ការប្រកាសហោះហើរសាកល្បងនូវប្រភេទយន្តហោះ A320 នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ គឺជាការហោះហើរសាកល្បងលើកចុងក្រោយគេបង្អស់ហើយ របស់អាកាសយានដ្ឋានអន្តរជាតិតេជោ។ បើគ្មានអ្វីប្រែប្រួលទេ ព្រលានយន្តហោះខ្នាតអន្តរជាតិរបស់ខ្មែរមួយនេះនឹងត្រូវបើកដំណើរការជាផ្លូវការនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។

រហូតបច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល បានបញ្ចប់ការសាងសង់ ១០០% ហើយ។ អាកាសយានដ្ឋានថ្មីនេះ ជាព្រលានយន្តហោះលំដាប់ 4F ដែលយន្តខ្នាតធំអាចចុះចតបាន។ ក្នុងដំណាក់កាលទី១ ព្រលាននេះអាចទទួលបានអ្នកដំណើររហូតដល់ ១៣លាននាក់ នៅក្នុង១ឆ្នាំ ដោយទទួលការចុះចតបានទាំងប្រភេទយន្តហោះឆ្លងទ្វីប Airbus A380 និងប្រភេទ Boeing 747 ជាដើម។

ដោយឡែកយន្តហោះ A320 ដែលប្រើដើម្បីបើកបរសាកល្បងក្នុងដំណាក់ការចុងក្រោយនេះ ជាប្រភេទយន្តហោះខ្នាតមធ្យម ដែលដឹកអ្នកដំណើរបានជាង ១០០នាក់។ A320 ជាប្រភេទយន្តហោះពានិជ្ជកម្ម ដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនជាច្រើន មានដូចជា Qatar Airways, AirAsia, American Airlines និង Lufthansa ជាដើម។ 
បញ្ជាក់បន្ថែមអំពីបញ្ហានេះ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានអះអាងថា ការហោះហើរសាកល្បងចុងក្រោយ ផ្អែកលើបំណងសំខាន់ ត្រួតពិនិត្យរាល់ឧបករណ៍បច្ចេកទេសទាំងអស់ដែលគាំទ្រដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត4F ។ 
បើតាមការបញ្ជាក់របស់នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានមានប្រសាសន៍ថា កន្លងមកអាកាសយានដ្ឋានអន្តរជាតិតេជោ ធ្លាប់បានធ្វើតេស្ដសាកល្បងចំនួន ២លើក រួចមកហើយ។ ជាការហោះហើរដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដែលមានការទទួលស្គាល់ និងចេញអាជ្ញាបណ្ណពីអាកាសចរស៊ីវិលផងដែរ។ .jpg)
អ្នកឧកញ៉ា បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនហោះហើរ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក៏បានត្រៀមរៀបចំរួចរាល់ហើយដែរ ក្នុងការផ្ទេរមកអាកាសយានដ្ឋានអន្តរជាតិតេជោ។ 
សូមរម្លឹកថា ទោះព្រលានយន្តហោះថ្មីនេះប្រកាសដាក់ឱ្យដំណើរការនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តែពិធីសម្ភោធជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋាននេះ ត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល ដោយការវិនិយោគសម្រាប់ដំណាក់កាលទី១ ប្រើប្រាស់ថវិកាអស់ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះឡើយ៕










