុរាណាចារ្យ» បានឲ្យដឹងដែរថា រចនាបថបដិមាព្រះពោធិសត្វអង្គនេះ ទំនងជាស្ថិតនៅក្នុងសម័យអង្គរ។
គួរជម្រាបផងដែរថា បច្ចុប្បន្នរូបបដិមានេះ ត្រូវបានប្រគល់ឲ្យអាជ្ញាធរមូលដ្ឋានដើម្បីយកមករក្សាទុក និងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរខេត្តកំពង់ធំ ដោយសុវត្ថិភាព។
ជាមួយនឹងការបំផុសខ្លួនចេញពីធរណីឲ្យបានឃើញនេះ ប្រជាពលរដ្ឋខ្មែរមានជំនឿថា នេះច្បាស់ជាប្រផ្នូលសុខសប្បាយ ត្រជាក់ត្រជុំសម្រាប់មហានគរ ដោយសារព្រះពោធិសត្វ ព្រះភ័ក្រ្តញញឹមអង្គនេះ គឺប្រៀបបានជាតំណាងឲនៃដួងព្រលឹងដូនតាខ្មែរ ដែលរួមមានទាំងបរមីអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ លោកមេទ័ពល្បីល្បាញទាំងឡាយ នឹងតាមជួយថែរក្សា ប្រោសព្រំ ប្រសិទ្ធពរជ័យ ដល់កងទ័ពឈាមអង្គរ នៃព្រះរាជាណាចក្រកម្ពុជា ឲ្យមានមានសុវត្ថិភាព និងជោគជ័យលើពួកចោរឈ្លានពាន៕










